បាត់ដំបង ៖ កម្លាំងការិយាល័យស្រាវជ្រាវនិងបង្រ្កាបអំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឃាត់ត្រួតពិនិត្យរថយន្តម៉ាក LEXUS ១គ្រឿង ខណៈកំពុងដឹកជញ្ជូនជ្រូកក្លាសេចំនួន ១១០ក្បាល ទម្ងន់ប្រមាណ៨៨០គីឡូក្រាមកាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្រ្តស្រុកថ្មគោល ខេត្តបាត់ដំបង បន្ទាប់ពីក្រុមឈ្មួញបានដឹកចេញពីតំបន់ព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយមានការសង្ស័យលើគុណភាពនៃទំនិញទាំងនេះ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ មន្រ្តីគយនិងរដ្ឋាករបានស្នើកិច្ចសហការពីមន្រ្តីនៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តបាត់ដំបង (ក.ប.ប) ដើម្បីធ្វើការពិនិត្យរកសារធាតុគីមីហាមឃាត់ និងពិនិត្យដោយវាស់សីតុណ្ហភាពប្រើឧបករណ៍Testo ជាលទ្ធផល ពុំមានសារធាតុគីមីហាមឃាត់ឡើយ តែសម្រាប់សីតុណ្ហភាពគឺមានកម្រិតពី ៨ ទៅ ១០,៥អង្សាសេតែប៉ុណ្ណោះ ដូច្នេះការដឹកជញ្ជូនជ្រូកក្លាសេទាំងនេះមិនត្រឹមត្រូវតាមស្តង់ដា ខុសពីលក្ខខណ្ឌតម្រូវក្នុងការដឹកជញ្ជូន និងលក្ខណៈអនាម័យ សម្រាប់មនុស្សបរិភោគ។
ក្រោយពីបានរកឃើញភាពមិនអនុលោមខាងលើ ព្រមទាំងមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង មន្ត្រីជំនាញបានសហការជាមួយមន្ត្រីគយនិងរដ្ឋាករ ដោយមានការដឹកនាំពីលោកព្រះរាជអាជ្ញារង ទុត វីនីត បានធ្វើការដុតកម្ទេចចោលនូវជ្រូកក្លាសេខាងលើភ្លាមៗនៅទីលានចាក់សំរាមក្នុងស្រុកសង្កែ៕ ដោយ៖ ភ្នំខៀវ