(ក្រុងប៉ោយប៉ែត)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ប៉ុនប៉ងសម្កាប់លើដៃគូជំនួញរួមគ្នា តែសំណាងល្អប្រពន្ធឃើញទាន់ ហៅគេឱ្យជួយ និងប្តឹងទៅសម្ថកិច្ច កាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។
យោងតាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ ស្រ៊ុន សៀវហេង អាយុ២៨ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង នៅក្រុងប៉ោយប៉ែត បានឱ្យដឹងថា ស្ថិតនៅទីតាំងមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត កាលពីយប់រំលងអធ្រាត្រ ម៉ោង១២ និង៤០នាទី ចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ រីឯជនសង្ស័យឈ្មោះ គួត ថាវី ដែលជាដៃគូរកស៊ីជាមួយគ្នា បន្ទាប់ពីជុំគ្នាសម្តែងនូវភាពស្និតស្នាល មិនបានប៉ុន្មានផងស្រាប់តែជនសង្ស័យ ធ្វើសកម្មភាពប៉ុនប៉ងស្លាប់ដៃគូ ខណៈដែលជនរង្រោះដើរចូលបន្ទប់ទឹក សា្រប់តែជននេះចូលមកតាមដែរហើយខ្ទាស់គន្លឹសទ្វាបន្ទប់ទឹក វាយផ្ដួលយ៉ាងកម្រោលមកលើខ្លួន រហូតដួលដល់ការ៉ូហើយ ក៏នៅតែវាយផ្នែកក្បាល និងយកដៃរឹតករជាប់រហូតដល់ខ្លួនសន្លប់លែងដឹងអី ហើយពេលដឹងខ្លួន នៅមន្ទីរពេទ្យ ដៃជាប់សឺរ៉ូប និងដាក់អុកស៊ីសែន ក្នុងស្ថានភាពរបួសពេញក្បាល ។
ដោយឡែកបើតាមប្រពន្ធជនរងគ្រោះ ដែលអ្នកឃើញហេតុការផ្ទាល់ភ្នែក និងបានស្រែកឱ្យគេជួយ បានឱ្យដឹងថា បើមិនមានខ្លួននៅទីនោះទេ ប្តីរបស់ខ្លួននឹងស្លាប់ដោយសារជនបង្ក បានរឹតករជាប់មិនព្រមលែង តែដោយសារបានគេមកជួយ ធាក់ទ្វាបន្ទប់ទឹកចូលទៅសង្គ្រោះទាន់ពេលវេលា ។ បន្ទាប់ពីត្រូវគេមកជួយ ជនបង្កមិនបានទៅណា បែរជាវាយមុខខ្លួនឯងឱ្យឈាមច្រមុះ ហើយទើបដើរទៅបាត់ ។ លុះព្រឹកឡើងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនជនបង្កតែម្តង ។
ជនរងគ្រោះ បានបញ្ជាក់ថា ជនបង្កខាងលើជាដៃគូរកស៊ីជាមួយគ្នា និងតែងប្រើល្បិចកិច្ចកល់ គ្រប់យ៉ាងដើម្បីកេងប្រវ័ញ្ចលុយក្រុមហ៊ុន និងធ្លាប់បានគម្រាមថា “បើមានឯង អត់អញ” ។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ចំណែកជនបង្កត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕