ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូចិនដឹកនាំដោយលោក ZHANG WEIMIN អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Wuxi Capital Group Co,Ltd ដើម្បីស្វែងយល់ពីស្ថានភាពអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ។
គោលបំណងនៃការអញ្ជើញរបស់គណៈប្រតិភូ មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីស្ថានភាព សេដ្ឋកិច្ច សក្តានុពលរបស់ខេត្ត និងជាពិសេសតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ។
លោក អភិបាលរងខេត្តព្រះសីហនុ បានធ្វើគារវកិច្ចស្វាគមន៍ ប្រកបដោយក្តីសោមនស្សរីករាយ ទទួលគណៈប្រតិភូដែលបានអញ្ជើញមក និងបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់ប្រកបដោយសុខុដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ហើយក្នុងនោះមានជនជាតិចិនដែលលេចធ្លោជាងគេ។
ក្នុងជំនួបនេះ លោកអភិបាលរងបានជម្រាបជូនគណៈប្រតិភូអំពី ភាពខ្លាំងរបស់ខេត្តព្រះសីហនុ ដែលមានផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុឆ្នាំ២០២៤។
ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ, មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។
ឆ្លៀតក្នុងឱកាសនោះលោកអភិបាលរងបានសង្កត់ធ្ងន់ថា ខេត្តព្រះសីហនុ ជាខេត្តដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ហើយឆ្នាំ២០២៤នេះជា ពេលវេលាដ៏ល្អបំផុតសម្រាប់ការបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តព្រះសីហនុ។
លោកអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Wuxi Capital Group Co,Ltd បានលើកឡើងថា ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ និងជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន នេះជាការឆ្លនេះជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អរវាងប្រជាជននៃប្រទេសទាំង២។
បើតាមការសង្កេតរបស់លោក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនខ្លាំង។ ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានស្វែងយល់ពីគោលនយោបាយវិនិយោគនៅកម្ពុជាជាពិសេសការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថាក្រុមហ៊ុនរបស់ប្រទេសចិនមានគម្រោងសហការជាមួយក្រុមហ៊ុន Wuxi វិនិយោគនៅខេត្តព្រះសីហនុ ដោយសម្លឹងឃើញភាពទាក់ទាញរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានដូចជា៖
ទី១.ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា
ទី២.ជាសមិទ្ធផល នៃចំណងមិត្តភាព សាមគ្គីភាពកម្ពុជា-ចិន
ទី៣.តំបន់សេដ្ឋកិច្ចពិសេសមានលទ្ធផលផ្លែផ្កា និង
ទី៤. កាលានុវត្តភាពយ៉ាងខ្លាំងក្នុងការវិនិយោគ និងដឹកជញ្ជូន។
គួរបញ្ជាក់ថា ទីក្រុង Wuxi បានចងសម្ព័ន្ធភាពជាមួយក្រុងព្រះសីហនុ ហើយកាន់តែពិសេសជាងនេះទៀត ខេត្តជាំងស៊ូក៏បានចងសម្ព័ន្ធភាពជាមួយខេត្តព្រះសីហនុផ្តោតលើវិស័យអប់រំ សុខា ភិបាល និងវប្បធម៌។