
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បន្ទាប់ពីមានការបាក់ទំនប់អាងទឹកអូខៃដន ហូរកាត់ផ្លូវជាតិលេខ៥ អាជ្ញាធរបានសម្រេចផ្អាកចរាចរណ៍ លើផ្លូវនេះនៅចំណុចមុខផ្លូវ៣០ ជាបណ្តោះអាសន្នសិន ក្រោយពីមានទឹកហូរខ្លាំង ខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា កម្លាំងទឹកដែលបាក់នៅទំនប់អូខៃដន ត្រង់ចំណុចខាងលើនេះ មានទឹកហូរខ្លាំងមិនអាចឲ្យប្រជាពលរដ្ឋ បើករថយន្តធ្វើដំណើរឆ្លងកាត់ឡើយ។
លោកបញ្ជាក់ថា នៅពេលនេះកម្លាំងមូលដ្ឋាន ក៏ដូចជាកម្លាំងសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ក៏បានមកជួបជុំគ្នា ដើម្បីជួយស្រង់ និងជួយសម្រួលប្រជាពលរដ្ឋ ដែលឆ្លងកាត់នៅតំបន់នេះ ដោយមិនអនុញ្ញាតឲ្យមានរថយន្តឆ្លងកាត់ឡើយ គឺសម្រាប់តែរថយន្តបើកបររបស់កងកម្លាំង និងដឹកប្រជាពលរដ្ឋឆ្លងកាត់ប៉ុណ្ណោះ។ លោកបានអំពាវនាវ ឲ្យប្រជាពលរដ្ឋផ្អាកធ្វើដំណើរចរាចរណ៍ នៅតំបន់នេះសិន ព្រោះទឹកកំពុងហូរខ្លាំង ដែលអាចបង្កអោយរថយន្ត ឬម៉ូតូនឹងបណ្ដាលឱ្យមានគ្រោះថ្នាក់កើតឡើង។
គួរបញ្ជាក់ថា កម្លាំងទឹកដែលហូរសុ្រងមកពីប្រទេសថៃ កំពុងតែមានការកើនឡើងមិនមានការស្រកនោះទេ ទើបធ្វើឲ្យទំនប់អូខៃដនទប់មិនជាប់។ ទំនប់នេះ គឺស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហើយបានបាក់នៅព្រឹក ថ្ងៃទី២០ ខែតុលានេះ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ