More

    សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យអ្នកសារព័ត៌មាន គោរពក្រមសីលធម៌វិជ្ជាជីវៈ ផ្សាយព័ត៌មានពិតគ្រប់ជ្រុងជ្រោយ បើខុសត្រូវហ៊ានកែតម្រូវ

    spot_img

    (ភ្នំពេញ)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានថ្លែងលើកទឹកចិត្ត ឲ្យអ្នកសារព័ត៌មានទាំងអស់ គោរពក្រមសីលធម៌វិជ្ជាជីវៈ ផ្សាយព័ត៌មានពិតគ្រប់ជ្រុងជ្រោយ បើខុសត្រូវហ៊ានកែតម្រូវ។
    ការថ្លែងលើកទឹកចិត្ដបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ។
    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអរគុណដល់បងប្អូនសារព័ត៌មានយើង ដែលខិតខំចែករំលែកព័ត៌មានលឿន ប៉ុន្ដែធ្វើយ៉ាងម៉េច ឲ្យបានគ្រប់ជ្រុងជ្រោយ ហើយបើសិនជាខុស សុំកែសម្រួល ដែលនេះជាកាតព្វកិច្ចវិជ្ជាជីវៈ»។
    ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនខ្លាចព័ត៌មានអវិជ្ជមាននោះឡើយ។ ព័ត៌មានអវិជ្ជមាននេះហើយ បានជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលដោះស្រាយ។
    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យសិទ្ធិសេរីភាព ត្រូវមានក្រមសីលធម៌ និងការទទួលខុសត្រូវ ទើបយើងទទួលបានសុខទាំងអស់គ្នា។
    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន បើផ្សព្វផ្សាយព័ត៌មានមិនពិត គឺនឹងធ្វើឲ្យអ្នកផ្សេងទៀតប៉ះពាល់ និងរំលោភសិទ្ធអ្នកដទៃ ជាពិសេសព្រមទាំងបានរំលោភសិទ្ធិប្រជាពលរដ្ឋ នៅក្នុងការទទួលនូវព័ត៌មានពិតពីអនាគតជាតិ។
    ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ដាំផ្ញើដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមកុំយករូបភាព និងប្រភពព័ត៌មានណា ដែលមិនមានអត្ដសញ្ញាណត្រឹមត្រូវ មកផ្សព្វផ្សាយជាសាធារណៈ ជូនដល់ប្រជាពលរដ្ឋផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img