
ភ្នំពេញ៖ ស្ត្រីម្នាក់បានកៀបជាប់ក្នុងរថយន្ត ស្លាប់យ៉ាងអាណោចអាធម៌ ចំណែកបុរសម្នាក់ទៀតមិនមានរងរបួសនោះទេ បន្ទាប់ពីបើករថយន្ត toyota prius មួយគ្រឿង ជ្រុលទៅបុកគូទរថយន្តទ្រុងធុនធំ ដែលបើករយ៉ែថយក្រោយ ចេញពីការ៉ាស់សាំងបណ្តាលឲ្យកៀបជាប់រថយន្ត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង ១០ នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០នេះ នៅខាងជើងផ្សារព្រែកព្នៅ ប្រមាណជិត២០០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តទ្រុងធំមួយគ្រឿង ក្បាលពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ3F-0555 ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ស្ដាំដៃចូលទៅការ៉ាស់សាំង តេលា រួចក៏បានរយ៉ែររថយន្ត ថយក្រោយវិញ ខណះនោះក៍ឃើញបុរសម្នាក់ រួមដំណើរនឹងស្ត្រីម្នាក់ បើករថយន្ត toyota prius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AY-6657ធ្វើដំណើរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ បុកទ្រុងរថយន្តពីក្រោយខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់ នៅក្នុងរថយន្តយ៉ាងអាណោចអាធ័ម ចំណែករថយន្តរងការខូចខាត មួយចំហៀងខាងស្ដាំស្ទើរទាំងស្រុង។
ភ្លាមៗនោះតែកុងរថយន្តធុនធំ ឃើញសភាពមិនស្រួលបានគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់។ស្រាប់តែមួយសន្ទុះក្រោយមក ក៏ឃើញមានអ្នកតំណាងរថយន្តធុនធំ ចុះមកដល់កន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់បានទំនាក់ទំនងសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពីក្រោយ។ ដោយឡែកសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអទ្ថបទ៖ ស៊ីន កុសល