More

    ឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំប្រតិភូខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ឃុនលីន អភិបាលខេត្តជាំងស៊ូ

    spot_img

    រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រតិភូខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ឃុនលីន អភិបាលខេត្តជាំងស៊ូ។

    ឯកឧត្តម ស៊ី ឃុនលីន អភិបាលខេត្តជាំងស៊ូ បានថ្លែងការស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូខេត្តព្រះសីហនុទាំងអស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្ត ជាំង ស៊ូ នាពេលនេះ។

    បន្ទាប់ពីបានណែនាំយ៉ាងខ្លីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៃខេត្ត ជាំង ស៊ូ ឯកឧត្តម ស៊ី ឃុនលីន បានបញ្ជាក់ថា​សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងជ្រាលជ្រៅ ហើយការឯកភាពដ៏សំខាន់ដែលសម្រេចបានដោយមេដឹកនាំនៃប្រទេសទាំងពីរ បានចង្អុលបង្ហាញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ។

    ឯកឧត្តម ស៊ី ឃុនលីន មានប្រសាសន៍ថា ខេត្តព្រះសីហនុជាច្រកដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការបើកចំហរទៅកាន់ពិភពខាងក្រៅ ហើយខេត្តព្រះសីហនុគឺជាខេត្តមិត្តភាពរបស់ខេត្ត ជាំង ស៊ូ និងជាដៃគូដ៏សំខាន់សម្រាប់ខេត្តជំាងស៊ូ ក្នុងការចូលរួមក្នុងការកសាងរួមគ្នានៃ “ខ្សែក្រវាត់ និងផ្លូវ” ហើយកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ​សម្រេច​បាន​លទ្ធផលជាផ្លែផ្កា និងបន្តខ្លាំងក្លាតទៅមុខទៀត។

    ឯកឧត្តម ស៊ី ឃុនលីន បានបញ្ជាក់ថា ខេត្ត ជាំង ស៊ូ មានឆន្ទៈក្នុងការបន្តធ្វើការរួមគ្នា ដើម្បីអនុវត្តជាក់ស្តែងនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ បន្តពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពង្រឹង និងពង្រីកការផ្លាស់ប្តូរវប្បធម៌ រួមគ្នាលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យសម្រេចបាននូវសមិទ្ធផលផ្លែផ្កាកម្រិតខ្ពស់បន្ថែមទៀត កិច្ចសហប្រតិបត្តិទ្វេភាគីដើម្បីផលប្រយោជន៍​ទៅវិញទៅមក និង​ឈ្នះ​-ឈ្នះ រួមចំណែក​ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងប្រទេសទាំងពីរ។​

    ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ឯកឧត្តម ស៊ី ឃុនលីន អភិបាលខេត្ត ជាំង ស៊ូ សម្រាប់ការគាំទ្រដល់ការអភិវឌ្ឍន៍ខេត្តព្រះសីហនុកន្លងមក ជាពិសេសគាំទ្រដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ឯកឧត្តមបានមានប្រសាសន៍ថា ខេត្តព្រះសីហនុ គឺជាចំណុចសំខាន់នៃ “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” ហើយការសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុសង្ឃឹម​ថា ខេត្ត​ទាំង​ពីរ​នឹង​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​មនុស្ស​ធម៌ ហើយ​សហគ្រាសខេត្តជាំងស៊ូ កាន់​តែ​ច្រើន​នឹង​មកបណ្តាក់​ទុន​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​សម្រេច​បាន​នូវ​វិបុលភាព​រួម និង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ខេត្តទាំង​ពីរ។

    ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានស្នើ ឯកឧត្តម ស៊ី ឃុនលីន អភិបាលខេត្ត ជាំង ស៊ូ ជួយគាំទ្រការបើកដំណើរការនូវការហោះហើរត្រង់ពីទីក្រុងអ៊ូ ស៊ី មកខេត្តព្រះសីហនុឡើងវិញបន្ទាប់ពីខកខានមួយរយៈពេលដោយសារកូវីដ និងជួយជម្រុញអ្នកវិនិយោគទុនខេត្ត ជាំង ស៊ូ មកបណ្តាក់ទុន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យបានកាន់តែច្រើនថែមទៀត។

    ឯកឧត្តម ស៊ី ឃុនលីន បានទទួលយកនិងគាំទ្រសំណើរបស់ឯកឧត្តម គួច ចំរើន និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការខេត្តក្រុងបងប្អូន ខេត្តព្រះសីហនុ-ជាំង ស៊ូ និងក្រុងព្រះសីហនុ-អ៊ូ ស៊ី លើវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌។

    spot_img

    អត្ថបទទាក់ទង

    spot_img