More

    ពលរដ្ឋក្នុងក្នុងស្រុកបូទុមសាគរ ត្អូញរឿងអាជ្ញាធរមិនជួយ ដោះស្រាយរឿងដីធ្លីឲ្យពួកគាត់

    spot_img

    កោះកុង៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកបូទុមសាគរ នៃខេត្តកោះកុង បានត្អូញត្អែរ និងសំដែងការអន់ចិត្ត ខណៈដែលមានបញ្ហារឿងដីធ្លី ហើយកាន់ឯកសាររត់ទៅរកអាជ្ញាធរ ឲ្យជួយដោះស្រាយ ពុំសូវមានអ្នកយកចិត្តទុកដាក់។

    តាមសំដីរបស់ប្រជាពលរដ្ឋឈ្មោះ សំ សំណាង និងឈ្មោះ សួស ម៉ន បានរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា ពួកគាត់មានដីស្រែទំហំជាង១០ហិចតា នៅ ចំណុចត្រពាំងពងទឹក ស្ថិតក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ដែលពួកគាត់បាន គ្រប់គ្រងបន្តពីដូនតាតាំងពីឆ្នាំ៧៩មកម្លេះ ព្រមទាំងមានលិខិតកាន់កាប់ ចុះបញ្ជីបង់ពន្ធក្បាលដី ដោយអាជ្ញាធរស្រុកកាលពីឆ្នាំ១៩៨៩ផងដែរ។ តែស្រាប់តែ ពេលថ្មីៗនេះ អ្វីៗក៏ប្រែប្រួល ស្រាប់តែមានក្រុមប្រឹក្សាឃុំម្នាក់ឈ្មោះ  ស្រីប្រាវ ពើក មកដណ្តើមដីរបស់ពួកគាត់ ពាក់កណ្តាល ដោយអះអាងថាជារបស់ខ្លួនដែរ។

    ពលរដ្ឋដដែលបាន បន្តរៀបរាប់ថា ពួកគាត់ពិបាកចិត្តពេលដឹងថា សមាជិកក្រុមប្រឹក្សាឃុំមកដណ្តើមដីរបស់គាត់បែបនេះ ពួកគាត់បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០កន្លងទៅនេះ លោក ស្រីប្រាវ ពើក ជាសមាជិកក្រុមព្រឹក្សាឃុំអណ្ដូងទឹក បានមកប្រាប់គាត់ដល់ផ្ទះថា ដីដែលពួកគាត់កាន់កាប់ នៅចំណុចខាងលើនោះ ត្រូវបានខាងសាលាឃុំ ចែកមកឲ្យគាត់ពាក់កណ្តាលហើយ។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះដដែល លោក ស្រីប្រាវ ពើក បាននាំគ្នាដែលជាសាច់ញ្ញាតិ មានឈ្មោះ ប៉ិ ហ៊ួត នឹង ហ៊ួត ធា និងគ្រួសារ៤ទៅ៥នាក់ យកត្រាក់ទ័រមកភ្ជួររាស់លើដីរបស់គាត់ទាំងបង្ខំតែម្តង។

    ប្រជាពលរដ្ឋដដែល បានបន្តរៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា អ្វីដែលធ្វើឲ្យគាត់ពិបាកចិត្តខ្លាំងនោះត្រង់ថា ពេលជួបរឿងបែបនេះហើយ ពួកគាត់ខំរត់ទៅរកលោក នាង ខន ដែលជាមេភូមិឲ្យជួយ លោកមេភូមិបានសរសេរលិខិត មួយច្បាប់ឲ្យពួកគាត់យកទៅឲ្យលោក ឆេង ហៃ ដែលជាប្រធានក្រុមប្រឹក្សាឃុំអណ្តូងទឹក តែពេលនោះលោក ឆេង ហៃ ប្រាប់ពួកគាត់វិញថា គាត់គ្មានពេលចុះទៅមើលដីទំនាស់នោះទេ។

    ពួកគាត់បានបញ្ជាក់ទៀតថា គាត់បានបន្តរត់ទៅរកជំនួយអន្តរាគមន៍ពីលោក ហាក់ ឡេង ដែលជាអភិបាលស្រុកបូទុមសាគរ តែនៅពេលនោះ លោក ហាក់ ឡេង ឆ្លើយប្រាប់គាត់វិញថា (បើខ្ញុំដោះស្រាយឲ្យអ្នកមាន អ្នកក្រច្បាស់ជាខឹង បើដោះស្រាយឲ្យអ្នកក្រ អ្នកមាននឹងខឹង ដូច្នះរឿងនេះលោកមិនដោះស្រាយទេ)។ ពលរដ្ឋដដែលបញ្ជាក់ផងដែរថា ពួកគាត់បានបន្តកាន់ឯកសារ ដែលមានការទទួលស្គាល់ពី អតីតអភិបាលស្រុកមុនៗនោះ ទៅជម្រាបលោក ឃៀង យីង ដែលជាមេឃុំវិញម្តង តែបែរជាលោកមេឃុំអានហើយ និយាយប្រាប់គាត់វិញថា (ឯកសារនេះទុកឲ្យខ្មោចអ្នកចេញឯកសារមុនហ្នឹង ធ្វើឲ្យទៀតទៅ ខ្ញុំមិនចេះធ្វើទេឈឺក្បាលណាស់ប្រញាប់ទៅចំការផង)។

    ដោយសារតែរឿងទាំងអស់នេះហើយ ទើបប្តីប្រពន្ធទាំងពីរខាងលើ សំណូមពរឲ្យក្រុមអ្នកសារព័ត៌មានជួយ ក្រែងដំណឹងនេះ អាចបានឭដល់ថ្នាក់លើខ្លះ ក្រែងបានជួយដោះស្រាយឲ្យពួកគាត់ ព្រោះថាអាជ្ញាធរថ្នាក់ក្រោម ហាក់ដូចជាមិនសូវរវល់នឹងពួកគាត់សោះ។

    ពាក់ព័ន្ធការណីដែលពលរដ្ឋអះអាងថា លិខិតដែលពួកគាត់កាន់កាប់ដីនោះ ជាលិខិតស្របច្បាប់ដែលចេញ ដោយអាជ្ញាធរដែនដីតាំងពីឆ្នាំ១៩៨៩ លោក ឆេង ឆិ អតីតជាអភិបាលស្រុកបូទុមសាគរ ដែលជាអ្នកចុះហត្ថលេខា លើលិខិតនោះផ្ទាល់ បានបញ្ជាក់ប្រាប់បណ្តាញក្រុមអ្នកសារព័ត៌មាន ដោយទទួលស្គាល់ថា ដីតំបន់ខាងលើពិតជារបស់ កេរ្តិ៍ដូនតា របស់ឈ្មោះ សំណាង និងភរិយាមែន ពុំមានជាប់ពាក់ព័ន្ធនឹងលោក ស្រីប្រាវ ពើក ដែលជាសមាជិកក្រុមប្រឹក្សាឃុំនោះទេ ហេតុដូចនេះហើយ ទើបលោកចុះហត្ថលេខាលើលិខិតចុះបញ្ជីក្បាលដីនោះឲ្យ ព្រោះកាលនោះពុំមាននរណាម្នាក់មានដី ឬចង់បានដីតំបន់ខាងលើឡើយ។ លោកក៏បាននិយាយផងដែរថា លោកក៏មិនសូវចូលចិត្តរឿងអ្នកមានអំណាច រំលោភបំពានដីពលរដ្ឋក្រីក្រដែរ។

    ករណីនេះផងដែរ លោក ឃៀង យីង មេឃុំអណ្តូងទឹក បានថ្លែងប្រាប់អង្គភាពយើងថា ចំពោះរឿងរ៉ាវដីរបស់លោក សំ ណាង ខាងលើនេះ លោកបានដឹងដែរ តែលោកមិនអាចដោះស្រាយបានទេ ពីព្រោះឯកសាររបស់លោក សំ ណាង មិនត្រឹមត្រូវ គ្មានក្បាល គ្មានកន្ទុយ ពុំមានទំហំច្បាស់លាស់ ទោះបីជាមានបោះត្រារបស់លោក ឆេង ឆិ អតីតអភិបាលស្រុកបូទុមសាគរមុនក៏ដោយ។ លោកបញ្ជាក់ផងដែរថា ចំណែកលោក ស្រីប្រាវ ពើក និងលោក បុិ ហ៊ួត ដែលនាំគ្នាទៅយកដីរបស់លោក សំ ណាង ហើយនិយាយថា ខាងសាលាឃុំចែកឲ្យពាក់កណ្តាលនោះ គឺលោកមិនបានដឹងទេ ព្រោះថាអ្នកទាំងនោះពុំមានអជ្ញាធរណាមួយ ចេញឯកសារឲ្យដែរ។

    ទាក់ទងរឿងដ៏ចម្រូងចម្រាសនេះ អង្គភាពសារព័ត៌មានយើង មិនទាន់អាចសុំបកស្រាយ បន្ថែមបាននៅឡើយទេ ជុំវិញពាក្យដែលពលរដ្ឋលើកឡើងថា លោកមិនព្រមជួយដោះស្រាយរឿងឲ្យ ព្រោះខ្លាចជួយអ្នកមាន អ្នកក្រខឹង ឬជួយអ្នកក្រ អ្នកមានខឹង តាមសំដីដែលពលរដ្ឋនិយាយបែបនេះ បាននៅឡើយទេ ដោយសារទូរស័ព្ទលោក មិនអាចទំនាក់ទំនងបាន៕ រូបភាព និងអទ្ថបទ៖ សុគន្ធី

     

     

    spot_img

    អត្ថបទទាក់ទង

    spot_img