More

    កុមារ និងជនចាស់ជរាគ្មានទីពឹង៧៥គ្រួសារ ត្រូវបានកាកបាទក្រហមខេត្តកំពត ជូនអំណោយមនុស្សធម៌

    spot_img

    កំពត៖ ដោយមើលឃើញអំពីភាពលំបាក ខ្វះខាត់របស់ប្រជាពលរដ្ឋ នៅក្នុងអន្តរកាលនៃវិបត្តិកូវីដ១៩ ថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២០ លោកជំទាវ លាង ហៃជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានដឹកនាំគណៈប្រតិភូ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់កុមារកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពតចំនួន ១៥នាក់ ដែលមកពីក្រុងកំពត និងស្រុកទឹកឈូ។ អំណោយសម្រាប់កុមារម្នាក់ៗ មានគ្រឿងឧបភោគបរិភោគ១ថង់ និងថវិកាមួយចំនួន ដោយឡែកកុមារមានជំងឺធ្ងន់ធ្ងរត្រូវវះកាត់ ទទួលបានអង្ករ២៥គីឡូក្រាម និងថវិកាចំនួន៥០ម៉ឺនរៀលបន្ថែម។

    ក្រោយពីបានចុះសួរសុខទុក្ខ ផ្តល់អំណោយដល់កុមារតូចៗរួចមក លោកជំទាវ បានបន្តដំណើរ មកចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ចាស់ជរាគ្មានទីពឹងចំនួន៥៥គ្រួសារ ក្នុងនោះមកពីក្រុងកំពតចំនួន៤០គ្រួសារ និងស្រុកទឹកឈូចំនួន១៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្ករស១គីឡូក្រាម ក្រមា១ អាវយឺត១កញ្ចប់ និងថវិកាចំនួន៤ម៉ឺនរៀល ។

    នាឱកាសនោះ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា និង ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងចាស់ជរាគ្មានទីពឹង ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

    លោកជំទាវបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមអនុវត្តនូវវិធានការអនាម័យការពារកូវីដ១៩ ដូចជា លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ទឹកស្អាត ឬទឹកអាល់កុល , ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ,ចៀសវាងប៉ះពាល់ជិតស្និតជាមួយអ្នកជំងឺគ្រុនក្តៅ ក្អក ឬ ផ្តាសាយ ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ករណីសង្ស័យ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ១១៥ ដោយឥតគិតថ្លៃ៕ រូបភាព និងអត្ថបទ៖ ហង្ស សុភាព

    spot_img

    អត្ថបទទាក់ទង

    spot_img