More

    រដ្ឋលេខាធិការក្រសួងការពារជាតិ ចុះសួរសុខទុក្ខពលរដ្ឋតាមមូលដ្ឋាន និងពិនិត្យស្ថានភាពទឹកជំនន់ នៅស្រុកសាលាក្រៅ

    spot_img

    ប៉ៃលិន៖ ឯកឧត្តម អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងសហការី បានចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ បង្កឱ្យមានការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំ របស់ប្រជាពលរដ្ឋនៅទូទាំងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តែទោះបីជាយ៉ាងណា ក៏មិនទាន់បណ្តាលឱ្យសត្វចិញ្ចឹម ឬប្រជាពលរដ្ឋខ្លួនឯងណាម្នាក់ ទទួលរងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

    ហេតុការណ៍ចុះពិនិត្យទឹកជំនន់នេះ បានធ្វើឡើងកាលពីថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

    ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ដោយសង្កេតឃើញករណីគ្រោះធម្មជាតិបន្តកើតឡើងនៅ ក្នុងឃុំស្ទឹងត្រង់ ឯកឧត្តម អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានចុះទៅពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងតែបន្តជន់ឡើង នាពេលប៉ុន្មានថ្ងៃកន្លងមកនេះ បង្កឱ្យខូចខាត ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់លំបាកក្នុងការធ្វើដំណើរ និងខូចខាតផលដំណាំដាំដុះ របស់ប្រជាពលរដ្ឋនៅទូទាំងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

    ប្រភពបន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តម ក៏បានយកចិត្តទុកដាក់ ចុះទៅ ពិនិត្យ និងណែនាំឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ក៏ដូចជារក្សាការប្រុងប្រយ័ត្នចំពោះទឹកជំនន់ ដែលកំពុងកើតឡើងនេះ។ តែរហូតមកដល់ពេលឥឡូវ មិនទាន់បណ្តាលឱ្យបងប្អូនកូនក្មួយ ប្រជាពលរដ្ឋណាម្នាក់ ទទួលរងគ្រោះថ្នាក់ទៅលើសត្វចិញ្ចឹម ឬផលដំណាំធ្ងន់ធ្ងរនោះឡើយ។

    ឯកឧត្តម ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ចំពោះជំនន់ទឹកភ្លៀងក្នុងខេត្តរបស់ខ្លួន ហើយបើសិនជាមានសភាពការអ្វីមិនស្រួលមកលើខ្លួន និងក្រុមគ្រួសារនោះ សូមឱ្យរាយការណ៍ជូនក្រុមការងារប្រចាំឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានការជួយសង្គ្រោះ ទាន់ពេលវេលាផងដែរ៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img