More

    កម្លាំងយោធាថ្មើរជើងលេខ៥១ ចុះជួយសង្គ្រោះដំណាំស្រូវពលរដ្ឋ ពីជំនន់ទឹកភ្លៀង

    spot_img

    បន្ទាយមានជ័យ៖ ក្រោមការណែនាំរបស់នលោកឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត មេបញ្ជារងកងយោធពលខេមរភូមិន្ទ អគ្គបញ្ជាការកងទ័ពជើងគោក មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទីមួយ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានដឹកនាំកម្លាំងយោធា ក្នុងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ប្រមាណ៥០០នាក់ ចុះជួយច្រូតកាត់ប្រជាកសិករ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលង់ស្រូវ របស់ពួកគាត់កាលពីប៉ុន្មានថ្ងៃ នាចុងសប្តាហ៍នេះ ក្នុងស្រុកមង្គលបូរី។កម្លាំងយោធាបានសម្រុក ចុះច្រូតកាត់ដណ្តើមយកស្រូវពីទឹក ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០នេះ នៅចំនុចភូមិក្រម៉ុលឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


    លោកស្រី គង់ សុភាព មេឃុំរហាត់ទឹកបានលើកឡើងថា ស្រូវបងប្អូនប្រជាពលរដ្ឋក្នុងឃុំនេះ ពួកគាត់ធ្វើបានច្រើនសម្រាប់ឆ្នាំនេះ ។គ្រោះរាំងស្ងួតអូសបន្លាយរយៈពេលយូរ នាដើមរដូវធ្វើអោយស្រូវ ដែលបងប្អូនធ្វើបាន ត្រូវងាប់អស់ស្ទើរគ្មានសល់។ ស្រូវសេសសល់តិចតួច ត្រូវបានលិចលង់ ដោយជំនន់ទឹកភ្លៀង បន្ទាប់ពីស្រូវទុំជិតល្មមច្រូតកាត់ប្រមូលផល។ នៅប៉ុន្មានថ្ងៃទី២៥-២៦នេះ ស្រូវប្រមាណជាង២០ហិតា របស់បងប្អូនប្រជាកសិករ ត្រូវបានទឹកជំនន់គ្រប់គ្រង ធ្វើអោយពិបាកក្នុងការច្រូតកាត់ប្រមូលផល តែអរគុណកងកម្លាំងយោធា នៃទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានបញ្ចេញកម្លាំងប្រមាណ៥០០នាក់ ជួយច្រូតកាត់ទាន់ពេលវេលាដណ្តើមស្រូវ បានមួយចំនួនធំពីទឹកជំនន់។


    លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទីមួយបន្ទាយមានជ័យថ្លែងថា កងពលតូចថ្មើរជើងលេខ៥១ បានបញ្ចេញកម្លាំងយោធា ចំណុះប្រមាណ៥០០នាក់ ដើម្បីជួយអន្តរាគមន៍ច្រូតកាត់ប្រជាកសិករ ដែលរងគ្រោះទឹកជំនន់លិចស្រូវ។ បើយោងតាមរបាយការណ៍អាជ្ញាធរឃុំ បានអោយដឹងថាស្រូវរងគ្រោះ មានប្រមាណជាង២០ហិតា ដូច្នេះកម្លាំងយោធាយើងត្រូវពួតដៃគ្នា ធ្វើការច្រូតកាត់ដណ្តើមស្រូវ ពីទឹកអោយទាន់ពេលវេលានិងរួចរាល់។ ថ្វីត្បិតការច្រូតកាត់មិនបានទាំងស្រុង តែយ៉ាងហោចណាស់កម្លាំង អាចដណ្តើមយកស្រូវ ពីទឹកជំនន់បានពី៧០ទៅ៨០ភាគរយដែរ ព្រោះថាការច្រូតស្រូវក្នុងទឹក មិនមែនជាការងាយស្រួលនោះទេ យើងមើលដើមស្រូវមិនឃើញ ហើយប្រឈមនិងសត្វអសិរពឹសទិចឬខាំទៀតផង ជាក់ស្តែងនៅថ្ងៃទីមួយនៃការច្រូតកាត់នេះ ពលទាហានម្នាក់ ដែលចុះទៅច្រូតក្នុងទឹកកណ្តាលវាលស្រែ ត្រូវក្អែបខាំចំក្បាល បណ្តាលអោយរងការឈឺចាប់ខ្លាំង។


    លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បន្តថា នៅមានជាច្រើនទៀតនៃស្រុកនេះ កំពុងបន្តរងគ្រោះ ដូច្នេះលោកត្រូវដឹកនាំកម្លាំង ចុះជួយអន្តរាគមន៍បន្តរហូតទឹកថមថយស្រកទៅវិញ។ លោកឧត្តមសេនីយ៍បញ្ជាក់ថា កម្លាំងយោធា នៃបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ ក្រៅពីការងារស្នូល គឺតែងតែចូលរួមគ្រប់សកម្មភាពសង្គម ចុះជួយពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជួសជុលផ្ទះសម្បែងជូនបងប្អូនរងគ្រោះ និង ជាក់ស្តែងចុះជួយច្រូតកាត់ប្រមូលផលគ្រា ដែលជំនន់វាយលុកស្ទើរតែរាល់ឆ្នាំ។
    ជាមួយនោះដែរលោកឧត្តមសេនីយ៍ទោ បានថ្លែងសារអំពាវនាវដល់ពលរដ្ឋ ដែលមានកូនតូច សូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត មិនត្រូវអោយលេងទឹកឬឡើងដើមឈើនោះទេ ជៀសវាងលង់ សត្វតិចឬខាំ៕ រូបភាព និងអទ្ថបទ៖ សន សុង

    spot_img

    អត្ថបទទាក់ទង

    spot_img