More

    ពលរដ្ឋដែលមានទំនាស់ជាមួយ លោក គឹម សោភ័ណ្ឌ មន្ត្រីនគរបាលខេត្តកំពត បានអង្វរឲ្យសម្តេចតេជោជួយ ខណៈដែលនគរបាលរូបនោះ មិនអនុវត្តតាមរដ្ឋបាលខេត្ត

    spot_img

    កំពត៖ ក្រុមប្រជាពលរដ្ឋដែលមានទំនាស់ជាមួយលោក គឹម សោភ័ណ្ឌ ឬហៅថា តូច គឹមអាង ដែលជាមន្ត្រីនគរបាលខេត្តកំពត ពាក់ព័ន្ធនឹងរឿងបិទផ្លូវ នៅឃុំកំពង់ក្រែង ស្រុកទឹកឈូ បាននាំគ្នាសំណូមពរឲ្យសម្តេចតេជោ ជួយអន្តរាគមន៍ ខណៈដែលរដ្ឋបាលខេត្តកំពត ចេញលិខិតឲ្យដកបង្គោលរបង ចំនួន៣លើកហើយ លោក គឹម សោភ័ណ្ឌ មិនព្រមធ្វើតាម ហើយបន្តប្តឹងថែមទៀត។

    យោងតាមក្រុមប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានរងទុក្ខលំបាក ជាយូឆ្នាំមកហើយ ដោយលោក គឹម សោភ័ណ្ឌ បានធ្វើរបងបិទ មិនឲ្យពួកគាត់អាចប្រើប្រាស់ផ្លូវ ដើម្បីចូលចាក់ដីក្នុងលំនៅឋានបានឡើយ ពេលមានភ្លៀងធ្លាក់ធ្វើឲ្យទឹកលិច ពិបាកក្នុងការរស់នៅ។ ខណៈដែលផ្លូវនោះ ដើមឡើយគឺជាប្រឡាយទឹក ដែលគេដឹងគ្រប់ៗគ្នា តែលោក គឹម សោភ័ណ្ឌ បានទឹញដីជាប់ប្រឡាយនោះ ហើយក៏ចាក់លុបធ្វើផ្លូវចូលដីឡូតិ៍តែម្តង។ ពេលបានផ្លូវនោះហើយ នរណាដែលមានទំនាស់នឹងលោក គឺលោកមិនឲ្យប្រើប្រាស់ឡើយ លើកលែងតែអ្នកដែលទិញដីឡូតិ៍ និងត្រូវរូវជាមួយលោកតែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ មានរយៈពេលច្រើនឆ្នាំមកហើយ ដីឡូតិ៍របស់គាត់ ក៏បានលក់អស់ តែគាត់នៅតែកាន់កាន់យកផ្លូវនោះ មកធ្វើជាកម្មសិទ្ធិផ្តាច់មុខដដែល ហើយក៏ប្តឹងអ្នកដែលជំទាស់ជាមួយលោក វែងឆ្ងាយដល់សព្វថ្ងៃនេះ។

    បើយោងតាមរបាយការណ៍របស់រដ្ឋបាលស្រុក កាលពីឆ្នាំ២០១៧កន្លងទៅនេះ អាជ្ញាធរស្រុក និងមន្ត្រីជំនាញ ធ្លាប់បានរកឃើញថា លោក គឹម សោភ័ណ្ឌ ពិតជាបានចាក់ដីរំលោភលើប្រឡាយទឹក យកមកធ្វើជាកម្មសិទ្ធិផ្តាច់មុខ នៅត្រង់ចំណុចខ្លះ ពិតប្រាកដមែន។ ក៏ប៉ុន្តែការរកឃើញរបស់អាជ្ញាធរបែបនេះ មិនបានធ្វើឲ្យលោក គឹម​ សោភ័ណ្ឌ ភ័យព្រួយឡើយ។

    សូមបញ្ជាក់ថា ចំពោះវិវាទរឿងផ្លូវដើរ ដ៏រ៉ាំរ៉ៃនេះ រដ្ឋបាលខេត្តកំពត ដែលដឹកនាំដោយ ឯកឧត្តម ជាវ តាយ ធ្លាប់បានបើកកិច្ចប្រជុំចំនួន២លើកមកហើយ ដើម្បីស្វែងរកដំណោះស្រាយ តាមគោលនយោបាយឈ្នះៗ រហូតដល់ថ្នាក់ពលរដ្ឋព្រមជួយចេញប្រាក់ ថ្លៃចាក់ដីធ្វើផ្លូវនោះថែមទៀត ក៏ប៉ុន្តែលោក គឹម សោភ័ណ្ឌ នៅតែមិនព្រមទទួល ដោយសុខចិត្តជ្រើសរើសយកវិធីឈ្នះចាញ់តាមផ្លូវតុលាការ។

    យោងតាមរបាយការណ៍ នៃការចុះពិនិត្យជាក់ស្តែង របស់ក្រុមការងារបច្ចេកទេស កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ រដ្ឋបាលខេត្តកំពត បានសម្រេចចេញលិខិតជូនលោក គឹម សោភ័ណ្ឌ តម្រូវឲ្យដកបង្គោលរបង ដែលបិទផ្លូវតាមមុខផ្ទះ និងមុខដី ព្រមទាំងរុះរើសំណង់ដែលសង់លើប្រឡាយទឹកចេញ ដើម្បីសម្រួលជាមួយពលរដ្ឋ តែលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត បានធ្វើឡើងចំនួន៣លើក មិនបានធ្វើឲ្យលោក គឹម សោភ័ណ្ឌ ញញើតឡើយ ផ្ទុយទៅវិញគេសង្កេតឃើញថា លោករឹតតែខំប្រឹងសង់សំណង់រឹងបន្ថែម នៅលើទីតាំងទំនាស់នោះថែមទៀត។

    ពាក់ព័ន្ធរឿងមិនអនុវត្ត តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តនេះ លោក គឹម សោភ័ណ្ឌ ឬហៅថា តូច គឹមអាង ជាមន្ត្រីនគរបាលខេត្តកំពត បានបកស្រាយប្រាប់ក្រុមអ្នកសារព័ត៌មានយើងយ៉ាងខ្លីថា (សាច់រឿងរបស់លោកនេះ សុំសួរទៅតុលាការទៅ លោកមិនអាចផ្តល់ព័ត៌មានបានទេ។)

    ករណីការសំណូមពររបស់ប្រជាពលរដ្ឋ ទាក់ទងរឿងផ្លូវដើរជាមួយមន្ត្រីនគរបាល ដែលបង្កជាទំនាស់រាប់ឆ្នាំ ដោះស្រាយមិនចេញនេះ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានមានប្រសាសប្រាប់សារព័ត៌មានយើង នៅល្ងាចថ្ងៃទី២១ ខែកញ្ញានេះថា ‌(ឯកឧត្តមពិតជាចង់ឲ្យមានការសម្របសម្រួល ដោះស្រាយដើម្បីបញ្ចប់រឿងនេះ តាមគោលនយោបាយឈ្នះៗ ក៏ប៉ុន្តែការដោះស្រាយតាមរបៀបឈ្នះៗរបស់រដ្ឋបាលខេត្ត ភាគ្គីខាងលោក គឹម សោភ័ណ្ឌ មិនព្រមឡើយ ហើយថែមទាំងបានប្តឹងជំទាស់ ទៅកាន់ខុទ្ទកាល័យសម្តេចថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា​ សំណុំរឿងនេះក៏កំពុងតែមានការប្តឹងផ្តល់នៅតុលាការ ដូច្នេះទុកពេលឲ្យតុលាការដោះស្រាយ តាមដំណើរសិន។)

    សូមបញ្ជាក់ផងដែរថា មានរយៈពេលជាច្រើនឆ្នាំមកហើយ ដែលប្រជាពលរដ្ឋកំពុងទន្ទឹងរងចាំលទ្ធផល ខណៈដែលពលរដ្ឋជាច្រើនគ្រួសារ ក៏ធ្លាប់ត្រូវបានមន្ត្រីនគរបាលខាងលើ ប្តឹងជាហូរហែរផងដែរ ហើយសំណុំរឿងទាំងនេះ តែងតែមានដីកាពីតុលាការ ឬលិខិតកោះហៅពលរដ្ឋ ជាបន្តបន្ទាប់ពីសមត្ថកិច្ច ដែលធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ ក៏ប៉ុន្តែសំណុំរឿងខ្លះ ត្រូវបានសមត្ថកិច្ចបញ្ចប់ទៅវិញ ខ្លះត្រូវបានតុលាការតម្កល់ទុកមិនចាត់ការ រីឯសំណុំរឿងលោក ប្តឹងផ្សេងទៀត កំពុងត្រូវបានដំណើរការនីតិវិធីមិនទាន់ចប់ អូសបន្លាយពេលវេលាដល់សព្វថ្ងៃនេះ។

    គួររំលឹកផងដែរថា លោក គឹម សោភ័ណ្ឌ ឬហៅថា តូច គឹមអាង ដែលជាមន្ត្រីនគរបាលខេត្តកំពតពាក់ស័ក្ត៤នេះ ក៏ធ្លាប់ត្រូវបានពលរដ្ឋរិះគន់លោក ពាក់ព័ន្ធនឹងរឿងប្តឹងផ្តល់នេះផងដែរ ដោយសារតែលោក គ្មានជម្រើសអ្វីក្រៅពីប្តឹង ទៅតុលាការទេ ពេលមានរឿងម្តងៗ ហើយអ្នកដែលរងការប្តឹងពីលោក មិនតិចជាង១០គ្រួសារនោះឡើយ ចំពោះសំណុំរឿងនៅតុលាការវិញ ច្រើនសឹងតែរាប់មិនអស់៕ រូបភាព និងអទ្ថបទ៖​ខ្លឹមតូច

    spot_img

    អត្ថបទទាក់ទង

    spot_img