More

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ

    spot_img

    ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ បានអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ ។

    យោងតាមរបាយការណ៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប គឺជាប្រភេទស្ពានបេតុងខ្សែកាបតភ្ជាប់ តំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វា មកកាន់ផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វ ផ្លូវលេខ៣៦ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ស្ពាននេះ ត្រូវបានបើកការដ្ឋាន សាងសង់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ។ ការស្ថាបនាស្ពាននេះ បានប្រើរយៈពេលសាងសង់ជាង ៦៨ ខែ ដោយចំណាយថវិកាអស់ ចំនួន ៣៥ លានដុល្លារអាមេរិក ដែលជាកញ្ចប់ថវិកា បានមក ពីមូលនិធិតំបន់អភិវឌ្ឍន៍ជ្រោយចង្វា របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។
    ស្ពាននេះ មានប្រវែង ៥១០ម៉ែត្រ ទទឹង ២០,៥ ម៉ែត្រ និងមានបណ្តោយស្ពានសរុប ប្រវែង ៩២២ ម៉ែត្រ។ គន្លងផ្លូវរត់របស់តួស្ពាន មានចំនួន ៦ គន្លង សម្រាប់ចរាចរទ្វេទិស ៣គន្លងទៅ និង ៣គន្លងមក។ ក្នុងនោះ គន្លងផ្លូវរត់ម្ខាងៗ មាន ២គន្លង សម្រាប់រថយន្ត និង ១គន្លង សម្រាប់ទោចក្រយានយន្ត។
    ស្ពាននេះមានសសរសម្រាប់ព្យួរខ្សែកាប កម្ពស់ ៤០ ម៉ែត្រ និងមានសសរស្ពាន ចំនួន៤ ដើម មានរាងអដ្ឋកោណ ក្នុងនោះចន្លោះសសរពីមួយទៅមួយ មានគម្លាតអប្បបរមា ៧២ ម៉ែត្រ និងអតិបរមា ១២០ ម៉ែត្រ ហើយសសរស្ពាននីមួយៗ ត្រូវខួងគ្រឹះសសរ ដែលមានអង្កត់ផ្ចិត ទំហំ ២ ម៉ែត្រ ជម្រៅចន្លោះពី ៣៣ ម៉ែត្រ ទៅ ៦២ ម៉ែត្រ។
    ស្ពាននេះ មានជម្រាលបណ្ដោយស្ពាន ៥ ភាគរយ និងជម្រាលទទឹងស្ពាន ២ ភាគរយ ដោយកំណត់ល្បឿនយានយន្ត បើកបរលើស្ពាន ៤០ គីឡូម៉ែត្រ ក្នុង១ម៉ោង និងមានកម្ពស់អតិបរមា អនុញ្ញាតឱ្យនាវាឆ្លងកាត់ក្រោមស្ពាន ១០,៥ ម៉ែត្រ នៅរដូវវស្សា និង ២០,៥ ម៉ែត្រ នៅរដូវប្រាំង ។
    ក្រៅពីសំណង់តួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានហើយនោះ ក៏នៅមានហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដែលត្រូវបំពាក់ភ្ជាប់ ក្នុងគម្រោងនេះ រួមមាន ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ, ការរៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន, ការដាក់ស្លាកសញ្ញាចរាចរណ៍ និងការលាបគំនូសចរាចណ៍ក្នុងតំបន់ការដ្ឋាន។
    ដោយឡែក ស្ពានអាកាសឫស្សីកែវវិញ មានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វផ្លូវលេខ ៣៦ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី។
    ស្ពាននេះ បានប្រើរយៈពេលសាងសង់ជាង ១៦ ខែ។ ក្នុងនោះក្រោយការសាងសង់រួចរាល់ជាស្ថាពរ និងមានគោលការណ៍អនុញ្ញាត ពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរទាំងឡាយ បានប្រើប្រាស់ ជាបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ។
    ស្ពានអាកាសឫស្សីកែវបានចំណាយថវិកាសាងសង់ អស់ចំនួន ៩.៧១០.៤៧៤ ដុល្លារអាមេរិក ជាកញ្ចប់ថវិកាបានមកពីមូលនិធិអភិវឌ្ឍន៍កោះនរារបស់ក្រុមហ៊ុន វិនិយោគទុន អាណិកជនកម្ពុជា (OCIC)។ ស្ពាននេះ គឺជាស្ពានអាកាសទី៦ ដែលបានស្ថាបនារួចរាល់ ក្រោមកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន ស្របតាមអនុសាសន៍ និងចំណាត់ការដ៏ម៉ឺងម៉ាត់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនោះគឺ «ការយកទីក្រុងចិញ្ចឹមទីក្រុងឬយកស្លឹកត្នោត ខ្ចប់ស្ករត្នោត»។
    ស្ពានអាកាសឫស្សីកែវ មានទទឹងទំហំ ១៥,៨ ម៉ែត្រ បណ្តោយតួស្ពាន ប្រវែង ១៤៥ ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពាន ផ្នែកខាងជើងប្រវែង ១៥៧ ម៉ែត្រ និងផ្នែកខាងត្បូង ប្រវែង ១៨១ ម៉ែត្រ សរុបមានប្រវែង ៤៨៣ ម៉ែត្រ។
    គន្លងផ្លូវរត់របស់តួស្ពាន មានទទឹង ៣,២៥ ម៉ែត្រ បូក ៣,៥០ ម៉ែត្រសម្រាប់ចរាចរ ទ្វេទិស បែងចែកជា ២គន្លងរថយន្តទៅ និង ២ គន្លងរថយន្តមក។ នៅផ្នែកខាងក្រោម ស្ពានអាកាស បានស្ថាបនាពង្រីកតួផ្លូវ ចំនួន ៣ ខ្សែ រួមមាន ផ្លូវឯកទិស មានទិសដៅ តាមបណ្តោយផ្លូវជាតិលេខ៥ ឆ្ពោះទៅស្ពានព្រែកព្នៅ, ផ្លូវឯកទិសមានទិសដៅ តាមបណ្តោយផ្លូវជាតិលេខ៥ ឆ្ពោះទៅស្ពានជ្រោយចង្វា និងផ្លូវទ្វេទិស មានទិសដៅ ឆ្លងកាត់ផ្លូវជាតិលេខ៥ ឆ្ពោះទៅមកស្ពានឫស្សីកែវ។
    ស្ពាននេះ មានជម្រាលបណ្តោយស្ពាន ៥ ភាគរយ និងជម្រាលទទឹងស្ពាន ២ ភាគរយ ដោយកំណត់ល្បឿនយានយន្ត បើកបរលើស្ពាន ៤០គីឡូម៉ែត្រក្នុង១ម៉ោង និងមាន កម្ពស់សុវត្ថិភាព ៥ ម៉ែត្រ សម្រាប់ផ្លូវឆ្លងកាត់ផ្នែកខាងក្រោមស្ពានអាកាស។
    ក្រៅពីសំណង់តួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពាន ក៏នៅមានហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលត្រូវបំពាក់ភ្ជាប់ ក្នុងគម្រោងនេះ រួមមាន ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ, ការដាក់ស្លាកសញ្ញាចរាចរណ៍, ការលាបគំនូសចរាចរណ៍,ការរៀបចំបណ្តាញលូអមសងខាងផ្លូវ និងការកែសម្រួលចិញ្ចើមផ្លូវ ក្នុងតំបន់ការដ្ឋាន។

    spot_img

    អត្ថបទទាក់ទង

    spot_img