More

    ជំពាក់លុយគេជាង២ម៉ឺនដុល្លា គ្មានលុយសងត្រូវបានគេរុះរើផ្ទះ

    spot_img

    បាត់ដំបង៖ ពលរដ្ឋ១គ្រួសារ បានអង្វករឲ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ ខណៈដែលតុលាការចេញដីការុះរើផ្ទះរបស់គាត់ ទាំងបង្ខំ ក្រោយគាត់បានខ្ចីប្រាក់គេប្រកបរបរ តែមិនបានបង់ការប្រាក់តាមការកំណត់ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ ក៏ត្រូវម្ចាស់បំណុលប្តឹងតែម្តង។

    យោងតាមការឲ្យដឹងរបស់ស្ត្រីម្នាក់ ឈ្មោះ សំ សុភាព ដែលជាកូនបំណុល មានទីលំនៅក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល នៃខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា គ្រួសាររបស់អ្នកស្រី បានខ្ចីលុយ ពីឈ្មោះ វ៉ូ វ៉ាន់ហម យកមកប្រកបរបរចិញ្ចឹមសត្វទា នៅឆ្នាំ២០០៩ ចំនួន២២០០០$ ហើយគាត់បានបង់ការប្រាក់ជារៀងរាល់ខែ មិនដែលខានឡើយ លុះសេដ្ឋកិច្ចគ្រួសារគាត់ធ្លាក់ចុះនៅឆ្នាំ២០១៣ គាត់មិនបានបង់ការប្រាក់ឡើយ ព្រោះតែទឹកជន់លិច រហូតដល់ ឆ្នាំ២០១៥ ម្ចាស់បំណុល ក៏បានដាក់ពាក្យប្តឹងរឹបអូសទ្រព្យសម្បត្តិអ្នកស្រីតែម្តង។

    អ្នកស្រី សំ សុភាព ជាកូនបំណុលបានបន្តរៀបរាប់ថា របរចិញ្ចឹមទារបស់អ្នកស្រីត្រូវខាតបង់ ដោយសារមានបញ្ហាទឹកលិច ទើបអ្នកស្រីគ្មានប្រាក់សម្រាប់បង់ការ។ អ្នកស្រីនិយាយថា ពេលម្ចាស់បំណុលប្តឹងទៅតុលាការ ជំហានទី១ គេព្រមឲ្យសងម្តង១ម៉ឺនដុល្លា តែពេលគាត់យកលុយទៅសងនៅតុលាការ ស្រាប់តែខាងម្ចាស់បំណុលខាងលើ មិនព្រមយកឡើយ ដោយទាថែមទាំងអស់៤ម៉ឺនដុល្លាវិញ កន្លងមកបានមួយរយះ ពួកគាត់ទៅរកខ្ចីលុយគេទៅសងចំនួន៤ម៉ឺនដុល្លាទៀង តែម្ចាស់បំណុលនៅតែមិនព្រមយក ដោយទារហូតដល់៨ម៉ឺន ធ្វើឲ្យអ្នកស្រីគ្មានលទ្ធភាពបង់ ព្រោះចំនួនការប្រាក់ច្រើនពេក។ អ្នកស្រី សំ សុភាព បានសំណូមពរឲ្យថ្នាក់ដឹកនាំ ជួយអន្តរាគមន៍ ចំពោះការរុះរើផ្ទះរបស់អ្នកស្រីនេះ ព្រោះអ្នកស្រីគ្មានកន្លែងរស់នៅទីពឹងនោះឡើយ។

    ពាក់ព័ន្ធករណីនេះ លោក វ៉ូ វ៉ាន់ហម ដែលជាម្ចាស់បំណុល បានឱ្យដឹងថា មូលហេតុដែលគាត់ប្តឹងទៅតុលាការ ឱ្យជួយអន្តរាគមន៍ រឹបអូសដីនោះមកឱ្យខ្លួន ដោយសារតែគ្រួសារកូនបំណុលខាងលើ ខ្ចីលុយរបស់គាត់យកទៅ ប្រកបរបររកស៊ីអត់ព្រមសង ជំពាក់ទាំងថ្លៃការប្រាក់ និងថ្លៃដើម ដូច្នេះមានតែយកទ្រព្យសម្បត្តិ។

    សូមបញ្ជាក់ថា ការចុះរឹបអូសយកទ្រព្យសម្បត្តិកូនបំណុលនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចដីលំនៅឋានរបស់លោកស្រី សំ សុភាព ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលធ្វើឡើងតាម ការសម្រេចរបស់តុលាការ ដោយមានកងកម្លាំងចម្រុះ និងមន្ត្រីតុលាការដឹកនាំអនុវត្តផ្ទាល់ផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img