ទំព័រដើម ទំព័រដើម ពលរដ្ឋរិះគន់មេភូមិស្ទឹងកំបុត និងប្រធានសហគមន៍បឹងធម្មជាតិថា អនុញ្ញាតិឲ្យកាយដីបាតបឹងធ្វើស្រែ មិនស្មើរភាពគ្នា

ពលរដ្ឋរិះគន់មេភូមិស្ទឹងកំបុត និងប្រធានសហគមន៍បឹងធម្មជាតិថា អនុញ្ញាតិឲ្យកាយដីបាតបឹងធ្វើស្រែ មិនស្មើរភាពគ្នា

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាននាំគ្នារិៈគន់មេភូមិ និងប្រធានសហគមការពារបឹងធម្មជាតិថា មានបក្ខពួកនិយម អនុញ្ញាតិឲ្យកាយដីបាតបឹង ទុកទឹកធ្វើស្រែមិនស្មើរភាពគ្នា មិនឲ្យពលរដ្ឋកាយ កាយបានតែអ្នកដែល ជាក្រុមបក្ខពួកប្រធានសហគមន៍តែប៉ុណ្ណោះ។

បើតាមលោក ជាតិ ធាត់ ដែលជាប្រជាពលរដ្ឋមួយរូប ក្នុងភូមិស្ទឹងកំបុត បានលើកឡើងថា ក្នុងភូមិនេះមានបឹងចំនួន៥ទៅ៦កន្លែង តែពេលដែលប្រជាពលរដ្ឋ ចង់កាយដីស្តារបឹងនោះ ដើម្បីយកទឹកធ្វើស្រែ គឺមិនត្រូវបានគេអនុញ្ញាតិឡើយ ពេលកាយមេភូមិហាមឃាត់ ផ្ទុយទៅវិញ អ្នកដែលអាចកាយដីស្តារបឹងទាំងនោះ យកទឹកបាន មានតែបក្ខពួកលោកមេភូមិ ខាងជលផល និងលោកប្រធានសហគមន៍តែប៉ុណ្ណោះ ដែលជារឿងធ្វើឲ្យពួកគាត់ យល់ថាធ្វើឡើង ដោយមិនស្មើរភាពគ្នា មិនគិតពីប្រយោជន៍រួម បម្រើតែបក្ខពួកគ្នីគ្នាឯង។

ពាក់ព័ន្ធករណីនេះ ក្រុមការងារយើង មិនទាន់អាចសុំការពន្យល់បកស្រាយ ពីលោក ណាប់ ជៀប មេភូមិស្ទឹងកំបុត បាននៅឡើយទេ ដោយសារមិនមានលេខទំនាក់ទំនង ហើយពេលទៅជួប លោកមិនបាននៅស្នាក់ការឡើយ។

ចំណែកលោក ទី ថាន ប្រធានសហគមន៍ការពារបឹងធម្មជាតិស្ទឹងកំបុត បានបញ្ជាក់ប្រាប់ថា បឹងខាងលើទុកសម្រាប់ប្រើប្រាស់រួម មិនអនុញ្ញាតឲ្យលោក ជាតិ ធាត់ កាយបានទេ ព្រោះខ្លាចកាយហើយ មិនឲ្យពលរដ្ឋដ៏ទៃទៀតប្រើប្រាស់។ លោកបានបញ្ជាក់បន្ថែមថា មេរបស់លោក ឈ្មោះ សុខ ស្រីម៉ៅ ក៏លោកមិនអនុញ្ញាតឲ្យកាយដែរ។ តែចំពោះរឿងពលរដ្ឋនិយាយថា មេភូមិស្ទឹងកំបុត និងបក្ខពួកផ្សេងទៀតអាចកាយដីបឹងនោះបាន លោក ទី ថាន មិនបានឆ្លើយតបឡើយ ហើយក៏បង្វែរសំនួរ ឲ្យទៅ សួរមេរបស់លោកទើបដឹងច្បាស់។

ឆ្លើយតបនឹងការរិះគន់ របស់ពលរដ្ឋ ដែលថាដីបឹងស្ទឹងកំបុត កាយបានតែបក្ខពួកនិយមនោះ លោក សុខ ស្រីម៉ៅ នាយសង្កាត់រដ្ឋបាលជលផលស្រុកព្រះនេត្រព្រះ មិនបានបកស្រាយអ្វីទាំងអស់ ដោយលោកលើកឡើងថា ចំពោះរឿងកាយដីបឹងនេះ លោកមិនអាចបកស្រាយតាមទូរស័ព្ទបាននោះឡើយ ទាល់ជួបផ្ទាល់ទើបនិយាយបាន៕ រូបភាព និងអទ្ថបទ៖ សន សុង

 

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម