More

    រថយន្តលុចស៊ីស 570 របស់អភិបាលខេត្តមណ្ឌលគីរី បើកបុកម៉ូតូសណ្ដោងរ៉ឺម៉កបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់

    spot_img

     

    ភ្នំពេញៈ រថយន្តលុចស៊ីស 570 របស់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី បើកបុកម៉ូតូសណ្ដោងរ៉ឺម៉កបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់នៅនឹងកន្លែង ។ ករណីនេះ បានកើតឡើងនៅម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥/១៤៦ ស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ។ ចំណែករថយន្តបានធ្លាក់ចូលទៅក្នុងព្រៃ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់។

    សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្ត គឺម៉ូតូសណ្តោងរ៉ឺម៉កម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អែម សំអូន (ហៅគោ) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងឈ្មោះ ផន ភីន ភេទប្រុស អាយុ១៦ឆ្នាំ នៅរស់ភូមិ-ឃុំជាមួយអ្នកបើកបរ ស្លាប់នៅកន្លែងកើតហេតុ។ ចំណែករថយន្តម៉ាក LEXUS LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-2225 ។ គ្រោះថ្នាក់ចរាចរណ៍នេះ បើកបរបញ្ច្រាស់ទិសគ្នា ដោយម៉ូតូសណ្តោងរ៉ឺម៉ក់បើកបរពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ធ្វើអោយរថយន្តដែលបើកត្រង់ពីត្បូងទៅជើង បានបើកមកបុកពេញទំហឹងតែម្ដង បណ្តាលឲ្យអ្នកបើកម៉ូតូរ៉ឺម៉ក់ទាំង២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកអ្នកបើករថយន្តវិញ បើករត់គេចខ្លួនបាត់។

    ក្រោយពេលកើតហេតុ សពជនរងគ្រោះទាំង២នាក់ ត្រូវបានជំនាញធ្វើកំណត់ហេតុ រួចប្រគល់សពអោយក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្ត lexus 570 និងម៉ូតូសណ្តោងរ៉ឺម៉កត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ជាបណ្ដោះអាសន្នរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។

    spot_img

    អត្ថបទទាក់ទង

    spot_img