More

    រថយន្តសណ្តោងរ៉ឺម៉កថៃ បើកជែងមិនប្រយ័ត្នគៀរម៉ូតូដួល ស្លាប់នារីវ័យក្មេងម្នាក់ របួស២នាក់

    spot_img

    ប៉ៃលិន៖ មានករណី រថយន្តសណ្តោងរ៉ឺម៉កថៃ បើកបរក្នុងល្បឿនលឿន នៅក្នុងក្រុងប៉ៃលិន បានគៀរម៉ូតូមួយគ្រឿង ខណៈជិះបញ្ចា្រស់ទិសគ្នា បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាល២នាក់ ខូចខាតម៉ូតូ០១គ្រឿង។

    ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខអាហារដ្ឋានផ្ទះជុំគ្រួសារ ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

    ប្រភពព័ត៍មាន បានឱ្យដឹងថា៖ ជនរងគ្រោះ ទី១. ឈ្មោះ ឡឹប ប្រុស ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដោយបើកបរម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ប៉ៃលិន ១B-៩០៧៩ ក្នុងទិសដៅពីលិចទៅកើត (រងរបួសស្រាល) ទី២. ឈ្មោះ ដាំ រ៉ាវ៉ាឌី ភេទស្រី អាយុ១៨ឆ្នាំ កសិករ រស់នៅភូមិ/ឃុំជាមួយគ្នា (រងរបួសធ្ងន់) ទី៣. ឈ្មោះ ហៀក ម៉ាលីន ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្ស រស់នៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ស្លាប់នៅនឹងកន្លែង)។
    ចំណែកភាគីរថយន្តថៃ មិនទាន់ស្គាល់អត្តសញ្ញាណ ក្រោយពេលបង្កហេតុ បានបើកបររត់គេចខ្លួន ជាប្រភេទរថយន្តសណ្តោងរ៉ឺម៉កដឹកទំនិញ ពាក់ផ្លាកលេខថៃ បើកបរក្នុងទិសដៅពីកើតមកលិច។

    ប្រភពបន្តទៀតថា មូលហេតុ គឺដោយសារ តែរថយន្តថៃ បើកបរវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ លុះជែងមិនផុត បណ្តាលអោយកន្ទុយរថយន្តបុកប៉ះដៃចង្កូតម៉ូតូ បណ្តាលឱ្យខ្ទាតចូលរថយន្តកិនស្លាប់ភ្លាមៗ គួរឱ្យអាណោចអាធ័មតែម្តង។

    ករណីខាងលើនេះ សពក្មេងស្រីរងគ្រោះត្រូវបានគេប្រគល់ជូនសាច់ញាតិ។ ចំណែកអ្នករងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ញូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ បច្ចុប្បន្នកម្លាំងនគរបាល កំពុងចាប់ឃាត់រថយន្តថៃ សង្ស័យ១គ្រឿង ដែលមានភិនភាគខាងលើ ដើម្បីត្រួតពិនិត្យ។

    ចំណែកប្រជាពលរដ្ឋរិះគន់ និងសំណូមពរឱ្យខាងនគរបាលចរាចរណ៍ ចុះតាមគោលដៅអប់រំ ដល់អ្នកបើកបររថយន្តធំៗកុំឱ្យល្មើស ដោយបើកបរហួសល្បឿនកំណត់នៅក្នុងក្រុង ជាពិសេសរថយន្តថៃតែម្តង បើកបរពុំសូវគោរពច្បាប់ចរាចរណ៍នោះឡើយ ហើយក៍ធ្លាប់បង្កគ្រោះថ្នាក់ជាញឹកញាប់ផងដែរ៕ រូបភាព និងអត្ថបទ៖ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img