More

    លោកជំទាវ ឃួន សុដារី ណែនាំដល់និស្សិតអាហារូបករណ៍ JDS មុនទៅបន្តសិក្សានៅប្រទេសជប៉ុន

    spot_img

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោកជំទាវ បណ្ឌិតបានស្រីមុំ អនុប្រធានគណ:កម្មការទី៧នៃរដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានចូលរួមជួបសំណេះសំណាល ជាមួយនិសិត្សអាហារូបករណ៍ក្រោមអធិបតីភាព លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យនិសិត្សជ័យលាភីអាហារូបករណ៍ JDS ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ ចង្អុលបង្ហាញរួមទាំងពុទ្ធិគ្រប់ជ្រុងជ្រោយ មុននឹងចាកចេញទៅបន្តការសិក្សា នៅប្រទេសជប៉ុន។

    បន្ទាប់ពីបានស្តាប់ការណែនាំខ្លួន និងរបាយការណ៍ ដោយតំណាងនិស្សិតអាហារូបករណ៍ បានសម្តែងនូវការស្វាគមន៍ និងអបអរសារទរយ៉ាងកក់ក្តៅ ប្រកបដោយទឹកចិត្តរីករាយ និងបានផ្តល់ជាអនុសាសន៍ណែនាំ បទពិសោធន៍ ក៏ដូចជាការលើកទឹកចិត្តជាច្រើនផងដែរ។

    លោកជំទាវ បានលើកឡើងថាអាហាររូបករណ៍រដ្ឋាភិបាលជប៉ុននេះ គឺជាឱកាសដ៏មានតំលៃ ជាស្ពានសម្រាប់ការអភិវឌ្ឍអនាគតសង្គមជាតិ និងសម្រាប់អនាគតរបស់ក្មួយៗនិស្សិតផ្ទាល់។ ហេតុដូចនេះ និសិត្សទាំងអស់ត្រូវរក្សា ឱ្យបានគត់មត់នូវឱកាសដ៏សំខាន់នេះ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបប្រកប ដោយបញ្ញាញាណ វិន័យ និងសេចក្តីថ្លៃថ្នូរ។

    លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសង្កត់ធ្ងន់ថា និស្សិតទំាងអស់ត្រូវធ្វើជាមគ្គុទេសដ៏ល្អម្នាក់ ជាអ្នកការទូតម្នាក់ តំណាងឱ្យកម្ពុជា ដោយរក្សាឱ្យបាននូវកិត្តិយសតម្លៃ និងវប្បធម៌របស់ជាតិដោយ ត្រូវព្យាយាមលើកកម្ពស់វប្បធម៌ ទេសចរណ៍ និងអត្តសញ្ញាណជាតិ ព្រមទំាងរក្សានូវទំនាក់ទំនងល្អ ជាមួយនិស្សិតជប៉ុន និងប្រទេសដ៏ទៃទៀត សំដៅបង្កើនមិត្តបរទេស ឈានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាទូទៅ។ លោកជំទាវ បានបន្តទៀតថា ចំណេះដឹងដែលនិស្សិត បានសិក្សាស្រាវជ្រាវក្នុងសៀវភៅ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូចនេះឱកាស នៃការទៅសិក្សានៅជប៉ុននាពេលនេះ គឺជាការសិក្សាពីបទពិសោធន៍ ជីវិតជាក់ស្តែងនៅលើទឹកដី នៃប្រទេសដ៏ជឿនលឿន។

    លោកជំទាវ បានផ្តល់ជាអនុសាសន៍ថា និសិ្សតទំាងអស់ត្រូវយកចិត្តទុកដាក់ និងសិក្សារៀនសូត្រពីស្ថានភាពរបស់ប្រទេសជប៉ុន និងអំពីភាពរីកចម្រើនរបស់ប្រទេសនេះ ដើម្បីពាំនាំនូវចំណុចល្អៗ បច្ចេកវិទ្យា ជំនាញវិជ្ជាជីវៈ យកមកអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន ព្រោះថាសព្វថ្ងៃនេះប្រទេសជប៉ុន កំពុងតែរស់នៅក្នុងសង្គមដែលហៅថា Society 5.0 ហើយដោយឡែកកម្ពុជាយើង ក៏កំពុងចាប់យកនូវបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ (Industrial Revolution 4.០) ដើម្បីអោយសមស្របទៅនឹងនិន្នាការតំបន់ និងសកលលោក។

    នៅក្នុងអនុសាសន៍ណែនាំ លោកជំទាវបានរំលេចបន្ថែម នូវរឿងរ៉ាវត្រួសៗមួយចំនួន នៃទឹកចិត្តដ៏ប្រពៃរបស់ជនជាតិជប៉ុន ដែលជានិច្ចកាលបានជួយស្តារ និងលើកស្ទួយការអភិវឌ្ឍ នៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀត លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងពន្យល់អំពីរចនាសម្ព័ន្ធដឹកនាំ ក៏ដូចជាតួនាទី និងភារកិច្ចរបស់រដ្ឋសភា ក្នុងកិច្ចការបម្រើជាតិមាតុភូមិ ព្រោះប្រព័ន្ធនីតិបញ្ញត្តិ នៅប្រទេសជប៉ុនគឺដូចគ្នា នឹងកម្ពុជាដែលមានព្រឹទ្ធសភា និង រដ្ឋសភា។

    តំណាងនិស្សិត បានថ្លែងថា អាហាររូបករណ៍ JDS ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន ដ៏ដូចជាអាហាររូបករណ៍ នៃរដ្ឋាភិបាលប្រទេសផ្សេងទៀត គឺបានមកដោយសារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយបរទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងដោយបានទទួល បានការគំាទ្រពីសំណាក់ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ក្រសួងមន្ទីរនានា ជាពិសេសការផ្តល់កិត្តិយសយ៉ាងថ្លៃថ្លា របស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលជាតំណាង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏ដូចជាតំណាងស្ថាប័ននីតិប្បញ្ញត្តិរបស់ជាតិផងដែរ។

    ជាទីបញ្ចប់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានជូនពរដល់ក្មួយៗ និស្សិតទាំងអស់ សូមមានសុខភាពល្អ និងធ្វើដំណើរប្រកបដោយសេចក្តីសុខ សប្បាយ និងមានសុវត្ថិភាពព្រមទាំង សម្រេចបាននូវលទ្ធផលផ្លែផ្កាតាមការរំពឹងទុក។ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានផ្តល់ជូននិសិត្សកម្ពុជា នូវថវិកាលើកទឹកចិត្តចំនួន ៤០ម៉ឺនរៀលសម្រាប់ម្នាក់ៗ ផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

     

    spot_img

    អត្ថបទទាក់ទង

    spot_img