
នៅព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដ្ឋានអ៊ុតកៅស៊ូ AC នៅរង្វង់មូលសីហរាជមុខបី មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។
នាឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា រង្វង់មូលសីហរាជមុខបី នឹងបើកឱ្យធ្វើចរាចរណ៍សាកល្បង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីក្រុមការងារបច្ចេកទេសធ្វើការអ៊ុតកៅស៊ូ AC ស្រទាប់ទីមួយរួចរាល់។
ឯកឧត្តមបន្តទៀតថា ការគម្រោងស្ថាបនានូវរង្វង់មូលសីហរាជមុខបីនេះ គឺអាចកាត់បន្ថយការកកស្ទះ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅចំណុចនោះ។ ហើយយើងបានរៀបចំកែលម្អសួនច្បារនៅរង្វង់មូលសហរាជមុខបី កាន់តែមានសោភ័ណភាពបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋអាចមកលេងកម្សាន្ត និងថតផ្តិតយករូបភាពបានថែមទៀតផង។
លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឱ្យដឹងថា ការស្ថាបនាផ្លូវនៅរង្វង់មូល សីហរាជមុខ៣ នេះ យើងបានចាក់ក្រាលបេតុងសរសៃដែកកម្រាស់ ០.២ម ចាក់ក្រាលកៅស៊ូអេស៉ីកម្រាស់ ០.១ម មានប្រព័ន្ធលូព័ទ្ធជុំវិញរង្វង់មូល មានរៀបចំសួនច្បារ មានដងទង់ជាតិ មានបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ២២ដើម និងបំពាក់បរិក្ខារចរាចរណ៍។
ជាមួយគ្នានោះលោកលោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការក៏បានបន្ថែមទៀតថាលើនេះ យើងក៏នឹងមានការបើកប្រឡោះឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខការ៉ាសសាំង PTT ឃ្លាំងលើ មួយបន្ថែមទៀត ដើម្បីកាត់បន្ថយការជិះបញ្ច្រាសផ្លូវ និងងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់ផងដែរ ប៉ុន្តែយើងនិងកាត់បន្ថយល្បឿនធ្វើដំណើរដោយកំណត់មកនៅត្រឹម៤០ រឺ៦០ គីឡូម៉ែត្រក្នុងមួយម៉ោងវិញ៕ ដោយ វ៉ាន់ នី