
ភ្នំពេញ: រថយន្ត ឡិចសុីស rx300 មួយគ្រឿងបើកឆ្លងផ្លូវត្រូវរថយន្តសាំយ៉ុងដឹកផ្លែឈើបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១២ និង ៥០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ខែឧសភា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ៥៩៨ កែងនឹងផ្លូវ១៨០០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តឡិចស៊ីស rx300 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AE-3633ធ្វើដំណើរតាមបណ្តោយផ្លូវ១៨០០ ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តសាំយ៉ុងដឹកផ្លែឈើមួយគ្រឿងពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ2T-1190ធ្វើដំណើរតាមបណ្តោយផ្លូវ ៥៩៨ ទិសដៅពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀង ពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងគៀបជាប់គ្នានឹងរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់