
បន្ទាយមានជ័យ៖ សពស្ត្រីរងគ្រោះ ឈ្មោះ ម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំ ដែលត្រូវគេបាញ់ស្លាប់នៅក្នុងកាស៊ីណូរ៉ាម៉ា បនល្បែងខុសច្បាប់ នៅឃុំចុងណុនឌីរង ស្រុកយ៉ាណាវ៉ា ក្រុងបាងកក ប្រទេសថៃត្រូវបានបញ្ជូន មកកម្ពុជាវិញហើយនៅវេលាម៉ោង ១៩ និង៤០នាទីនៅថ្ងៃទី០៥ខែសីហា ឆ្នាំ២០២០បន្តិច តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
យោងតាមសំដីប្តីស្ត្រីរងគ្រោះ ឈ្មោះសាំង សីហា អាយុ៣៤ឆ្នាំ បានឲ្យដឹងថា សពប្រពន្ធរបស់ខ្លួនត្រូវបានអាជ្ញាធរថៃ បញ្ជូនមកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងនោះក្រុមហ៊ុនកាស៊ីណូរ៉ាម៉ាកន្លែង ដែលប្រពន្ធរបស់ខ្លួនបានបំរើការងារ ជួយចូលរួមរំលែកទុក្ខ ថវិកាចំនួន៤ម៉ឺនបាត ចំណែកស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ បានចូលរួមរំលែកទុក្ខថវិកា១ម៉ឺនបាតផងដែរ។
គួរបញ្ជាក់ថា ហេតុការបាញ់បោះនៅក្នុងកាស៊ីណូរ៉ាម៉ា គ្មានច្បាប់មួយកន្លែងនេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ក្នុងខេត្តនន់បុរី បណ្តាលឲ្យមានអ្នកស្លាប់៤នាក់ បុរស២នាក់ និងស្ត្រី២នាក់ រួមទាំង២នាក់រងរបួសធ្ងន់ ដែលក្នុងនោះមានស្ត្រីខ្មែរបំរើការងារ នៅកាស៊ីណូនោះបានស្លាប់ម្នាក់ឈ្មោះ ម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពថា ការបាញ់ប្រហារនោះ គឺកើតចេញពីភ្ញៀវដែលលេងចាញ់ល្បែង៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ