បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅម្តុំកាស៊ីណូនាគទិព្វថ្មី ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអំពាវនាវឲ្យសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ ការពារសន្តិសុខជូនពួកគាត់ ខណៈដែលមានចោលលួចគាស់ផ្ទះយកទ្រព្យ លួចទូរស័ព្ទ លួចសម្ភារផ្សេងៗ ស្ទើរជារៀងរាល់ថ្ងៃ មិនទាន់ឃើញសមត្ថកិច្ច ចាប់បានសោះ។
ប្រជាពលរដ្ឋឈ្មោះ ណុង សល់ ភេទប្រុស អាយុ៣៦ ឆ្នាំ រស់នៅម្តុំកាស៊ីណូនាគទិព្វថ្មី ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា យប់មិញនេះ មានចោរបានលួចគាស់ផ្ទះរបស់គាត់ ដោយកាស់បំបែកសោរ និងគាស់ទ្វារ យកម៉ូទ័រកាត់ដែក១ ម៉ូទ័រស្វាន១ ម៉ាស៊ីនផ្សារដែក១ ម៉ូទ័រឆាប ចង្ក្រានប្រើហ្គាសធំ១ ម៉ូទ័រលាងរថយន្ត១ អាគុយ១ និងឧបករណ៍ផ្សេងៗមួយចំនួនទៀត អស់ខ្ទេចគ្មានសល់ ខណៈដែលរឿងនេះ ធ្លាប់កើតឡើងជាហូរហែរ សមត្ថកិច្ចចាប់មិនទាន់បាន។ លោកបានបញ្ជាក់ថា នៅពេលចោរគាស់ផ្ទះ គាត់បានសម្រាកនៅជាន់ទី៣ ហើយប្រហែលជាយប់រំលងអាធាត្រក្នុងចន្លោះម៉ោង០៣ទាបភ្លឺ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ គាត់ក៏ឮសម្លេងឆ្កែព្រុះដែរ តែមិនចាប់អារម្មណ៍។ ពេលភ្ញាក់ពីព្រឹកម៉ោង៦ ថ្ងៃដដែលនេះ ទើបដឹងថា ចោរគាត់យកទ្រព្យសម្បត្តិអស់ទៅហើយ ទើបដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត។
ជាមួយគ្នានេះ តាមប្រភពពីពលរដ្ឋជាអ្នកលក់ដូរម្នាក់ផ្សេងទៀត និងជាងសំណង់នៅម្តុំកើតហេតុខាងលើនោះ ដែលសុំមិនបញ្ចេញឈ្មោះ ក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងដែរថា ក្នុងមូលដ្ឋានពួកគាត់រស់នៅនេះ សំបូរក្មេងៗដើរយប់យ៉ាងខ្លាំង ហើយជារឿយៗ ក៏មានសំបូរចោរលួចគាស់ផ្ទះជាញឹកញាប់ផងដែរ ធ្វើឲ្យផ្ទះខ្លះបាត់ទូរស័ព្ទដៃ ខ្លះបាត់គ្រឿងអេឡិចត្រូនិច ឬគ្រឿងសំណង់ជាដើម និងមានពេលខ្លះ ពួកគាត់បានឃើញចោរកំពុងលួចហើយ តែនាំគ្នាដេញចាប់មិនដែលបានសោះ។ ដោយសារមានរឿង គាស់ផ្ទះលួចសម្ភារៈ ជាញឹកញាប់នេះ ទើបពួកគាត់ចង់ឲ្យសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ និងចាប់ក្រុមចោរទាំងនោះឲ្យបាន ដើម្បីជួយការពារ សន្តិសុខក្នុងមូលដ្ឋានជូនពលរដ្ឋ។
ពាក់ព័ន្ធនឹងករណីក្រុមប្រជាពលរដ្ឋ នាំគ្នារអ៊ូរឿងក្នុងមូលដ្ឋានសំបូរចោរគាស់ផ្ទះ យកសម្ភារៈ សមត្ថកិច្ចចាប់មិនទាន់បាននេះ លោកវរៈសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ អង្គភាពយើងថា ករណីនេះលោកកំពុងតែធ្វើការ និងបានចាត់ឲ្យនគរបាលប៉ុស្តិ៍តាមស្រាវជ្រាវពីមុខសញ្ញានេះ៕ រូបភាព និងអត្ថបទ៖ សន សុង
Sprawdź ranking na chwilówki i weź szybką pożyczkę internetową lub kredyt przez internet.