More

    មន្ត្រីប៉េអឹមម្នាក់ ស្លា ប់ យ៉ាងអា ណោ ចអា ធ័ម ខណះដែលជិះម៉ូតូសុខៗ ត្រូវរថយន្តដឹកដីបុកនឹងកិនពីក្រោយ

    spot_img

    ភ្នំពេញ ៖ បុរសម្នាក់ខណៈកំពុងជិះម៉ូតូតាមដងផ្លូវស្រាប់តែត្រូវរថយន្តហុីយ៉ាន់ដាយដឹកដីបើកមកបុកពីក្រោយរួចហើយកិនម៉ូតូអូសជាង២០ម៉ែត្រខ្ទេចគ្មានសល់ ព្រមទាំងកិនម្ចាស់ម៉ូតូបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ១០៤ កែងផ្លូវក្រវាត់ក្រុង៣ ស្ថិតក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

     

    សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហាក់ វណ្ណៈ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបបមន្ត្រីអាវុធហត្ថ មានទីកន្លែងកំណើតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល បានជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ​ 1FR-8654 ។

     

    ចំណែកតៃកុងរថយន្តមានឈ្មោះ ធី ឈុនណី ភេទប្រុស អាយុ២៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិល្វា ឃុំជយំ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បើករថយន្តម៉ាកហុីយ៉ាន់ដាយ ដឹកដីធុនធំ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3F-9657 ។

     

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាជនរងគ្រោះបានជិះម៉ូតូតាមបណ្ដោយផ្លូវលេខ១០៤ពីលិចទៅកើតក្នុងល្បឿនលឿនល្មម ស្របពេលនោះក៏មានរថយន្តហុីយ៉ាន់ដាយដឹកដីធុនធំ ដែលបើកបរដោយបុរសម្នាក់មកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូពីក្រោយ និងបានកិនម៉ូតូអូសជាច្រើនម៉ែត្រខ្ទេចគ្មានសល់ ព្រមទាំងកិនជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធ័ម ។

     

    ភ្លាមៗនោះដែរតៃកុងរថយន្តបង្កគ្រោះថ្នាក់មិនព្រមឈប់ទទួលខុសត្រូវនៅកន្លែងកើតហេតុនោះទេ គឺព្យាយាមបើករត់ជាច្រើនរយម៉ែត្រ តែត្រូវប្រជាពលរដ្ឋដេញតាមឃាត់បានទាំងរថយន្តនិងតៃកុងប្រគល់ឱ្យសមត្ថកិច្ច ។

     

    ក្រោយមក សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្ត ព្រមទាំងតៃកុងប្រគល់ឱ្យខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ។

     

    ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img