More

    អាជ្ញាធរខេត្តប៉ៃលិន បើកសិក្ខាសាលាស្តីពីការ គ្រប់គ្រងប្រេងកាត ហានិភ័យស្ថានីយ៍

    spot_img

    ប៉ៃលិន៖ មានប្រសាសន៍ថ្លែងនៅក្នុង ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត នឹងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាលស្តីពីហានិភ័យស្ថានីយ នឹងសារាចរសុវត្ថិភាព សម្រាប់ការរៀបចំស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ម្ចាស់ស្ថានីយ និងអាជីវករប្រេងកាត នានាក្នុងខេត្តប៉ៃលិន នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

    ឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ដែលមិនទាន់មានច្បាប់អនុញ្ញាត ពីសុវត្ថិភាពបច្ចេកទេស សូមប្រញាប់មកដាក់ពាក្យស្នើសុំ អោយបានទាន់ពេលវេលា ហើយបើសិនម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ណាមួយ មិនគោរពតាមការណែនាំ របស់ក្រសួងរ៉ែនឹងថាមពល គឺត្រូវចាត់វិធានការទៅតាមនិធិវិធី ច្បាប់ធ្វើការបិទកន្លែងអាជីវកម្មតែម្តង ក្នុងន័យធានាសុវត្ថិភាព និងការគ្រប់គ្រងវិស័យប្រេងកាតឲ្យមានប្រសិទ្ធិភាព សំដៅលើកកម្ពស់ជីវភាព របស់ពលរដ្ឋនឹងចូលរួមបង្កើនសេដ្ឋកិច្ចជាតិ អោយប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសមានចំណូលកម្រិតទាប មកជាប្រទេសមានចំណូលធម្យមកម្រិតទាប និងបន្តឆ្ពោះទៅជាប្រទេស ដែលមានចំណូលមធ្យមមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ នាពេលអនាគត់។

    ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ធនធានប្រេងកាត ជាដើមទុនដ៏មានតម្លៃរបស់ជាតិ សម្រាប់ការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម អោយក្លាយជាផលប្រយោជន៍ យូរអង្វែងរបស់ជាតិ សំដៅលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា ដូច្នេះម្ចាស់ស្ថានីយ និងអាជីវករប្រេង និងឧស្ម័នឥន្ធនៈទាំងអស់ ត្រូវសហការអនុវត្តបទដ្ឋានបច្ចេកទេសសុវត្ថិភាព និងគោរពច្បាប់រួមគ្នា សំដៅរក្សាបាននូវនិរន្តរភាព នៃអាជីវកម្ម របស់បងប្អូនអាជីវករ និងរក្សាបាននូវនិរន្តរភាព នៃបែបផែនបច្ចេកទេសសុវត្ថិភាពទាំងអស់គ្នា ដើម្បីឲ្យមានសុដុមនីយកម្ម ក្នុងមុខរបរ និងសង្គតិភាពនៃការអនុវត្តច្បាប់ និងសុវត្ថិភាពទាំងអស់គ្នា។

    ឯកឧត្តម អ៊ឹង អៀង រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ឱ្យដឹងថា៖ ការបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត នឹងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាល ស្តីពីហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាព សម្រាប់ការរៀបចំស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈ ជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងម្ចាស់ស្ថានីយ អាជីវករប្រេងកាត នានាក្នុងខេត្តប៉ៃលិននាពេលនេះ ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ អំពីហានិភ័យដែលអាចកើតមានឡើង និងអំពីបែបបទ និងនីតិវិធីក៏ដូចជាបច្ចេកទេសសុវត្ថិភាព ក្នុងការគ្រប់គ្រងនិងប្រកបអាជីវកម្មដល់ម្ចាស់ស្ថានីយ អ្នកសាងសង់ស្ថានីយ និងអ្នកធ្វើការស្តុកទុក ផលិតផលប្រេងកាត ជាពិសេសពង្រឹងសមត្ថភាព មន្ត្រីជំនាញបច្ចេកទេស មន្ទីររ៉ែនិងថាមពល និងស្ថាប័នពាក់ព័ន្ធ ឱ្យយល់ពីតួនាទីភារកិច្ច និងនីតិវិធីនានាដើម្បីមានភាពងាយស្រួល ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋក៏ដូចជាការ ចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនានាជាធរមាន ស្របតាមគោលនយោបាយ និងសកម្មភាពអទិភាពឆ្នាំ២០១៩-២០២៣ នៃវិស័យប្រេងកាតកម្ពុជា នៃក្រសួងរ៉ែ និងថាមពល។

    សូមបញ្ជាក់ថា៖ បច្ចុប្បន្នខេត្តប៉ៃលិន មានស្ថានីយប្រេងសរុបចំនួន ២៨ទីតាំង ក្នុងនោះមានច្បាប់ចំនួន ០៦ទីតាំង និងបានដាក់ពាក្យស្នើសុំទៅក្រសួងចំនួន ១១ទីតាំង ចំណែកឧស្ម័នឥន្ទនៈមានចំនួន ០៥ទីតាំង មានច្បាប់ ០១ និងបានដាក់ពាក្យស្នើរសុំទៅក្រសួងចំនួន ០៣ទីតាំង៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img