More

    ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះត្រួតពិនិត្យ ផ្ទះអតីតយុទ្ធដែលរងគ្រោះដោយខ្យល់កន្រ្តាក់នៅដីសម្បទានសង្គមកិច្ច មជ្ឈមណ្ឌលតេជោសន្តិភាព តំបន់ការ៉េ២ 

    spot_img

    (បន្ទាយមានជ័យ)៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ អញ្ជើញចុះត្រួតពិនិត្យ ផ្ទះអតីតយុទ្ធដែលរងគ្រោះដោយខ្យល់កន្រ្តាក់នៅដីសម្បទានសង្គមកិច្ច មជ្ឈមណ្ឌលតេជោសន្តិភាព តំបន់ការ៉េ២ ចំនួន១០៧គ្រួសារនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក។

    ការអញ្ជើញចុះពិនិត្យខ្នងផ្ទះដែលរងការខូចខាតនៅតំបន់ការ៉េ២ របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ខាងលើនេះ មានការចូលរួមអមដំណើរពីលោក លី សារី អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្តផងដែរ។

    ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា៖ ការចាត់ចែងក្រុមជាង ដើម្បីធ្វើផ្ទះថ្មីជូនអតីតយុទ្ធជនដែលផ្ទះរបស់គាត់ប៉ះពាល់ខ្លាំង(ខូចខាតទាំងស្រុង) ត្រូវធ្វើថ្មីឲ្យហើយក្នុងរយៈពេល ១ខែ ក្នុងចំនួនផ្ទះ ៣៩ខ្នង ដែលខូចខាតទាំងស្រុង។ ដោយឡែកផ្ទះប៉ះពាល់ស្រាល ចំនួន៦៨ខ្នងគឺប្រគល់ឲ្យអាជ្ញាធរខេត្ត ស្រុក កងកម្លាំង និងមន្ទីរអង្គភាព ទទួលបន្ទុក ត្រូវរួមគ្នាធ្វើការជួសជុលឡើងវិញ ដោយកំណត់អោយហើយមុនចូលឆ្នាំខ្មែរ។

    ឯកឧត្តម ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ផ្តាំផ្ញើឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់យកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះអាកាសធាតុ ព្រោះរដូវនេះជារដូវដែលមានភ្លៀងធ្លាក់ រួមជាមួយនិងខ្យល់កន្រ្តាក់ ដែលវាអាចបង្កគ្រោះថ្នាក់ ហើយត្រូវតែបន្ត ធ្វើតាមការណែនាំរបស់ ក្រុមគ្រូពេទ្យ ពិសេស អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ ៣ការពារ និង ៣កុំ។

    គួរជំរាបជូនថា៖ ភ្លៀងលាយខ្យល់កន្ត្រាក់ដែលបណ្តាលឲ្យខូចខាត និងប៉ះពាល់ផ្ទះសំបែងរបស់អតីតយុទ្ធជន នៅដីសម្បទានសង្គមកិច្ច មជ្ឈមណ្ឌលតេជោសន្តិភាព តំបន់ការ៉េ២ ចំនួន១០៧គ្រួសារនេះ កើតឡើង កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដែលធ្វើឲ្យផ្ទះ ៣៩ខ្នងខូចខាតទាំងស្រុង និងប៉ះពាល់ស្រាលប៉ើងដំបូលមានចំនួន៦៨ខ្នង៕ (ដោយ ក្តាមស្រែ)

    spot_img

    អត្ថបទទាក់ទង

    spot_img