More

    កិច្ចប្រជុំពិភាក្សា ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ..

    spot_img

    ខេត្តព្រះសីហនុ: ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុកិច្ចប្រជុំនេះបានធ្វើឡើង នៅ ព្រឹក ថ្ងៃ អង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងការិយាល័យច្រកចេញចូលក្រុង ស្រុកទាំង៥ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting។

    ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំដោយគូសបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីស្តាប់របាយការណ៍ការិយាល័យច្រកចេញចូលតែមួយរបស់ក្រុងស្រុកទាំង៥ នៅក្នុងខេត្តព្រះសីហនុ។ តាមការបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងផ្អែកលើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត បានរម្លឹកដល់មន្ត្រីរបស់យើង ត្រូវខិតខំយកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានលឿន និងមានតម្លាភាព។

    ឯកឧត្តមអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំ ចំនួន០៤លើករួចមកហើយ ដើម្បីជម្រុញសេវាកកស្ទះមួយចំនួននៅអង្គភាពច្រកចេញចូលតែមួយខេត្ត។ តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់យើងបានធ្វើការដោះស្រាយនូវសេវាកកស្ទះបានជាច្រើនករណី។ ស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា យើងត្រូវរួមគ្នាដោះស្រាយជម្រុញការបំរើសេវាសាធារណៈ និងបំរើសេវានៅតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយឱ្យកាន់តែប្រសើរបន្ថែមទៀត។

    គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនាពេលនេះ ផ្តោតសំខាន់លើការពិនិត្យឯកសារដែលនៅកកស្ទះ តើក្រុង ស្រុកនីមួយៗនៅមានសេវាប៉ុន្មានដែលនៅសេសសល់កកស្ទះ ដូច្នេះយើងត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយទៅតាមតួនាទីភារកិច្ចឱ្យបានល្អលឿនជាគោលដៅដែលយើងចង់បាន។ ត្រូវតាមដានជម្រុញការងារបំរើសេវាសាធារណៈ និងធ្វើការដោះស្រាយសេវាកកស្ទះនៅតាមការិយាល័យច្រកចេញចូលតែមួយតាមក្រុងស្រុកឱ្យមានតម្លាភាព និងទទួលបានលទ្ធផលតាមការរំពឹងទុក។

    ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ការិយាល័យច្រកចេញចូលតែមួយក្រុងស្រុក ត្រូវបង្កើតក្រុមការងារចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មតាមដែនសមត្តកិច្ចរបស់ខ្លួនឱ្យមកសុំសេវានៅតាមការិយាល័យច្រកចេញចូលតែមួយ ដើម្បីយើងមានទិន្នន័យក្នុងការគ្រប់គ្រងឱ្យមានសណ្តាប់ធ្នាប់ និងមានគុណភាព។ រដ្ឋបាលក្រុងស្រុកត្រូវប្រជុំជាមួយការិយាល័យច្រកចេញចូលតែមួយ ផ្តោតលើបញ្ហាប្រឈម និងត្រូវកៀរគរវិស័យដែលនៅសេសសល់ ដើម្បីឱ្យប្រជាពលរដ្ឋមកទទួលសេវានៅតាមការិយាល័យច្រកចេញចូលតែមួយ៕ដោយ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img