
ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាក Ford Ranger មួយគ្រឿងបុកខឿនសួនចែកទ្រូវផ្លូវបណ្ដាលឱ្យបែកខឿនសួន រួចបន្តទៅបុកដើមផ្កាចំនូន២ដើម ទៀតលើសួនបណ្តលឲ្យរងការខូចខាត ចំណែករថយន្តបែកយ៉ាន់នឹងដាច់កាឡេកង់មុខកល់ជាប់លើសួនចែកទ្រូងផ្លូវទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែមិនាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ខាងត្បូងផ្សារទួលពង្រជាង ១០០ ម៉ែត្រស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកFord Rangerមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BP-5517ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿនសួនបណ្ដាលឱ្យរងការប្រេះបែក ឯរថយន្តបន្តទៅមុខបុកដើមផ្កាខូចខាតអស់ចំនួន២ដើមថែមទៀត ហើយរថយន្តបង្កបែកយ៉ាន់នឹងដាច់ក្រឡេកង់ខាងមុខខាងឆ្វេងកល់លើសួនចែកទ្រូងផ្លូវជាប់ទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ បានចុះមកពិនិត្យថាមិនមានការខូចខាតនោះទេរួចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកជួសជុលដោយខ្លួនឯង៕ដោយ កុសល់