More

    មន្ទីរឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្តខេត្តកំពង់ស្ពឺ ចុះដាក់ជញ្ជីងសុវត្ថិភាពនៅតាមផ្សារ

    spot_img

     

    ខេត្តកំពង់ស្ពឺ៖ ក្នុងគោលបំណងរក្សាតម្លាភាពរវាងក្រុមអាជីវករ អ្នកលក់ដូរទំនិញ និងប្រជាពល រដ្ឋ អ្នកទិញទំនិញផ្សេងៗឱ្យជៀសផុតពីការបន្លំភ្នែកជញ្ជីង នៅចុងសប្តាហ៍កន្លងទៅថ្មីៗនេះ មន្ទីរឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្តខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកនួន សុភ័ណ្ឌ ប្រធានមន្ទីរ សហការជាមួយនិងអាជ្ញាធរក្រុងច្បារមន និងសមត្ថកិច្ចពាក់ព័ន្ធបានអញ្ជើញចុះបំពាក់ ជញ្ជីងគំរូចំនួន០២ទីតាំងផ្សេងគ្នា ក្នុងផ្សារកំពង់ស្ពឺ។

    លោក នួន សុភ័ណ្ឌ ប្រធានមន្ទីរឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្ត បានឱ្យដឹងថា មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណកម្មាធិការផ្សារកំពង់ស្ពឺ ដើម្បីតំឡើងជញ្ជីងគំរូដែលមានសុក្រិតភាពច្បាស់លាស់ ជាច្រើនទីតាំងដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទិញទំនិញបន្លែ ផ្លែឈើ ត្រី សាច់ នៅក្នុងផ្សារនេះ អាចប្រើប្រាស់ក្នុងការថ្លឹងផ្ទៀងផ្ទាត់គីឡូជាមួយភ្នែកជញ្ជីងរបស់អ្នកលក់ ជៀសវាងក្នុងការខាតបង់នានា។

    លោក នួន សុភ័ណ្ឌ ប្រធានមន្ទីរ បានបន្តទៀតថា មន្ត្រីមន្ទីរជំនាញមិនត្រឹមតែតំឡើងជញ្ជីងយុត្តិធម៌នេះនៅផ្សារកំពង់ស្ពឺនោះទេ គឺនៅតាមបណ្តាលស្រុកផ្សេងទៀតក៏មានការតំឡើងជញ្ជីងគំរូនេះ ដើម្បីឆ្លើយតបការប្រើប្រាស់និង ភាពត្រឹមត្រូវក្នុងការជួញដូរទំនិញនានា ។

    លោក ប្រធានមន្ទីរ ក៏បានសំណូមពរដល់អាជីវករលក់ដូរទាំងអស់សូមយកជញ្ជីងដែលថ្លឹងបន្លែ ត្រី សាច់ ផ្លែឈើនានាទៅមន្ទីររៀងរាល់ម៉ោងធ្វើការដើម្បីត្រួតពិនិត្យបច្ចេកទេស និងលកខណៈត្រឹមត្រូវឱ្យបានច្បាស់លាស់ដើម្បីទំនុកចិត្តដល់អតិថិជនរបស់ខ្លួន។

    ដោយឡែកលោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន បានថ្លែងអំណរគុណដល់មន្ទីរឧស្សាហកម្ម ដែលបានយកចិត្តទុកដាក់បំពាក់ជញ្ជីងគំរូចំនួន០២គ្រឿង នៅក្នុងផ្សារកំពង់ស្ពឺ ដែលនេះគឺជារឿងដ៏ល្អមួយសម្រាប់អ្នកលក់និងអ្នកទិញអចទទួលយកបានរបៀបត្រឹមត្រូវរៀងៗខ្លួន។

    ជាចុងក្រោយលោកអភិបាលក្រុង ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាជញ្ជីងគំរូនេះឱ្យបានល្អជាយូរអង្វែងដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា៕ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img