More

    ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

    spot_img

    (ខេត្តព្រះសីហនុ) ព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សូរ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលក្រុងស្រុក ប្រធានមន្ទីរ អង្គភាព មេឃុំចៅសង្កាត់ និងអង្គការក្រៅសង្គមស៊ីវិល។

    ឯកឧត្តម សូរ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានថ្លែងបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ថា ដើម្បីស្តារសេដ្ឋកិច្ចសង្គមពីវិបត្តិនៃជំងឺកូវីដ-១៩ យើងត្រូវខិតខំបង្កលក្ខណៈសម្បត្តិល្អ បើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គម លើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មី។

    ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានបន្តថា រដ្ឋបាលខេត្តបានកៀរគរសប្បុរសជនក្នុងការសាងសង់មន្ទីរពិសោធន៍តេស្តសំណាករកមេរោគកូវីដ-១៩ ដំឡើងម៉ាស៊ីនផលិតអ៊ុកស៊ីសែនផ្គត់ផ្គង់មន្ទីរពេទ្យបង្អែកខេត្ត និងសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ មួយខ្នង កម្ពស់មួយជាន់ មានបណ្តោយ៩០ម៉ែត្រ និងទទឹង៣៣ម៉ែត្រ។

    ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តទៀតថា ក្នុងឆ្នាំ២០២១ កន្លងទៅ ខេត្តព្រះសីហនុមានបទល្មើសព្រហ្មទណ្ឌថយចុះ២៤ ភាគរយ បទល្មើសឧក្រិដ្ឋថយចុះ៥២ភាគរយ បទល្មើសមជ្ឈិមថយចុះ១៨ភាគរយ បទល្មើសគ្រឿងញៀនថយចុះ១៧ភាគរយ បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទថយចុះ ៤៨ភាគរយ។

    ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងអាជ្ញាធរដែនដីដែលបានខិតខំរួមគ្នាសម្រេចសមិទ្ធផលខាងលើ ដោយឡែកបញ្ហាប្រឈមនានា យើងត្រូវខិតខំរួមគ្នាពុះពារជំនះដោះស្រាយ តាមសំណូមពរ និងអនុវត្តក្នុងឆ្នាំ២០២២។ យើងត្រូវយកអស់កម្លាំងកាយ ប្រាជ្ញាស្មារតី និងបទពិសោធន៍ ដើម្បីផ្តល់ធាតុចូលសំដៅសម្រេចលទ្ធផលតាមការគ្រោងទុក។ ទន្ទឹមនោះត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ពិសេសការពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព ការសម្អាតដៃដោយសាប៊ូ អាល់កុល ដើម្បីសុខភាពខ្លួនឯង ក្រុមគ្រួសារ និងសង្គម។

    នៅក្នុងអង្គសន្និបាតនេះដែរ ក៏បានបែងចែកក្រុមការងារជា០៣ក្រុម ដោយធ្វើការពិភាក្សាលើប្រធានបទចំនួន០៥ ដូចខាងក្រោម៖
    ក្រុមទី១:
    -ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
    -ការអនុវត្តថវិការបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
    ក្រុមទី២:
    -ការងារផ្តល់សេវាសាធារណៈ
    -យន្តការគាំទ្ររដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់
    ក្រុមទី៣:
    -ការប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ដោយ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img