
មណ្ឌលគិរី៖ ជនសង្ស័យបរបាញ់សត្វព្រៃ២នាក់ ត្រូវបានមន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរីឃាត់ខ្លួន ព្រោះតែពួកគេមានអាវុធជាប់នឹងខ្លួន និងប៉ុនប៉ងវាយប្រហារមកលើមន្ត្រីជំនាញ។
ការចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ នៅពេលមនត្រីឧទ្យានុរក្ស កំពុងចុះប្រតិបត្តិការ ល្បាត តាមដានអង្កេតស្រាវជ្រាវបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចណងប៊ួរ ដែលមាននិយាមកា ៧៣៤៧៦៤-១៤៦៤១៣០ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងភូមិណងប៊ួរ ឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
មន្ត្រីជំនាញ បានរឹបអូសវត្ថុតាងរួមមាន៖
១- កាំភ្លើង (AK-47) ស្វ័យបត់ចំនួន០១ដើម គ្រាប់៣៧គ្រាប់
២- កាំភ្លើងឆ្នុកដូងចំនួន០១ដើម
៣- គ្រាប់ប្រដាងចំនួន៥០គ្រាប់ និងរំសេវផ្ទុះចំនួនកន្លះដប
៤- ម៉ូតូម៉ាកវេវ(ឆ្លាម) ចំនួន០១គ្រឿង
៥- ម៉ូតូម៉ាកវេវ(អេស) ចំនួន០១គ្រឿង
វត្ថុតាងទាំងអស់បានយកមករក្សាទុកនៅស្នាក់ការត្រពាំងត្រាច ដើម្បីបន្តនីតិវិធី។
លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងកាលពីម្សិលមិញថា ជនសង្ស័យ ទាំងពីរនាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវីធី នៅថ្ងៃទី ២១ខែកុម្ភៈ នេះ ៕ អត្ថបទ៖ឆាយ តារា