More

    ឆ្មក់ចូលឆែកឆេរ ក្នុងផ្ទះល្វែងមួយកន្លែង ដែលផ្ទុកកុំព្យូទ័រជាច្រើនគ្រឿង រកឃើញបទល្មើសចំនួន៣ ទៅ ៤ករណី

    spot_img

    ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយនឹងខាងអយ្យការអមសាលាដំបូងខេត្ត ចុះពិនិត្យវត្ថុតាងបទល្មើស ក្រោយកម្លាំងប៉ុស្តិ៍ស្ទឹងកាច់ សហការជាមួយកម្លាំងផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបង្ក្រាបកន្លងមក ដែលគេសង្ស័យថា ម្ចាស់ផ្ទះអាចនឹងលួចបើកល្បែងអនឡាញខុសច្បាប់ ដោយរឹបអូសបានកុំព្យូទ័រ និងសម្ភារ:ផ្សេងៗជាច្រើន។ ក្រោយពីស មត្ថកិច្ចស៊ើបអង្កេតរួច រកឃើញបទល្មើសជាច្រើនក្នុងករណីនេះ ដូចជាបទល្មើសគេចពន្ធ បទល្មើសស្តុបទុក និងចែកចាយ បទល្មើសបើកល្បែងអនឡាញខុសច្បាប់ ហើយអាចនឹងជាករណីលាងលុយកខ្វក់ ខណ:មន្រ្តីនគរបាលកំពុងធ្វើការស្រាវជ្រាវបន្ត។

    សូមបញ្ជាក់ថា កាលពីវេលាម៉ោង ០៥ និង០៥នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាល បានចុះឆ្មក់ចូលឆែកឆេរផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលម្ចាស់ផ្ទះមាន ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិខាងលើ ដោយគេសង្ស័យថា លួចបើកល្បែងអនឡាញ ខុសច្បាប់។

    បើតាមប្រភពព័ត៌មានពីលោក ម៉ែ រិទ្ធី ស្នងការរងទទួលបន្ទុកផ្នែកបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា ៖ វត្ថុតាងដែលកម្លាំងនគរបាលដកហូតបាន និងធ្វើការរាប់រួចរាល់មានដូចតទៅ ៖ ទី១. ស៊ីភីយូ ( CPU) ចំនួន១២២គ្រឿង ទី២. កុំព្យូទ័រឡែបថប(Laptop) ចំនួន០២គ្រឿង ទី៣. ម៉ូនីទ័រ (Monitor) ចំនួន២៥១គ្រឿង ទី៤. ឃីបត(Keyboard) ចំនួន១២៤គ្រឿង ទី៥. ម៉ាស៊ីនព្រីនចំនួន០២គ្រឿង ទី៦. អាំងម៉ូទ័រទបើភ្លើងចំនួន២២គ្រឿង និងសម្ភារ:ផ្សេងៗមួយចំនួនទៀត។

    លោកបន្តទៀតថា ក្រោយពីនគរបាលជំនាញ ធ្វើការស៊ើបអង្កេត និងរាប់ចំនួនសម្ភារ:ពាក់ព័ន្ធនឹងបទល្មើសរួច លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន សហការជាមួយនឹងលោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះពិនិត្យមើលរួចនឹងរៀបចំបញ្ជូនសម្ភារ:ទាំងអស់ខាងលើទៅតុលាការខេត្តប៉ៃលិន។

    លោកបញ្ជាក់ថា សមត្ថកិច្ចបានរកឃើញបទល្មើសចំនួន៣ ហើយអាចនឹងឈានដល់៤ថែមទៀតផង ទី១. បទល្មើសគេចពន្ធ ទី២. បទល្មើសស្តុបទុក និងចែកចាយ ទី៣. លួចលាក់បើកល្បែងអន ឡាញខុសច្បាប់ និងទី៤. អាចនឹងរកឃើញបទល្មើសលាងលុយ បើសមត្ថកិច្ចបន្តស្រាវជ្រាវបន្ថែមទៀត ក៏នឹងបន្តរកម្ចាស់ ដើម្បីឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្ត៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img