ទំព័រដើម ទំព័រដើម ពិធីជួបសំណេះសំណាល ជាមួយបេក្ខជន ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ "និទ្ទេស A B C

ពិធីជួបសំណេះសំណាល ជាមួយបេក្ខជន ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ “និទ្ទេស A B C

- ពាណិជ្ជកម្ម -

ខេត្តព្រះសីហនុ:មានពិធីជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ “និទ្ទេស A B C” ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ ពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាល័យក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នាំសិក្សា២០២០-២០២១ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បេក្ខជនដាក់ពាក្យប្រឡងមានចំនួន១,៣៥២នាក់ ស្រី ៧១០នាក់ ប្រឡងជាប់ចំនួន១,០២៣នាក់ ស្រី ៥៦២នាក់ ស្មើនឹង៧៥,៦៧ភាគរយក្នុងនោះ៖

-និទ្ទេសA មានចំនួន២០នាក់ ស្រី០៩នាក់ ក្នុងនោះវិទ្យាល័យហ៊ុនសែនក្រុងចំនួន០៧នាក់ វិទ្យាល័យ ហ៊ុន សែន មិត្តភាព ចំនួន៣នាក់ វិទ្យាល័យជីវិត ចំនួន០៣នាក់ វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ចំនួន០២នាក់ វិទ្យាល័យ ហ៊ុន សែន វាលរេញ ចំនួន០២នាក់ វិទ្យាល័យសុវណ្ណភូមិចំនួន០២នាក់ និងវិទ្យាល័យស្ទឹងហាវចំនួន០១នាក់។
-និទ្ទេសB មានចំនួន៦៧នាក់ ស្រី៤៣នាក់
-និទ្ទេសC មានចំនួន១៧០នាក់ ស្រី៩៩នាក់
-និទ្ទេសD មានចំនួន៣៧២នាក់ ស្រី២០៩នាក់
-និទ្ទេសE មានចំនួន៣៩៤នាក់ ស្រី២០២នាក់។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ បានសម្ដែងនូវការអបអរសាទរចំពោះសិស្សដែលទទួលបានជ័យលាភី ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ និងសូមអភ័យទោសចំពោះការយឺតយ៉ាវដើម្បីរៀបចំការជួបជុំ ដោយសារការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំលែងថ្មី។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ក៏បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជួយគាំពារដល់វិស័យអប់រំនៅកម្ពុជា ដោយបានធ្វើការកែទម្រង់វិស័យអប់រំ ទាំងបរិមាណ និងគុណភាព។ ដូច្នេះនៅពេលខាងមុខសិស្សានុសិស្សទាំងអស់ត្រូវធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្នុងការចាប់យកមុខជំនាញដើម្បីបន្តការសិក្សា និងត្រឡប់មកបំរើការងារនៅខេត្តព្រះសីហនុយើងវិញ ព្រោះខេត្តព្រះសីហនុ ពោរពេញដោយសក្តានុពលសេដ្ឋកិច្ច ត្រូវបានកំណត់ជាខេត្ត តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានកំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿន និងជាខេត្តទេសចរណ៍ផងដែរ។

ឯកឧត្តម សាយ សំអាល់ ក៏បានចូលរួមសោកស្ដាយចំពោះសិស្សានុសិស្សដែលមិនបានប្រឡងជាប់ និងបានលើកទឹកចិត្តដល់ពួកគេ មិនត្រូវអស់សង្ឃឹម និងកុំបោះបង់ចោលការសិក្សា គឺត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីទទួលបានលទ្ធផលជោគជ័យនៅឆ្នាំសិក្សាបន្ទាប់។ ឯកឧត្តមបានបញ្ជាក់ថា សិស្សជ័យ លាភីទាំងអស់ត្រូវតែខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីបំប៉ន និងលើកកម្ពស់សមត្ថភាពរបស់ខ្លួនឱ្យបានជាប់ជាប្រចាំទាំងខាងចំណេះដឹង ចំណេះធ្វើ ខាងសីលធម៌សុជីវធម៌សម្រាប់យកទៅប្រើប្រាស់ឱ្យបានជាគុណប្រយោជន៍ ដល់ខ្លួនឯងផង គ្រួសារផង និងសង្គមជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ ក៏បានផ្តល់ការលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ និទ្ទេសA ចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ ០១គ្រឿង និងថវិកា ៥០០ដុល្លា និទ្ទេសB ចំនួន ៦៧នាក់ ក្នុងម្នាក់ៗថវិកា ២០០ដុល្លា និងនិទ្ទេសC ចំនួន១៧០នាក់ ក្នុងម្នាក់ៗថវិកា ១០០ដុល្លា៕ដោយ វ៉ាន់និ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម