More

    ប្រកាសតែងតាំងអភិបាលស្រុក គាស់ក្រឡ ក្រោយមានរឿងចម្រូងចម្រាស បញ្ហាដីធ្លីក្នុងស្រុកនេះ

    spot_img

    បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលស្តីទីស្រុកគាស់ក្រឡ ជំនួសលោកអភិបាលស្រុកចាស់ ដែលទើបបញ្ចប់មុខតំណែង។

    នៅក្នុងពិធីប្រកាសចូលកាន់ មុខតំណែងនាថ្ងៃនេះដែរ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ផ្តាំផ្ញើដល់លោក អភិបាលស្រុកថ្មី ធ្វើយ៉ាងណាត្រូវមានសាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែទូលំទូលាយថែមទៀត រវាងថ្នាក់លើ និងថ្នាក់ក្រោម ជាមួយបណ្តាមន្ទីរ អង្គភាព ដៃគូរអភិវឌ្ឍពាក់ព័ន្ធនានា និងរដ្ឋបាលឃុំ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។

    បន្ថែមពីនេះត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយបញ្ហាកង្វល់ សំណូមពរនានារបស់ប្រជាពលរដ្ឋ ជាពិសេសករណីទំនាស់ដីធ្លី ដោយស្មារតីយកចិត្តទុកដាក់គិតគូរ ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំដោយ មិនត្រូវទុកឱ្យប្រជាពលរដ្ឋរងគ្រោះ ដោយសារបញ្ហាទំនាស់ដីធ្លីនោះទេ។

    គួរបញ្ជាក់ថា លោក ញឹក សារ៉ែន អតីតប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត សាលាខេត្ត ត្រូវបានតែងតាំងជាអភិបាលស្តីទី នៃគណៈអភិបាលស្រុកគាស់ក្រឡ ជំនួសលោក ម៉ៅ សុចាន់ ដែលទើបបញ្ចប់មុខតំណែង អោយទៅបម្រើការងារនៅសាលាខេត្តវិញ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសាលាស្រុកគាស់ក្រឡ ដែលមានការអញ្ជើញចូលរួមពីលោក អភិបាលរងនៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក មេឃុំ និងការិយាល័យនានាជុំវិញស្រុកជាច្រើនផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img