More

    អាជីវករដាក់លក់ដូរលើចិញ្ចើមផ្លូវ យ៉ាងអាណាធិបតេយ្យ ដោយគ្មានការរៀបចំពីអាជ្ញាធរ ធ្វើឲ្យមានការកកស្ទះជារៀងរាល់ថ្ងៃ

    spot_img

    បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ សំណូមពរឲ្យ អាជ្ញាធរក្រុងប៉ោយប៉ែត គួរមានវិធានការរៀបចំ សណ្តាប់ធ្នាប់លើអាជីវកម្ម ដែលយកផ្លូវសាធារណៈ ដាក់លក់បន្លែ ត្រី សាច់ ផ្លែឈើ និងទំនិញផ្សេងៗ បង្កការកកស្ទះជារៀងរាល់ថ្ងៃ។

    ប្រជាពលរដ្ឋបានរអ៊ូរទាំថា កំណត់ផ្លូវបេតុងដែលជាផ្លូវហ្សូអា តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅភូមិផ្សេងៗនៅក្នុងក្រុងប៉ោយប៉ែត សំរាប់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ និងជាផ្លូវបេតុងកសាងឡើង ដោយមានការចូលរួមថវិកាពីប្រជាពលរដ្ឋ នៅខាងកើតផ្សារត្រីក្រុងប៉ោយប៉ែត ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមអាជីវករមួយចំនួន ដាក់រទេះកង់បី លក់ត្រី សាច់ បន្លែ ផ្លែឈើ និងទំនិញផ្សេងៗ បង្កភាពរញ៉េរញ៉ៃ បណ្តាលឲ្យផ្លូវកកស្ទះជារៀងរាល់ថ្ងៃ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ពិបាកធ្វើដំណើរ ខណៈដែលមន្ត្រីពាក់ព័ន្ធ ហាក់ដូចមិនទាន់មានចំណាត់ការសោះ។

    ប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកផ្លូវមួយនេះ គឺពិបាកធ្វើដំណើរខ្លាំងណាស់ ដោយមានភក់ជ្រាំក្រឡុកធំៗ តែដល់ពេលផ្លូវស្អាត ចាក់បេតុងឲ្យប្រជាពលរដ្ឋប្រើប្រាស់ហើយ បែជាបង្កភាពរញ៉េរញ៉ៃ ធ្វើឲ្យកកស្ទះពេញផ្លូវ ធ្វើដំណើរទម្រាំតែឆ្លងផុតម្តងៗគឺលំបាក។ ប្រជាពលរដ្ឋបន្តថា កន្លងមកអាជ្ញាធរ រួមទាំងសមត្ថកិច្ចឃើញចុះរៀបចំដែរ តែធ្វើបានតែមួយថ្ងៃ ឬពីរថ្ងៃ ក៏ឈប់ធ្វើវិញ មិនមានវិធានការទប់ស្កាត់ឲ្យបានត្រឹមត្រូវ រីឯក្រុមអ្នកលក់វិញ រឹតតែបានចិត្ត បន្តយកផ្លូវសាធារណៈ មកជាកន្លែងប្រកបអាជីវកម្មតែម្តង។ ដោយសារភាពលំបាក ធ្វើដំណើរ និងភាពរញេរញ៉ៃទាំងនេះ ពលរដ្ឋសំណូមពរឲ្យមន្ត្រីពាក់ព័ន្ធ ពិសេសអាជ្ញាធរដែនដី គួរមានវិធានការជាបន្ទាន់ មិនគួរទុកបណ្តាយឲ្យ មានភាពអាធិបតេយ្យបែបនេះឡើយ។
    ពាក់ព័ន្ធនឹងករណីនេះ លោក ញ៉ាន អ៊ុយអៀង អធិការរងទទួលការងាររៀបចំសណ្តាប់ធ្នាប់ក្រុងប៉ោយប៉ែត បានឲ្យដឹងថា លោកនឹងដឹកនាំកម្លាំង ចុះទៅរៀបចំផ្ទាល់ក្នុងពេលឆាប់ៗនេះតែម្តង៕ រូបភាព និងអត្ថបទ៖ សន សុង

    spot_img

    អត្ថបទទាក់ទង

    spot_img