More

    អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិ

    spot_img

    ប៉ៃលិន៖ ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយសាររដូវនេះ ជារដូវមានភ្លៀងធ្លាក់ច្រើន និងលាយឡំជាមួយខ្យល់កន្ត្រក់ ផ្គរ រន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើតឡើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសកូនចៅតូចៗ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល។

    ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់បន្ថែមថា៖ គ្រោះថ្នាក់ធម្មជាតិ គឺតែងតែកើតមានឡើងជាយថាហេតុ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ និងប្រញ៉ាប់រាយការណ៍មកកាន់ អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឲ្យបានលឿន ដើម្បីឱ្យក្រុមការងារ ចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ឱ្យបានទាន់ពេលវេលា ក្នុងការចូលរួមសម្រាលការខ្វះខាតនានា ជាបណ្តោះអាសន្ន។

    ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បន្តថា៖ បើទោះបីជាអំណោយសង្គ្រោះបន្ទាន់ទាំងនេះ មិនអាចបំពេញតាមតំរូវការ និងការលំបាករបស់បងប្អូនក៍ពិតមែន តែក៍អាចដោះស្រាយបានមួយរយៈពេលផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុពូមីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត ដូចជាការបង្ករបង្កើនផលដាំដំណាំ និងការចិញ្ចឹមសត្វលក្ខណៈគ្រួសារ ឱ្យបានកាន់តែច្រើន ដើម្បីលើកកម្ពស់ជីវភាពឱ្យបានប្រសើជាងមុន។

    នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៍បានមានប្រសាសន៍អំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវរស់នៅមានអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងនៅពេលចេញទៅខាងក្រៅ ហើយប្រសិនបើមានសាច់ញាតិ ទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ព្រមទាំងដាក់ខ្លួននៅដាច់ដោយឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមកស្និតស្នាល ជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ហើយបើមានអាការៈសង្ស័យណាមួយ ត្រូវប្រញាប់មកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកលេខ១១៥។

    សូមរំលឹកថា៖ កាលពីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តប៉ៃលិន មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំនឹងខ្យល់កន្ត្រាក់ បានបណ្តាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន ០៨គ្រួសារ នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយអាជ្ញាធរខេត្ត បានផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់គ្រួសាររងគ្រោះ ដោយក្នុង១គ្រួសារៗ រួមមាន៖ កៅស៊ូតង់ ១ អង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកត្រី១យួ ត្រីខ ១យួ និងប្រេងឆា ១ដបផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img