More

    ពលរដ្ឋនាំគ្នារាយដុំឈើ និងបាចដែកគោលតាមផ្លូវ ខណៈរថយន្តដឹកដីជាង១០០គ្រឿង បើកគ្មានស្រោចទឹក

    spot_img

    កំពត៖ ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ទៅកាន់រមនីយ៍ដ្ឋានភ្នំឈ្ងោក ស្ថិតក្នុងភូមិមានឬទ្ធិ ឃុំកណ្តោល និងឃុំត្រពាំងព្រីង ស្រុកទឹកឈូ នៃខេត្តកំពត បាននាំគ្នាពង្រាយដែកគោល និងដាក់កំណាត់ឈើតាមផ្លូវ ព្រោះខឹងនឹងក្រុមឈ្មួញដឹកដី បំផ្លាញផ្លូវ ហើយគ្មានស្រោចទឹក បង្កការហុយដាក់ផ្ទះសំបែងពួកគាត់ ប្រឈមនឹងគ្រោះថ្នាក់ ខណៈដែលពុំមានអ្នកជួយដោះស្រាយ ឲ្យពួកគាត់សោះ។

    ក្រុមប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដំណើរ នៅសងខាងផ្លូវទៅរមនីយ៍ដ្ឋានភ្នំឈ្ងោក បាននាំគ្នារអ៊ូរទាំ ប្រាប់បណ្តាញសារព័ត៌មានថា អស់រយៈពេលជាច្រើនខែ ច្រើនឆ្នាំមកហើយ ដែលក្នុងភូមិឋានរបស់ពួកគាត់ ពោរពេញដោយធូលីដី ដោយសារការដឹកជញ្ជូនដី របស់ក្រុមហ៊ុនមួយចំនួន នៅតំបន់ខាងលើ ដោយគ្មានការស្រោចទឹក និងគ្របឲ្យបានត្រឹមត្រូវ។ ពួកគាត់បាននិយាយថា សព្វថ្ងៃនេះមាន ពួកគាត់កំពុងធុញទ្រាន់ នឹងក្រុមហ៊ុនកាយដីភ្នំចំនួន៤ទីតាំង ក្បែរៗគ្នា នៅជាប់ភ្នំឈ្ងោក ដែលមានម្ចាស់ឈ្មោះ ញន ឈ្មោះ ឃាង ឈ្មោះ ធី ឈ្មោះ ភារិន្ទ និងឈ្មោះ សំអាត ជាដើម ខណៈដែលថៅកែគ្រឿងចក្រទាំងនេះ រកស៊ីបំពេញតែតម្រូវការខ្លួនឯង ដោយមិនខ្វាយខ្វល់នឹងការ ប៉ះពាល់មកលើប្រជាពលរដ្ឋសោះ។ ក្រុមប្រជាពលរដ្ឋ បានបន្តនិយាយថា ពួកគាត់មិនមែនហាមឃាត់ រថយន្តដឹកដីខាងលើ មិនឲ្យធ្វើចរាចរណ៍នោះទេ ក៏ប៉ុន្តែពួកគាត់ ចង់ឲ្យម្ចាស់គ្រឿងចក្រទាំងនោះ ពន្យល់ណែនាំអ្នកបើកបររថយន្ត កុំឲ្យបើកលឿនក្នុងភូមិ ពិសេសគឺត្រូវ មានរថយន្តស្រោចទឹកផ្លូវជាប្រចាំ ដើម្បីកុំឲ្យហុយមកលើប្រជាពលរដ្ឋ។ តែសំណូមពររបស់ពួកគាត់បែបនេះ ខាងថៅកែគ្រឿងចក្រទាំងនោះ មិនអើពើ និងមិនធ្វើតាមឡើយ។ ពលរដ្ឋបន្តថា បើសិនមានអាជ្ញាធរ និងសមត្ថកិច្ចមកណែនាំ ពួកគេធ្វើតាមខ្លះ តែពេលសមត្ថកិច្ចត្រលប់ទៅវិញអស់ មិនខុសពីវែកចកទេ។

    ទាក់ទងនឹងអាជីវកម្មកាយដីនៅតំបន់ភ្នំឈ្ងោកនេះ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពលរដ្ឋ ខេត្តកំពត បានមានប្រសាសប្រាប់ ក្រុមអ្នកសារព័ត៌មានថា លោកមិនទាន់បានដឹងច្បាស់ថា នៅតំបន់នោះមានក្រុមហ៊ុនណាខ្លះ មានច្បាប់ឬអត់ច្បាប់នោះទេ ចាំលោកសួរខាងការិយាល័យជំនាញសិន។

    ចំណែកអនុប្រធានការិយាល័យជំនាញរ៉ែ នៃមន្ទីររ៉ែ និងថាមពលរដ្ឋខេត្តកំពត ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានយើងថា នៅតំបន់ខាងលើ មានកន្លែងកាយដីចំនួន៥ទីតាំងផ្សេងគ្នា ដោយឡែកមាន១ទីតាំង ដែលមានទូកុងទីន័រ គឺមិនទាន់មានច្បាប់អនុញ្ញាតិទេ តែបានកាយធ្វើអាជីវកម្ម។ ចំពោះករណីរថយន្តដឹកដី បើកគ្មានស្រោចទឹក បង្កការហុយដល់ពលរដ្ឋនេះ អនុប្រធានការិយាល័យជំនាញ ថាសូមសួរទៅខាងអាជ្ញាធរ។

    ពាក់ព័ន្ធនឹងទុក្ខកង្វល់ របស់ប្រជាពលរដ្ឋ ករណីកាយដីនៅតំបន់រមនីយ៍ដ្ឋានភ្នំឈ្ងោក យកអាចម៍ដីលក់ធ្វើអាជីវកម្ម ដោយបង្កផលប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនេះ លោក នាក់ សុវណ្ណរី អភិបាលស្រុកទឹកឈូ បានបកស្រាយថា សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាល្អត្រឹមត្រូវ បើសិនក្រុមហ៊ុនមិនស្រោចទឹកឲ្យពលរដ្ឋ ទាល់តែក្រុមហ៊ុនកុំប្រើប្រាស់ផ្លូវនោះដែរ។ លោកថាករណីនេះ លោកនឹងឲ្យមេឃុំទៅត្រួតពិនិត្យមើល។

    គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមរថយន្តដឹកដីខាងលើ បានបើកបុកគោយន្តដឹកទឹករបស់ពលរដ្ឋ បណ្តាលឲ្យមានអ្នករបួស បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តែអ្វីដែលពលរដ្ឋចាប់អារម្មណ៍នោះត្រង់ថា ក្រុមអ្នកបើករថយន្តដឹកដី បានប្រមាថអាយុជីវិតពលរដ្ឋ ដោយនិយាយថា ពួកគេចង់បុកឲ្យស្លាប់ក៏បានដែរ ព្រោះមានថៅកែគេចាំសងតែ៣ ទៅ៤ពាន់ដុល្លា ជាការស្រេច។ សូមបញ្ជាក់ថា តាមគោលការណ៍របស់ក្រសួង រាល់ការដឹកជញ្ជូនរ៉ែ ត្រូវឲ្យមានការគ្រប និងស្រោចទឹក ដើម្បីកុំឲ្យប៉ះពាល់ដល់ពលរដ្ឋ តែក្នុងករណីនេះ គេសង្កេតឃើញថា ក្រុមឈ្មួញទាំងនេះ មិនខ្ចីខ្វល់ ឬមិនខ្លាចញញើតឡើយ ទើបពលរដ្ឋ សំណូមពរឲ្យអាជ្ញាធរ និងសមត្ថកិច្ចគួរមានវិធានការ ចំពោះក្រុមឈ្មួញដែលរកស៊ីទាំងនោះ ដើម្បីជួយដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋ៕ រូបភាព និងអត្ថបទ៖ ខ្លឹមតូច


    spot_img

    អត្ថបទទាក់ទង

    spot_img