More

    អភិបាលខេត្តប៉ៃលិនដឹកនាំ មន្ត្រីសុរិយោដីទាំងអស់ទៅស្បថ ក្រោយធ្វើបាត់ប័ណ្ណកម្មសិទ្ធិជាច្រើនប្លង់

    spot_img

    ប៉ៃលិន៖ ក្រោយពីមានភាពចម្រូងចម្រាស់ រវាងថ្នាក់ដឹកនាំ និង មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន ពាក់ព័ន្ធនឹងអំពើពុករលួយមួយចំនួន ដែលធ្វើឲ្យមានការបាត់សន្លឹកប័ណ្ណ ប្រហែល២០ប្លង់ នាំឲ្យមានការខឹងសម្បារពីប្រជាពលរដ្ឋ។ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ប្រធានមន្ទីររៀបចំដែនដី និងមន្ត្រីជំនាញក្នុងខេត្តប៉ៃលិន បាននាំគ្នាទៅស្បថចំពោះមុខអភិបាលខេត្ត នៅកន្លែងបារមីលោកយាយយ៉ាត ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

    យោងតាមប្រភពព័ត៌មានពីខេត្តប៉ៃលិន បានឲ្យដឹងថា ករណីថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងសុរិយោដី ធ្វើពិធីស្បថបង្ហាញពីភាពសច្ចនេះ គឺធ្វើឡើងក្រោយពេលដែលមួយរយះ កន្លងមកនេះ មានប្រជាពលរដ្ឋជាច្រើន បានសំដែងការអន់ចិត្ត ចំពោះភាពយឺតយ៉ាវ ក្នុងការពឹងពាក់រត់ការធ្វើប្លង់ដី និងមានពលរដ្ឋខ្លះ បានឲ្យប្រាក់ និងឯកសារទៅឱ្យមន្ត្រីជំនាញទាំងនោះហើយ បែរជាមិនបានដំណឺងអំពីប្លង់ត្រលប់មកវិញ ជួនកាលចាំចាប់ពី៦ខែ ចូលដល់ឆ្នាំក៏មាន។ ហើយពេលខ្លះ ក៏មានការធ្វេសប្រហែស ធ្វើឱ្យបាត់ឯកសាររបស់ពលរដ្ឋផងដែរ ជាក់ស្តែងកាលពីពេលថ្មីនេះ មានដំណឹងលេចធ្លាយថា មានអ្នកបន្លំលួចឯកសារប័ណ្ណដើម ប្រហែល២០សន្លឹក ធ្វើឲ្យមានការរាំងស្ទះការងារកម្មសិទ្ធិដីធ្លីរបស់ពលរដ្ឋ។

    តាមខ្លឹមសារនៃពាក្យសម្បថ ចំពោះមុខបារមីលោកយាយយ៉ាត មានអត្ថន័យថា “យើងខ្ញុំជាថ្នាក់ដឹកនាំ នៃមន្ទីរ ប្រធាន អនុប្រធានការិយាល័យ មន្ត្រីក្របខណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្តទាំងអស់ ក្នុងមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន សូមធ្វើការសម្បថសច្ចា ចំពោះមុខលោកយាយយ៉ាត ដែលមានបារមីពូកែស័ក្តិសិទ្ធ អារក្សអ្នកតា និងបារមីដ៏ស័ក្តិសិទ្ធទាំងអស់។

    ខ្ញុំសូមឆ្លើយតែការពិតដែលខ្ញុំបានឃើញ បានឮ បានដឹកនាំផ្ទាល់ បានរួមគំនិត បើខ្ញុំធ្វើមិនពិត ដោយប្រការណាមួយ សូមឱ្យលោកយាយយ៉ាត អារក្សអ្នកតានិងបារមីស័ក្តិសិទ្ធ ទាំងអស់ យករូបខ្ញុំ ឲ្យវិនាសអន្តរាយ ទ្រព្យសម្បត្តិ បើដើរតាមផ្លូវគោកឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ បើដើរតាមផ្លូវទឹកឱ្យជួបព្យុះលិចលង់ស្លាប់តៃហោងយ៉ាងវេទនាបំផុត។

    តែបើរូបខ្ញុំពិតត្រង់សូមទេវតា លោកយាយយ៉ាត អារក្ស អ្នកតា និងបារមីដ៏ស័ក្កិសិទ្ធទាំងអស់ ជួយឲ្យខ្ញុំមានទ្រព្យសម្បត្តិសម្បូរហូរហៀរ និងរស់នៅប្រកបដោយសេចក្តីសុខសាន្ត ជួបជុំបងប្អូន ញាតិផៅសន្តាន ជារៀងរហូតកុំបីអាក់ខានឡើយ។”

    ពាក់ព័ន្ធនឹងបញ្ហាកើតមានរឿងមិនប្រក្រតីក្នុងមន្ទីរជំនាញនេះ លោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បានថ្លែងដោយទទួលស្គាល់ថា ពិតជាមានករណីបាត់សន្លឹកប័ណ្ណ ពិតប្រកដមែន លោកបានបញ្ជាក់ថា ដោយសារមានការបាត់ប្លង់ប្រជាពលរដ្ឋជាង១០ប្លង់ ទើបខាងលោកដឹកនាំមន្ត្រីក្រោមឱវាទ ទៅស្បថសច្ចាតែម្តងទៅ។ ហើយចំពោះករណីបាត់នេះ លោកថាទុកឱ្យថ្នាក់លើជាអ្នកដោះស្រាយ ធ្វើសងជូនពលរដ្ឋវិញ។

    គួរំលឹកផងដែរថា កាលពីដើមសប្តាហ៍មុននេះ មន្ទីររៀបចំដែនដី ខេត្តប៉ៃលិន ត្រូវបានក្រុមអធិការកិច្ច នៃក្រសួងពាក់ព័ន្ធ ចុះមកពិនិត្យលើភាពមិនប្រក្រតីទាំងនេះ ក្រោយពេលក្រុមអធិការកិច្ច ត្រលប់ទៅវិញ ថ្នាក់ដឹកនាំក្នុងមន្ទីរជំនាញ និងមន្ត្រីទាំងអស់ ចាប់ផ្តើមឆ្លើយដាក់គ្នា ជុំវិញការបាត់ឯកសារទាំងនោះ រហូតដើមសប្តាហ៍ថ្មីនេះ ក៏មានធ្វើពិធីស្បថតែម្តង ដើម្បីផ្តល់ភាពស្អាតស្អំ។ ហើយករណីនេះផងដែរ ប្រជាពលរដ្ឋក៏សំណូមពរ ឲ្យមន្ត្រីជំនាញ បង្កើនការយកចិត្តទុកដាក់ ឲ្យបានខ្លាំងជាងនេះ ក្នុងកិច្ចការបម្រើសេវាជូនពលរដ្ឋ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

     

     

    spot_img

    អត្ថបទទាក់ទង

    spot_img