ទំព័រដើម ទំព័រដើម សម្តេចក្រឡាហោម ស ខេង ផ្តល់អនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំខេត្តកែប ក្នុងការអភិវឌ្ឍន៍វិស័យនានាក្នុងខេត្ត

សម្តេចក្រឡាហោម ស ខេង ផ្តល់អនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំខេត្តកែប ក្នុងការអភិវឌ្ឍន៍វិស័យនានាក្នុងខេត្ត

- ពាណិជ្ជកម្ម -

កែប៖ សម្តេចក្រឡាហោម សរ ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងពិធីប្រកាស តែងតាំងអភិបាលខេត្តកែប នៅព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះថា ក្រោមការដឹកនាំដឹកនាំ ដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបច្ចុប្បន្នមានសន្តិភាពពេញលេញ ប្រជាពលរដ្ឋ មានជីវភាពប្រសើរឡើងជាលំដាប់ និងគ្មានការភ័យព្រួយរឿងសង្គ្រាមទៀតទេ។ រាជរដ្ឋាភិបាល បានផ្តោតសំខាន់លើល្បឿន នៃការអភិវឌ្ឍន៍ប្រទេស ដូច្នេះសូមឲ្យមន្ត្រីថ្នាក់ដឹកនាំទាំងអស់ សហការគ្នា  រួមគ្នាគិត  រួមគ្នាធ្វើ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់រៀងៗខ្លួន ដើម្បីឆ្លើយតបតាមតម្រូវការ របស់ប្រជាពលរដ្ឋ។
ដោយឡែកសម្រាប់ខេត្តកែប សម្តេចក្រឡាហោមបានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តមអភិបាលខេត្តថ្មី និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ត្រូវសហការគ្នា ប្រមូលផ្តុំបញ្ញាស្មារតី ដឹកនាំមន្ត្រី និងពលរដ្ឋឲ្យចូលរួម ក្នុងដំណើរការអភិវឌ្ឍន៍លើវិស័យនានា ពិសេសវិស័យទេសចរណ៍ ដែលជាវិស័យស្នូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចខេត្ត ឲ្យកាន់តែល្អប្រសើរ។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ជុំវិញខេត្ត ត្រូវរួមគ្នាបំផុសចលនា ឲ្យពលរដ្ឋចូលរួមក្នុងកិច្ចការងារ កែលម្អសោភណ្ឌភាព រក្សាបរិស្ថានបៃតង អនាម័យស្អាត  បង្កើននឹងលើកកម្ពស់សេវាកម្មទេសចរណ៍ល្អ និងរក្សាសណ្តាប់ធ្នាប់ល្អ នៅតាមទីសាធារណៈ រមណីយដ្ឋាននានា ដើម្បីទាក់ទាញអ្នកវិនិយោគលើវិស័យនេះ។
នៅក្នុងពិធីនោះ សម្តេចក្រឡាហោម បានជំរុញឲ្យយកចិត្តទុកដាក់លើការងារ៦ចំណុច ផ្សេងទៀតផងដែរ រួមមានទី១. ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  ២.ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ ៣.ការងារដោះស្រាយផលប៉ះពាល់នៃវិបត្តិកូវីដ១៩ ពិសេសការងារកំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រ ៤. ការងារកំណែទម្រង់ ៥. ការងារផ្តល់សេវាសាធារណៈ និង៦. ពង្រឹងរបៀបរបបធ្វើការងាររបស់មន្ត្រីជាដើម។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ពិធីប្រកាសមុខតំណែងអភិបាលខេត្តកែប បានប្រារព្វធ្វើឡើង នៅសាលប្រជុំធំសាលាខេត្តកែប ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងពិធីនោះដែរ ឯកឧត្តម សោម ពិសិដ្ឋ អតីតជាអភិបាលរងខេត្ត ត្រូវបានប្រកាសតែងតាំង ជាអភិបាលខេត្ត ជំនួសឯកឧត្តម កែន សត្ថា ដែលជាអតីតអភិបាលខេត្ត។ ជាមួយគ្នានេះ ក៏មានការប្រកាសតែងតាំង លោក វ៉ាវ សុខា អតីតជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងសុរិយោដី ជាអភិបាលរងខេត្តផងដែរ៕ រូបភាព និងអត្ថបទ៖ ហង្ស សុភាព

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម