More

    សមត្ថកិច្ចខេត្តបាត់ដំបងឃាត់ឡាន ២គ្រឿងតាមដីកា​ តែម្ចាស់ថាមានដីការរក្សាការពារ

    spot_img

    បាត់ដំបង៖ តំណាងអាជ្ញាសាលា នៃសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ចុះឃាត់រថយន្តចំនួន២គ្រឿង តាមសាលដីការបស់សាលាឧទ្ធរណ៍ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៥៩ ក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលម្ចាស់រថយន្ត ក៏បានអះអាងថា ខ្លួនមានដីការរក្សារការពាររថយន្ត ទាំងនោះផងដែរ។

    បើតាមប្រភពព័ត៌មានពីលោក ឡាយ គឹមឡាញ់ ជាអាជ្ញាសាលានៃសាលាដំបូងខេត្តបាត់ដំបង បានអានសាលដីកាចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឈ្មោះ យ៉េត ម៉ូលីន របស់សាលាឧទ្ធរណ៍ បានបញ្ជាក់ថា មានរថយន្តចំនួន២៥គ្រឿង ក្នុងនោះ រថយន្ត ដែលត្រូវចាប់ឃាត់មានចំនួន២គ្រឿង ទី១. រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ក្រហម ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ 2AR-3416 និងទី២. រថយន្តម៉ាកឡិចស៊ីស RX 300 ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០០ ពាក់ស្លាកលេខ ភ្នំពេញ 2X-6691 ដែលចេញសម្រេចលុបចោល ដីកាសម្រេចលើកចោលពាក្យសុំ ចំពោះដីកាសម្រេចការពារលេខ៤៣០ (ង១) ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញជាអសារបង់។ លោកបន្តទៀតថា ការរឹបអូសរថយន្ត ចំនួន២គ្រឿងខាងលើ ជាបណ្តោះអាសន្ន ដោយរក្សាទុកនៅសាលាដំបូង ខេត្តបាត់ដំបង រង់ចាំដោះ ស្រាយពេលក្រោយ។

    បើតាមប្រភពពីម្ចាស់រថយន្ត ដែលបានបង់រំលោះ ឈ្មោះ លាង កុសល ភេទប្រុស អាយុ២៩ឆ្នាំ ប្រពន្ធ ឈ្មោះ អ៊ូ រ៉ាវី អាយុ២៩ឆ្នាំ បានរៀបរាប់ឱ្យដឹងថា រថយន្តទាំងពីរគ្រឿងខាងលើ គាត់បានទិញដោយបង់រំលោះ ពីឃ្លាំងមួយកន្លែងនៅរាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ សេង សុភ័ក្ត្រ គឺបង់រំលោះក្នុង១ខែ តម្លៃ២៧០ដុល្លារ លុះបង់ប្រាក់បានរយ:ពេលត្រឹមតែ៦ខែ ស្រាប់តែមានអ្នកផ្សេងម្នាក់ទៀត ឈ្មោះ ណាំ ហម អះអាងថា ជាម្ចាស់រថយន្ត ចុះទៅដកយកនៅស្រុកព្រៃណប់ ខេត្តព្រះសីហនុ លុះយកទៅរក្សាទុកនៅប៉ុស្តិ៍បិតត្រាង ស្រុកព្រៃណប់ មួយរយ:ក៏ចរចាសម្របសម្រួល ត្រូវរ៉ូវគ្នាវិញ។

    ប៉ុន្តែក្រោយមកមាន ឈ្មោះ ព្រហ្ម សុជាតិ បានអះអាងថា រថយន្តឡិចស៊ីសខាងលើ ជារបស់ខ្លួន ក៏ឱ្យសមត្ថកិច្ចដកហូតយកទុករយ:ពេល៣ខែ មិនព្រមដោះស្រាយឡើយ រហូតដល់ពេលក្រោយមក លោកបានដាក់ពាក្យបណ្តឹងទៅតុលាការរាជធានីភ្នំពេញបន្តទៀត ហើយតុលាការ ក៏ចេញសេចក្តីសម្រេច រក្សាការពារបណ្តោះអាសន្ន ឱ្យលោកមានសិទ្ធិប្រើប្រាស់ ដើម្បីយករថយន្តមកប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត។ គាត់បន្តទៀតថា សង្កេតឃើញសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ក្រោយនេះ និងដីការក្សាការពាររបស់គាត់ មានការចុះលេខខុសគ្នា ទើបលោកមាន ការតវ៉ាមិនឱ្យរឹបអូសរថយន្តរបស់ខ្លួនឡើយ។

    ចំណែកលោក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង បានឱ្យដឹងថា ខាងលោកគ្រាន់តែ ជាកម្លាំងសមត្ថកិច្ចសហការជាមួយនឹងសាលាអាជ្ញាខេត្តបាត់ដំបង ចុះអនុវត្តដីការបស់សាលាឧទ្ធរណ៍ប៉ុណ្ណោះ លោកគ្មានសិទ្ធិវាយតម្លៃថា ភាគីណាខុសឬត្រូវឡើយ ព្រោះភាគីទាំងសងខាងសុទ្ធ តែមានឯកសារសំអាងរៀងៗខ្លួន។

    លោកបន្តទៀតថា រហូតមកដល់ព្រឹកថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីលោកធ្វើការសម្របសម្រួល ទើបខាងម្ចាស់រថយន្តព្រមព្រៀងប្រគល់រថយន្តឱ្យទៅ សមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋានខេត្តបាត់ដំបង ដោយរង់ចាំដោះស្រាយគ្នានៅតុលាការ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img