More

    កសិកររអ៊ូរទាំរឿងតម្លៃស្វាយធ្លាក់ចុះខ្លាំង លក់បានសឹងមិនរួចថ្លៃបង់ឲ្យ ច្រកទ្វារ៤កន្លែង

    spot_img

    ប៉ៃលិន៖ ប្រជាពលរដ្ឋដែលជាកសិករ ខេត្តប៉ៃលិនបានរអ៊ូរទាំ ខណៈតម្លៃទីផ្សារស្វាយកែវរមៀត មានការធ្លាក់ចុះខ្លាំង ហើយពេលនាំចេញទៅលក់ លើទីផ្សារក្រៅប្រទេស បង់ប្រាក់ឲ្យច្រកទ្វារ ក៏ច្រើនណាស់ដែរ សឹងតែរកផលចំណេញមកវិញគ្មាន។

    តាមការឲ្យដឹងរបស់កសិករ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ពួកគាត់បានដាំស្វាយកែវរមៀត ចំនួនជិត៥០០ដើម នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថ្មីៗនេះ ពួកគាត់ប្រមូលផលបានជាង៨តោន លក់ឱ្យឈ្មួញដឹកយកទៅលក់បន្ត នៅប្រទេសថៃ តែផ្លែស្វាយឆ្នាំនេះ មិនសូវបានផលល្អ ហើយតម្លៃក៏ធ្លាក់ចុះខ្លាំងទៀត ធ្វើឲ្យខាតច្រើនមិនដូចឆ្នាំមុនៗ។

    ចំណែកឈ្មួញម្នាក់ ដែលទទួលទិញស្វាយ និងដឹកឆ្លងប្រទេស បានបញ្ជាក់ឲ្យដឹងថា តម្លៃទីផ្សារស្វាយកែវរមៀតខៀវ ក្នុងឆ្នាំនេះពួកគាត់ ហ៊ានទិញពីកសិករក្នុងតម្លៃ៥០០ទៅ៨០០រៀល ប៉ុណ្ណោះក្នុង១គីឡូក្រាម ខណៈដែលឆ្នាំមុន តម្លៃអាចឡើងដល់១២០០ទៅ១៥០០រៀលឯនោះ។ ក្រុមឈ្មួញដដែលនិយាយថា បើពួកគាត់ហ៊ានទិញផ្លែស្វាយ ក្នុងតម្លៃថ្លៃជាងនេះ ពិតជាគ្មានសល់ប្រាក់ចំណេញទេ ព្រោះពេលដឹកជញ្ជូន ទៅលក់នៅប្រទេសថៃ គឺត្រូវបង់ប្រាក់នៅច្រកទ្វារព្រំចំនួន៤កន្លែង ដោយក្នុងនោះខាងមន្ត្រីគយប្រចាំច្រក យកចំនួន៨ម៉ឺនរៀល ក្នុងមួយរថយន្ត ពួកគាត់ក៏ត្រូវបង់ប្រាក់ ថ្លៃទិញសំបុត្រ៥ម៉ឺនរៀល និងអ្នកយាមទ្វារច្រក៥០០០រៀល ក្នុង១រថយន្តផងដែរ ព្រមទាំងខាងភាគ្គីថៃ យកសរុបតែម្តងគឺ២៥០០បាត ឬស្មើរប្រមាណជាង៣០ម៉ឺនរៀល បើសរុបទៅគឺអស់ជាង៤០ម៉ឺនរៀល ក្នុងការដឹក១ជើង ទម្រាំបានដល់គោលដៅម្តងៗ។

    ក្រុមឈ្មួញដដែល បាននិយាយទៀតថា ភាគ្គីថៃមិនបានឲ្យតម្លៃផ្លែស្វាយខ្ពស់នោះទេ ព្រោះស្វាយរបស់កសិករយើង ពុំសូវល្អខ្លាំង ហេតុដូចនេះទើបពួកគាត់ ហ៊ានទិញក្នុងតម្លៃទាបបែបនេះ ព្រោះថាបើគិតថ្លៃបង់ប្រាក់ នៅតាមច្រកព្រំដែន ក៏សល់មិនច្រើនប៉ុន្មាននោះដែរ។

    ពាក់ព័ន្ធបញ្ហាប្រជាពលរដ្ឋ នាំចេញផ្លែស្វាយទៅលក់នៅថៃតាមច្រកព្រំ តម្រូវឲ្យបង់ប្រាក់បែបនេះ អង្គភាពយើង មិនទាន់អាចសុំការបកស្រាយ ពីប្រធានការិយាល័យគយ ប្រធានប៉ុស្តិ៍ច្រកទ្វារព្រំបាននៅឡើយទេ។

    យ៉ាងណាក៏ដោយ បញ្ហាតម្លៃផ្លែស្វាយធ្លាក់ចុះនេះ បានធ្វើឲ្យកសិករជាច្រើនគ្រួសារ ត្អូញត្អែរ និងរអ៊ូរទាំយ៉ាងខ្លាំង ខណៈពួកគាត់ខាំដាំដុះ និងថែរទាំអស់ប្រាក់ច្រើន តែបែរជាបានផលមកវិញតិចតួច រកប្រាក់ចំណេញស្ទើរតែគ្មាន ស្របពេលដែលជីវភាពក្នុងគ្រួសារ របស់ពួកគាត់កំពុងតែធ្លាក់ស្រាប់ផង៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img