More

    អ្នកនាំពាក្យក្រសួងព័ត៌មាន៖ អង្គភាពសារព័ត៌មានគាំទ្រការបង្កើត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»

    spot_img

    ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ក្រុមការងារផ្សព្វផ្សាយតាមប្រព័ន្ធអ៉ិនធើណេតក្រសួងព័ត៌មាននៅថ្ងៃទី២៦កក្កដានេះថា អ្នកសារព័ត៌មាន និងតំណាងអង្គភាពសារព័ត៌មាន បានចូលរួមក្នុងសិក្ខាសាលាហើយមានឆន្ទះដើម្បីផ្តល់ធាតុចូលសម្រាប់បង្កើត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»ដំបូងនៅកម្ពុជា។

    អ្នកចូលរួមបានលើកយោបល់ លើកឡើងជាចម្ងល់ចំណាប់អារម្មណ៍ក៏ដូចជាសំណូមពរពាក់ព័ន្ធនឹងការរៀបចំសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដំណើរការនៃការចូលរួមដែលភាគីពាក់ព័ន្ធជាតួអង្គដែលផ្តល់ធាតុចូលក្នុងសិក្ខាសាលានិងបានផ្តល់ការគាំទ្រហើយបង្ហាញការត្រៀមខ្លួន ក្នុងការចូលរួមផ្ដល់យោបល់ធាតុចូល នៅក្នុងកិច្ចខិតខំរបស់ក្រសួងព័ត៌មាន ដែលជាអ្នកសម្របសម្រួលលើការពិគ្រោះយោបល់បន្តនាពេលនេះ។

    ការចូលរួមមតិយោបល់នៅក្នុងកិច្ចពិភាក្សានៅក្នុងសិក្ខាសាលាកាលពីថ្ងៃទី ២៤ខែកក្កដា និងក្នុងនោះមានទាំងទិដ្ឋភាពបច្ចេកទេស មានទាំងយោបល់ពាក់ព័ន្ធទៅនឹងដំណើរការរៀបចំ ហើយក៏ផ្តល់មតិពាក់ព័ន្ធនឹងខ្លឹមសារនៅក្នុងសេចក្តីព្រាង ដែលបានផ្តល់ជូនទៅដល់អ្នកចូលរួមសិក្ខាសាលាទាំងអស់នេះ គឺត្រូវបានអ្នកសារព័ត៌មាន ប្រធានអង្គភាពសារព័ត៌មាន ប្រធានសមាគមអ្នកសារព័ត៌មាននៅកម្ពុជា បានពិនិត្យ ដោយយកចិត្តទុកដា ក់ហើយឡើងថ្លែងនូវការចាប់អារម្មណ៍ ក៏ដូចជាយោបល់បន្ថែមទៅលើខ្លឹមសារសេចក្តីព្រាងដែលមាន៦ជំពូក និង២៩ប្រការ។ ហើយការផ្តល់យោបល់សុទ្ធតែមានខ្លឹមសារសំខាន់រួមចំណែកសម្រាប់ការតាក់តែងសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

    អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា នេះបានបង្ហាញអោយឃើញថា សមាគមអ្នកសារព័ត៌មាននៅកម្ពុជា បានទទួលស្គាល់ពីភាពចាំបាច់និងសារៈសំខាន់ក្នុងការបង្កើត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» និងបង្ហាញពីការគាំទ្រលើដំណើរការរៀបចំធម្មនុញ្ញនេះ ដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។ ទាំងអស់គ្នាបានគាំទ្រពីភាពចាំបាច់ត្រូវមាន «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ យកធ្វើជាមូលដ្ឋានក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនសំដៅពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ការទទួលខុសត្រូវវិជ្ជាជីវៈ និងជាពិសេសលើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

    ការរៀបចំសិក្ខាសាលាប្រមូលធាតុចូលទាំង២លើក គឺលើកទី១កាលពីថ្ងៃទី២៩ខែមេសានិងលើកនេះបានបើកទូលាយដល់ការចូលរួមពីសំណាក់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ក្នុងដំណើរការរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលបច្ចុប្បន្នស្ថិតនៅក្នុងដំណាក់កាលពិគ្រោះយោបល់បន្ត បន្ទាប់ពីសិក្ខាសាលាតម្រង់ទិសនិងប្រមូលធាតុចូលលើក្រមសីលធម៌ ដែលត្រូវបានរៀបចំនៅក្នុងខែមេសា ឆ្នាំ២០២៤ កន្លងទៅរួចមក។

    បើតាមអ្នកនាំពាក្យក្រសួងព័ត៌មានបានបង្ហាញសេចក្តីសង្ឃឹមថា ក្រោយពេលអនុម័តរួច «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នេះនឹងក្លាយជាស្តង់ដាប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈរបស់ជាតិ សម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ គោរព និងប្រតិបត្តិតាម ដើម្បីធានាការលើកកម្ពស់គុណភាពការងារអាជីព សីលធម៌សង្គម និងតម្លៃវិជ្ជាជីវៈសម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា។

    លោក ម៉េង សុភណ្ឌ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ បានប្រាប់ក្រុមការងារផ្សព្វផ្សាយតាមប្រព័ន្ធអ៉ិនធើណេតក្រសួងព័ត៌មាននៅថ្ងៃទី២៦កក្កដានេះដែរថា មូលហេតុដែលសមាគមនេះ គាំទ្រគោលការណ៍របស់ក្រសួងព័ត៌មានដែលតម្រូវឲ្យមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ពីព្រោះនោះគឺជាបង្កើតគោលការណ៍រួមមួយឲ្យអ្នកសារព័ត៌មានដើរ។ វាគឺជាក្រមសីលធម៌និងធម្មនុញ្ញវិជ្ជាជីវៈ បើអត់មានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះទេ គឺអត់មានផ្លូវតម្រង់ទិស ហើយអ្នកសារព័ត៌មានពុំមានបន្ទាត់សម្រាប់ដើរ។ កាលណាមានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានវាជួយដល់អ្នកសារព័ត៌មានច្រើនបានន័យថាវាជាច្បាប់ដែលការពារដល់អ្នកសារព័ត៌មានសម្រួលឲ្យអ្នកសារព័ត៌មានជៀសផុតពីការប្រឈមមុខនិងការចោទកាន់។

    ទន្ទឹមនេះទៀតលោក ម៉េង សុភណ្ឌ បានប្រៀបធៀបធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានទៅនឹងអាវក្រោះរបស់អ្នកសារព័ត៌មានដូច្នេះដែរ៕  (ក្រសួងព័ត៌មាន)

    spot_img

    អត្ថបទទាក់ទង

    spot_img