More

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត ឯកអគ្គរដ្ឋទូតកាណាដា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

    spot_img

    នៅព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

    នៅក្នុងជំនួបនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានអបអរសាទចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត នៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា នៅក្នុងអាណត្តិការងាររបស់លោកជំទាវ លោកជំទាវ នឹងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-កាណាដា នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត។ ទាក់ទងទៅនឹងការងារអាស៊ាន គឺ កាណាដាកំពុងតែខិតខំដើម្បីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី Free Trade ជាមួយនឹងអាស៊ាន ដែលនេះនឹងផ្ដល់ផលប្រយោជន៍ទាំងអាស៊ាន និងកម្ពុជាយើងផងដែរ។ សម្ដេចតេជោសង្ឃឹមថាលោកជំទាវ នឹងជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងជាមួយអាស៊ាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

    ជាកិច្ចឆ្លើយតប លោកជំទាវ ឯកអគ្គរដ្ឋទូតកាណាដា បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានអបអរសាទរដល់លោកជំទាវ ដែលបានតែងតាំងជាឯកគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ លោកជំទាវក៏បានអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានតែងតាំងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវពិតជាមានសេចក្តីរីករាយ ដែលបានក្លាយជាដៃគូក្នុងអាស៊ាន ហើយកំពុងតែខិតខំគាំទ្រលើគ្រប់វិស័យ ហើយលោកជំទាវ នឹងប្ដេជ្ញាខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម និងវិនិយោគ រវាងកាណាដា និងកម្ពុជាបន្ថែមទៀត ក៏ដូចជាជំរុញការវិនិយោគប្រកបដោយគុណភាព របស់ក្រុមហ៊ុនកាណាដា ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា ដែលកន្លងមកនេះ មានដូចជា ធនាគារ ABA ក្រុមហ៊ុនធានារ៉ាប់រង Manulife និងក្រុមហ៊ុនផ្សេងៗទៀត។ ។ លោកជំទាវ នឹងខិតខំដើម្បីឲ្យមានការវិវត្តរីកចម្រើនទៅលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកំពុងមានកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB លើការអភិវឌ្ឍន៍វិស័យថាមពលពន្លឺព្រះអាទិត្យ(Solar) ផងដែរ។

    សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា កម្ពុជា និងកាណាដា មានទំនាក់ទំនងជាយូរលង់ណាស់មកហើយ ពោលគឺជាង៧០ ឆ្នាំទៅហើយ គឺយើងមានទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៥២ មុនកម្ពុជាបានទទួលបានឯករាជ្យភាពទៅទៀត។ ហើយ សម្ដេចបានមានប្រសាសន៍ថា កន្លងទៅនេះ កម្ពុជាតែងតែវាយតម្លៃខ្ពស់ចំពោះមិត្តភក្តិទាំងឡាយណាដែលបានទទួលស្គាល់កម្ពុជាមុនកម្ពុជាបានឯករាជ្យ ដែលនេះគឺជាកត្តាជួយជំរុញដំណើរការឯករាជ្យភាពរបស់កម្ពុជា ។

    សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានឃើញទំហំពាណិជ្ជកម្ម ប្រទេសយើងទាំងពីរមានការវិវត្តន៍ មានស្ថិរភាព បើទោះបីជាយើងមានបញ្ហាប្រឈមកន្លងទៅ ដូចជាបញ្ហាកូវីដ១៩ បញ្ហាភូមិសាស្ត្រនយោបាយ ក៏ទំហំពាណិជ្ជកម្មមិនមានការប្រែប្រួលខ្លាំងនោះទេ។ ជាមួយគ្នាដូចផងដែរសម្ដេចតេជោក៏បានកោតសរសើរចំពោះធនាគារ ABA ដែលបានចូលរួមចំណែកជួយជំរុញវិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា ដែលកំពុងពេញនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទូទាត់ទំនិញផ្សេងៗ ឬក៏ការចាយវាយប្រាក់ផ្សេងៗតាមប្រព័ន្ធអេឡិចត្រូនិចនេះ។

    សម្ដេចតេជោ បានមានប្រសាសន៍រំលឹកទៀតថា កាលពីឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេចក៏បានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រី កាណាដា នៅភ្នំពេញ ហើយយើងបានជជែកពិភាក្សាពីកិច្ចសហប្រតិបត្តិការ នានា រួមទាំងការងារក្នុងអាស៊ាន និងទ្វេភាគី ដែលប្រទេសកាណាដាជាប្រទេសនាំមុខមួយ ក្នុងការគាំទ្រកម្ពុជាគ្មានមីនក្នុងឆ្នាំ២០២៥ ហើយសម្ដេចបានធ្វើការអំពាវនាវឲ្យប្រទេសកាណាដាបន្តការគាំទ្រដល់កម្ពុជាទៀត ដែលអតីតកាលកម្ពុជាបានឆ្លងកាត់សង្គ្រាម ដោយបន្សល់ទុកនូវគ្រាប់មីន និងនិងគ្រាប់មិនទាន់ផ្ទុះជាច្រើនដែលត្រូវដោះស្រាយជាបន្តបន្ទាប់ ជាពិសេសឆ្នាំនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ា ហើយសម្តេចតេជោក៏សូមឲ្យកាណាដាជួយគាំទ្រក្នុងការរៀបចំនូវដំណើរការនៃកិច្ចប្រជុំនេះផងដែរ។

    សម្ដេចតេជោ និង លោកជំទាវ ឯកអគ្គរដ្ឋទូតកាណាដា ក៏បានពិភាក្សាគ្នាផងដែរ ទៅលើទស្សនៈយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដោយសម្ដេចបានមានប្រសាសន៍ថា ប្រទេសជាច្រើន សុទ្ធតែមានយុទ្ធសាស្ត្ររបស់ខ្លួនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ រួមមាន អាមេរិក កាណាដា សហគមន៍អុឺរ៉ុប ជប៉ុន អូស្ត្រលី ឥណ្ឌា កូរ៉េ ជាដើម តែទោះជាយ៉ាងណា សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមានគោលការណ៍មួយគឺ ស្វាគមន៍សម្របសម្រួលរួមចំណែកនៅក្នុងទស្សនៈយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកនេះ តែត្រូវផ្ដោតលើគោលការណ៍៣ គឺ៖
    ទី១) សកម្មភាពបម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ
    ទី២) ធ្វើយ៉ាងណាមិនឱ្យប្រឆាំងនឹងប្រទេសណាមួយ ឬប្លុកណាមួយ ដែលនាំឲ្យបង្កមានជម្លោះនៅក្នុងតំបន់នេះ និង
    ទី៣) ទស្សនៈណាក៏ដោយ គឺត្រូវស្របនឹងគោលការណ៍និងទស្សនវិស័យរបស់ឥណ្ឌូប៉ាស៊ីហ្វិក របស់អាស៊ាន និងមជ្ឈភាពអាស៊ាន។

    សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ថា យើងត្រូវតែបន្តរួមគ្នា នូវអ្វីដែលយើងអាចធ្វើជាមួយគ្នាបាន ដើម្បីបន្តឲ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសជំរុញវិស័យពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។

    លោកជំទាវ ឯកអគ្គរដ្ឋទូតកាណាដា បានវាយតម្លៃខ្ពស់ចំពោះ ប្រសាសន៍របស់សម្ដេចតេជោ ដោយលោកជំទាវ បានបញ្ជាក់ថា ប្រទេសយើងទាំងពីរ មានប្រវត្តិទំនាក់ទំនងយូរអង្វែង ប្រកបដោយផ្លែផ្កា និងត្រង់ទៅត្រង់មក ហើយលោកជំទាវបានចាត់ទុកថា កម្ពុជា ជាដៃគូរបស់កាណាដាដែលគួរឲ្យទុកចិត្ត។ លោកជំទាវក៏បានប្ដេជ្ញា ធ្វើការរួមគ្នា ជាពិសេសលើបញ្ហាវិនិយោគ និងជំរុញការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសលោកជំទាវបានណែនាំឲ្យបណ្ដាលក្រុមហ៊ុនវិនិយោគរបស់កាណាដា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធការងារ ជាពិសេសត្រូវធ្វើយ៉ាងណា មានផលប្រយោជន៍ចំពោះប្រជាជនកម្ពុជា ។

    ជាចុងក្រោយ សម្តេចតេជោក៏បានជូនពរ លោកជំទាវ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា៕

    spot_img

    អត្ថបទទាក់ទង

    spot_img