More

    បាញ់សម្លាប់ស្ត្រីប្រពន្ធចុងមិនបានសម្រេច សមត្ថកិច្ចចាប់ជាប់

    spot_img

    បាត់ដំបង៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធក្នុងករណី(ប៉ុនប៉ងឃាតកម្ម)។

    សមត្ថកិច្ចបានអោយដឹងថា កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១០និង១៥ នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុច ភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

    ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ចាន់ ផល ហៅ ចាន់ ពៅ ហៅ គុជ ផល្លី ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរលក់ដូរ មានទីនៅបច្ចុប្បន្ន ភូមិ៥ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានអោយដឹងទៀតថា កាលពីវេលាម៉ោង ០២និង៥០ នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ចាន់ ផល ហៅ ចាន់ ពៅ ឬហៅ គុជ ផល្លី បានប្រើប្រាស់អាវុធខ្លីម៉ាក K៥៩ លេខ ៣៧៦៣ ធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះឈ្មោះ សំអុល សុខដានី ភេទស្រី អាយុ ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ត្រូវជាប្រពន្ធចុង)ចំនួន០១គ្រាប់ បណ្តាលឲ្យចំគល់សុដនខាងឆ្វេង រងរបួសធ្ងន់(បៀមគ្រាប់)នៅចំណុច ខាងមុខសាលាបឋមសិក្សាសាមគ្គី តាមបណ្តោយផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិសាមគ្គី ឃុំស្រណាល ស្រុកក្រឡាញ ខេត្តសៀមរាប។

    បន្ទាប់ពីធ្វើសកម្មបាញ់ទៅលើជនរងគ្រោះរួចមក ជនសង្ស័យខាងលើបានជិះរថយន្តម៉ាក NISSAN FRONTIER ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2W-8787 គេចខ្លួន ជាមួយកូនស្រីឈ្មោះ គុជ សុខមេត្តា អាយុ ០៩ខែ ទៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

    ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យរួមជាមួយវត្ថុតាងអាវុធខ្លីម៉ាក K៥៩ លេខ ៣៧៦៣ចំនួន០១ដើមផងដែរ។

    ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យ បានសារភាពថា នៅមុនពេលកើតហេតុ ខ្លួនជាមួយនឹងជនរងគ្រោះជាប្រពន្ធចុង បានជិះរថយន្តជាមួយគ្នា មកពីខេត្តបាត់ដំបង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានការទាស់សំដីគ្នា រួចចុះពីលើរថយន្តហើយ ក៏ប្រតាយប្រតប់គ្នា ទើបឈានដល់ការផ្ទុះអាវុធតែម្តង។

    បច្ចុប្បន្នជនសង្ស័យខាងលើរួម និងវត្ថុតាងត្រូវបាន បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តសៀមរាម ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img