ទំព័រដើម ទំព័រដើម ពលករដែលឆ្លងដែនពីថៃមកកម្ពុជា បាត់ខ្លួនក្នុងទឹកប្រទះឃើញសពហើយ

ពលករដែលឆ្លងដែនពីថៃមកកម្ពុជា បាត់ខ្លួនក្នុងទឹកប្រទះឃើញសពហើយ

- ពាណិជ្ជកម្ម -

ប៉ៃលិន៖ បន្ទាប់ពីស្ត្រីម្នាក់ ក្នុងចំណោមពលករចំនួន១១នាក់ ឆ្លងដែនពីទឹកដីប្រទេសថៃចូលមកក្នុងទឹកដីខ្មែរ ត្រូវបានទឹកកួចលិចបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃ រហូតមកដល់វេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសព នៅក្នុងចំណុចដីចំការក្រូចមួយកន្លែង ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាប់នឹងអូរទឹកដីថៃ។

ប្រភពព័ត៍មាន បានឱ្យដឹងថា៖ បន្ទាប់ពីប្រជាពលរដ្ឋដើរទៅមើលចម្ការរបស់ខ្លួន បានប្រទះឃើញសពស្ត្រីរងគ្រោះខាងលើ ក៏បានផ្ដល់ព័ត៌មាន ដល់សមត្ថកិច្ច្ច ដើម្បីចុះទៅពិនិត្យធ្វើកោសល្យវិច្ឆ័យ និង បានប្រគល់សាកសពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា៖ ស្ត្រីជាពលករខ្មែរម្នាក់ បានបាត់ខ្លួន ដោយរសាត់តាមទឹកអូរដែលកំពុងជន់ឡើងហូរខ្លាំង ខណៈបុរសស្ត្រី១១នាក់ ឆ្លងដែនពីប្រទេសថៃ ចូលមកក្នុងទឹកដីប្រទេសខ្មែរ ស្រាប់តែជួបគ្រោះអកុសលគួរ ឱ្យអាណោចអាធ័មបែបនេះ កាលពីវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទីសៅរ៍ ២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចល្បាតទី១ ខ៣ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពបញ្ជាក់ថា៖ នៅល្ងាចថ្ងៃកើតហេតុ គេឃើញពលករខ្មែរចំនួន១១នាក់ ឆ្លងដែនថៃ ខណៈទឹកអូរដែលកំពុងជន់ ពីប្រទេសថៃ ដោយឆ្លងផុតបានចំនួនតែ០៩នាក់ និងម្នាក់ទៀតនៅត្រើយខាងប្រទេសថៃនៅឡើយ។

ជនរងគ្រោះ ដែលហូរទៅតាមទឹកមាន ឈ្មោះ សេង ស្រីម៉ៅ ភេទស្រី អាយុ ៤០ឆ្នាំ មានស្រុកកំនើត រស់នៅភូមិស្វាយមាស សង្កាត់កណ្តាលជ្រុំ ក្រុងសួង ខេត្តត្បូងឃ្មុំ ដោយក្នុងពេលឆ្លងអ្នកចម្លងតាមចានដែកអស់ដៃ ព្រោះទឹកហូរបុកខ្លាំង ក៏ប្រលែងចានដែកចោល ដែលជនរងគ្រោះកំពុងជិះពីលើ បណ្តាលក្រឡាប់ចានដែកលិចទៅក្នុង ទឹកហូរកួចយកទៅបាត់តែម្តង។ ចំណែកប្តីជនរងគ្រោះ ឈ្មោះ ហោ ឆេន អាយុ៤៣ឆ្នាំ (នៅត្រើយម្ខាងខាងប្រទេសថៃ) មានកូនស្រីឈ្មោះ ឆេន ដានេត អាយុ១៥ឆ្នាំ (បានឆ្លងផុតមកខាងខ្មែរ)៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម