More

    លោកជំទាវតំណាងរាស្ត្រខេត្តប៉ៃលិន ឧបត្ថម្ភប្រាក់មូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជូនជនចាស់ជរា

    spot_img

    ប៉ៃលិន៖ ជារៀងរាល់ថ្ងៃទី៥ នៃខែនីមួយៗ ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន តែងតែទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីលោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន។

    ជាក់ស្តែង នៅព្រឹក ថ្ងៃសៅរ៍ ៣ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន ក្នុងនាមលោកជំទាវបណ្ឌិតតំណាងរាស្រ្ត មណ្ឌលខេត្តប៉ៃលិន បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិប្រចាំខែកញ្ញា ឆ្នាំ២០២០ ផ្តល់ជូនលោកយាយ លោកតា ដែលទទួលបានមូលនិធិចំនួន ៩១នាក់ ក្នុងម្នាក់ៗ ១០០.០០០រៀល(មួយសែនរៀលគត់)។

    ដោយពិធីនេះរៀបចំនៅការិយាល័យ តំណាងរាស្រ្តខេត្តប៉ៃលិន សាលាឃុំអូរអណ្តូង និងសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងចំពោះលោកយាយ លោកតា មានជំងឺធ្វើដំណើរពីបាន ក្រុមការងារបានយកថវិកាទៅ បើកជូនដល់គេហដ្ឋានផងដែរ។

    ក្នុងឱកាសនោះក្រុមការងារ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិតតំណាងរាស្រ្ត ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដោយជានិច្ចកាលឯកឧត្តម និងលោកជំទាវតំណាងរាស្រ្ត តែងតែគិតគូពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។

    ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សៅ សារ៉ាត់ បាននាំនូវសេចក្តីអំពាវនាវរបស់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិតតំណាងរាស្រ្ត ដែលបានធ្វើការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តវិធានចាំបាច់នានា របស់រាជរដ្ឋាភិបាល ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាយថាហេតុ ដោយយើងទាំងអស់គ្នាមិនបានដឹងខ្លួនជាមុន និងសូមបន្តរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ការរស់នៅត្រូវស្អាត មានអនាម័យ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ស្នាក់នៅក្នុងផ្ទះបើគ្មានការចាំបាច់ចេញទៅក្រៅ ហាមមានការប្រមូលផ្តុំគ្នា ពាក់ម៉ាស់ ឬកន្សែងឲ្យបានត្រឹមត្រូវនៅពេលចេញទៅក្រៅ រក្សាគំលាតពីគ្នា ២ម៉ែត្រ នៅពេលជួបសន្ទនាគ្នា។

    ចំពោះបងប្អូនប្រជាពលរដ្ឋចំណូលស្រុក សូមស្នាក់នៅដាច់ដោយឡែក ពីសាច់ញាតិបងប្អូនក្រុមគ្រួសារ មិត្តភ័ក្តិរយ:ពេល១៤ថ្ងៃសិន បើមានករណីថាសង្ស័យ ដូចជាផ្តាស្សាយ ហៀសំបោរ មានកំដៅលើសពី ៣៧.៥អង្សា ក្អកស្ងួត ឈឺបំពង់ករ ពិបាកដកដង្ហើម សូមប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ឬទំនាក់ំនងទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ដែលនៅកៀកជាប់ផ្ទាល់ជាមួយបងប្អូន ដើម្បីបញ្ជូនបងប្អូនទៅកាន់មន្ទីរពេទ្យ ធ្វើការពិព្យាបាលជំងឺជូន។

    គួរបញ្ជាក់ថា មូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ខេត្តប៉ៃលិន បានរៀបចំឡើងតាំងពីឆ្នាំ២០១១ និងបានដំណើរការមកដល់បច្ចុប្បន្ន ដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកាទាំងស្រុងពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ដោយបើកប្រាក់ឧបត្ថម្ភជាប្រចាំខែ ជូនលោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ដោយមិនប្រកាន់និន្នាការនយោបាយ និងសាសនាឡើយ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img