More

    បិទទីតាំងកែច្នៃរថយន្តយីហោ ឆាយ ឈាន បន្ទាប់ពីមានពលរដ្ឋប្តឹងជាច្រើន

    spot_img

    បន្ទាយមានជ័យ៖ ទីតាំងកែច្នៃនិងតំឡើងរថយន្តធុនធំ “ឆាយ ឈាន” ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានបិទជាស្ថាពរ បន្ទាប់ពីមានបណ្ដឹងបន្តបន្ទាប់ពីពលរដ្ឋ ថាបានបង្ករផលប៉ះពាល់ និងបង្កអោយមានគ្រោះថ្នាក់ ដល់អ្នកប្រើប្រាស់ផ្លូវសាធារណះ។នេះជាការបិទលើកទី៤នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំគណះកម្មការចម្រុះដោយលោក លី សារី អភិបាលរងខេត្តបន្ទាយជ័យ។

    សូមបញ្ជាក់ថា ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ធ្លាប់បានចុះពិនិត្យ និងអប់រំណែនាំដល់ម្ចាស់អាជីវកម្មលោក ឆាយ ឈាន ចំនួនបីដងរួចមកហេីយ អោយបញ្ឈប់ការកែច្នៃ តំឡើង រថយន្តធុនធំខុសបច្ចេកទេស និងខុសស្តង់ដាយានយន្ត។ ក្រុមការងារមន្ទីរបានលើកឡើងថា ទីតាំងខាងលេីនេះ បានសុំច្បាប់អាជីវកម្ម ត្រឹមតែជួសជុលរថយន្តធុនធំប៉ុណ្ណោះ មិនអនុញ្ញាតអោយកែច្នៃ តំឡើងរថយន្តខុសលក្ខណៈបច្ចេកទេសឡើយ។ មួយវិញទៀត រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានចេញលិខិតបញ្ចប់អាជីវកម្មដោយទុករយៈ៣ខែ ដេីម្បីអោយម្ចាស់ទីតាំងខាងលេី ធ្វេីការប្តូរទីតាំង និងសុំច្បាប់អនុញ្ញាតអាជីវកម្មជាថ្មីអោយបានត្រឹមត្រូវ មិនអនុញ្ញាតអោយទទួលការងារថ្មីលើទីតាំងចាស់។
    លិខិតរបស់រដ្ឋបាលខេត្ត បានទុកឱសានវាទអោយបីខែ ដើម្បីអោយយានដ្ឋានមួយនេះរុះរើ ប្តូរទីតាំងចេញ តែម្ចាស់យានដ្ឋានមិនត្រឹមតែមិនរុះរើប្តូរទីតាំងនោះទេ នៅបើកទទួលរថយន្តធំបន្តបន្ទាប់អោយចូលមកកែច្នៃ តំឡើង ដោយផ្គើននឹងលិខិតរដ្ឋបាលខេត្ត។

    ដោយមើលឃើញពីភាពផ្គើនរបស់ម្ចាស់យានដ្ឋាន លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារគណៈកម្មាការចម្រុះ ចុះអប់រំណែនាំជាថ្មី ដោយសម្រេចអោយបញ្ឈប់និងបិទជាស្ថាពរ។ក្នុងករណីនៅតែមានបន្តជួសជុល កែច្នៃ តំឡើងយានយន្តរដ្ឋបាលខេត្ត និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
    ថ្លែងប្រាប់អ្នកយកព័ត៌មាន លោក លី សារី បានលើកឡើងថា ក្រោយពីការពិនិត្យជាក់ស្ដែងលើទីតាំង ជួសជុលរថយន្តធុនធំ យីហោ “ឆាយ ឈាន” ក្រុមការងារសង្កេតឃើញថា នៅតែមានសកម្មភាពកែច្នៃ និងតម្លើងរថយន្តថ្មី៤គ្រឿងទៀត ដែលផ្ទុយពីខ្លឹមសារនៃច្បាប់ចរាចរណ៍ផ្លូវគោគ ត្រង់មាត្រា ៥២ (គ្រប់យានដ្ឋានជួសជុលរថយន្ត និងការកែច្នៃតម្លើងរថយន្ត ត្រូវមានលិខិតអនុញ្ញាត អោយធ្វើអាជីវកម្មដោយក្រសួងសាធារណការនិង ដឹកជញ្ជូន ក្រសួងឧស្សាហ៍កម្ម និងសិប្បកម្ម និងករណីចាំបាច់ត្រូវ ត្រួតពិនិត្យពីក្រសួងមហាផ្ទៃ ហើយការគ្រប់គ្រង់យានដ្ឋានជួសជុល និង យានដ្ឋានតម្លើងរថយន្ត ត្រូវកំណត់ដោយអនុក្រិត្យ។

    បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរយានដ្ឋានមួយនេះ បានសម្តែងការត្រេកអរ និងសាទរចំពោះចំណាត់ការថ្មី របស់រដ្ឋបាលខេត្ត ដែលបានសម្រេចបិទជាស្ថាពរ។ ចំណាត់ការថ្មីនេះសង្ឃឹមថា នឹងមានប្រសិទ្ធភាព ហើយមិនមានការផ្គើនជាថ្មីដូចលើកមុនទៀត៕ រូបភាព និងអត្ថបទ៖ សន សុង

    spot_img

    អត្ថបទទាក់ទង

    spot_img