More

    សំណង់សាងសង់លើផ្ទៃសមុទ្រ ដែលមិនទាន់មានច្បាប់គ្រប់គ្រាន់ រដ្ឋបាលខេត្ត បានប្រគល់ភារកិច្ច ជូនមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ចុះអនុវត្ត រៀបចំឯកសារ លក្ខខណ្ឌផ្សេងៗស្របតាមច្បាប់ រវាងម្ចាស់ទីតាំងសំណង់ ជាមួយសហគមន៍នេសាទ

    spot_img

     

    កោះកុង÷ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដី និងសំ ណង់មួយកន្លែង របស់ឈ្មោះ អ៊ុក វរ៉ា
    បន្ទាប់ពីមានសារព័ត៌មានធ្វើការចុះផ្សាយ
    ថា មានការកាប់ព្រៃកោងកាង ចាក់ដីចូលសមុទ្រ និងសាងសង់សំណង់ មិនមាន ច្បាប់អនុញ្ញាតិត្រឹមត្រូវ ស្ថិតនៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។

    បន្ទាប់ពីរក្រុមការងារចុះពិនិត្យទីតាំងដីរួច
    លោកសុខ សុទ្ធី អភិបាលរងខេត្ត បានមានប្រសាសន៍ក្នុងអង្គប្រជុំ នៅសាលាឃុំជីខក្រោមថា តាមការចុះពិនិត្យទីតាំងជាក់ ស្តែងឃើញថា ទីតាំងដីដែលឈូសឆាយអភិវឌ្ឍនេះ ជាទីតាំងដីស្ថិតនៅជាប់ នឹងភូមិប្រជាពលរដ្ឋ ហើយក្នុងទីតាំងដីនេះមានរៀបចំជាពីរផ្នែក។ មួយផ្នែក មាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ធ្វើវារីវប្បកម្ម ដែលទីតាំងដីនេះស្ថិតនៅក្នុងតំបន់កាត់ឆ្វៀលដោយអនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ។ ចំពោះការធ្វើវារីវប្បកម្មនេះ មានលិខិត អនុញ្ញាតពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាម រយៈលិខិតលេខ ២៨ ជ.ផ ចុះថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលអនុញ្ញាតឱ្យធ្វើវារីវប្បកម្ម ៖ ចិញ្ចឹមត្រីចម្រុះ បង្គា ក្តាម និងផលិតកូនត្រី នៅក្នុងស្រះមានផ្ទៃក្រឡាសរុប ៦០៨០០ម៉ែត្រការ៉េ។
    ចំណែកមួយផ្នែកទៀត មានការសាងសង់សំណង់រំលោភចូលទៅក្នុងមុទ្រ ដែលទីតាំងនេះ ជាទីតាំងដីសហគមន៍នេសាទជីខក្រោម ហើយការសាងសង់នេះមាន ការអនុញ្ញាតពីសហគមន៍ដែរ ប៉ុន្តែសំ ណង់នេះនៅមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយ ដូច្នេះត្រូវផ្អាកការសាងសង់បន្តទៀត ។

    ក្នុងកិច្ចប្រជុំនោះដែរ លោក សុខ សុទ្ធី បានបញ្ជាក់លើកឡើងថា ចំពោះទីតាំងវារីវប្បកម្ម ដែលមានលិខិអនុញ្ញាតពីរដ្ឋបាលជលផល ដូច្នេះរដ្ឋបាលខេត្តមិនជំទាស់ក្នុងការអភិវឌ្ឍទេ។
    ចំពោះទីតាំងដែលមានការសាងសង់សំណង់រំលោភចូលសមុទ្រ ដោយសារទីតាំងនេះស្ថិតនៅក្នុងទីតាំងដីសហគមន៍នេសាទជីខក្រោម រដ្ឋបាលខេត្តបានប្រ គល់ភារកិច្ច ជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលជាមន្ទីរជំនាញសាមី ដឹកនាំក្រុមការងារចុះណែនាំ អនុវត្ត រៀបចំឯកសារ លក្ខខណ្ឌផ្សេងៗស្របតាមច្បាប់ រវាងម្ចាស់ទីតាំងសំណង់ ដែលមាន បំណងអភិវឌ្ឍ ជាមួយសហគមន៍នេសាទ និងអាជ្ញាធរមូលដ្ឋាន ដោយបញ្ចប់ ក្នុងរយ:ពេលមួយខែ ចាប់ពីថ្ងៃ១៨ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដោយធ្វើរបាយ ការណ៍ជូនទៅរដ្ឋបាលខេត្តវិញ បើមិនដូច្នោះ រដ្ឋបាលខេត្តនិងមានវិធានការ។

    ជាមួយគ្នានេះ លោក សុខ សុទ្ធី ក៏បានផ្តាំផ្ញើតាមរយៈអ្នកសារព័ត៌មានថា បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគទាំងឡាយ មុននឹងធ្វើការអភិវឌ្ឍដី ឬវិនិយោគអ្វីមួយ សូមមេត្តាស្នើសូមច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវគ្រប់គ្រាន់ជាមុន ទើបអនុញ្ញាតឱ្យមានការសាងសង់៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img