More

    កសិករតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ខំប្រឹងដាំដុះដើម្បីទប់ទល់ជីវភាព

    spot_img

    ប៉ៃលិន៖ រហូតមកដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ គេសង្កេតឃើញប្រជាកសិករជា ច្រើននាក់ រស់នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ខេត្តប៉ៃលិន ស្ថិតក្នុងភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន បាននាំគ្នាម្នីម្នា ជម្រះស្មៅ និងបាញ់ថ្នាំប៉ូវ ដាក់អកម៉ូនបញ្ចេញផ្កាផ្លែ ដំណាំចម្ការរបស់ខ្លួន បន្ទាប់ពីផ្ទៃមេឃ បានបង្អុរភ្លៀងជាច្រើនមេកន្លងមក ជាហេតុធ្វើដំណាំរបស់ខ្លួនដុះលូតលា ស់យ៉ាងល្អ ហើយសង្ឃឹមថា ទិន្និផលនៅចុងឆ្នាំ២០២០នេះ នឹងទទួលបានជាទីគាប់ចិត្ត។

    បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ សុខ ភា ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកមើលថែចម្ការឱ្យបងប្អូន បានរៀបរាប់ឱ្យដឹងថា គាត់មានស្រុកកំណើតនៅខេត្តបាត់ដំបង ដោយមកស៊ីឈ្នួល ជម្រះស្មៅ បានរយ:ពេលជាងកន្លះខែហើយ។

    ប្រភពបន្តទៀតថា នៅក្នុងចម្ការក្បែរព្រំដែន ម្ចាស់មានដីទំហំជាង៤ហិកតា ដោយដាំដំណាំស្វាយកែវរមៀត ដំណាំចេកណាំវ៉ា (ចេកស) ល្ហុង និងតាង៉ែន ហៅមៀនប៉ៃលិនជាដើម ដោយជួលគាត់ឱ្យមកកាត់ និង ដុតស្មៅងាប់ៗ ដើម្បីឱ្យដំណាំទាំងនោះ ដុះលូតលាស់ល្អ ងាយស្រួលក្នុងការប្រមូលផល។

    ចំណែកបុរសម្នាក់ ឈ្មោះ អ៊ិន ថា អាយុ៤៥ឆ្នាំ រស់នៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខាមានដីចម្ការចំនួន៤ហិកតាដែរ នៅជាប់នឹងព្រំដែនកម្ពុជា-ថៃ បានដាំស្វាយកែវរមៀតជាង៤ឆ្នាំមកហើយ ក៏ដាំដំណាំធុរ៉េនជាង១ឆ្នាំដែរ កំពុងលូតលាស់យ៉ាងល្អ។

    គាត់បន្តទៀតថា ចំណែកដំណាំស្វាយ កំពុងតែបាញ់ថ្នាំអកម៉ូន (សាន) ដើម្បីបញ្ចេញផ្កា ផ្លែ បានផលបេះលក់នៅដើមឆ្នាំ២០២១ខាងមុខនេះ ខណ:ពួកគាត់មានសង្ឃឹម តែទៅលើចម្ការដំណាំប៉ុណ្ណោះ គ្មានមុខរបរអ្វីផ្សេងពីនេះ នោះទេ។

    ហើយទោះបីជាផ្លូវធ្វើដំណើរចេញពីក្រុងប៉ៃលិន ឆ្ពោះទៅដីចម្ការរបស់ខ្លួន មានការលំបាកបន្តិច ដោយសារឡើងភ្នំ ចុះភ្នំ ក៏នៅតែបន្តខិតខំប្រឹងប្រែង ដើម្បីជីវភាពប្រចាំថ្ងៃ។ បើសិនជាដំណាំ ទាំងអស់នេះ ឡើងថ្លៃបន្តិច គឺអាចនឹងប្រមូលផលលក់ សងជំពាក់បំណុលគេរួចរាល់ ហើយសល់ខ្លះសម្រាប់ទុកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ នៅក្នុងចម្ការគាត់ គឺមានដាំដំណាំចម្រុះ ព្រោះនឹកឃើញថា បើកសិផលមួយធ្លាក់ថ្លៃ កសិផលមួយទៀតឡើងថ្លៃ អាចប្រមូលផលលក់បានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាព។

    លោកបញ្ជាក់ថា ទោះបីជាមេឃមិនភ្លៀងនៅរដូវប្រាំង ក៏នៅតែអាចបូមទឹកអូរ ស្រោចស្រពដំណាំរបស់ខ្លួន ដោយមិនភ័យបារម្ភពីការខ្វះខាតទឹកប្រើប្រាស់នោះទេ ព្រោះទឹកអូរជាប់ព្រំដែនថៃនេះ ហូរខួបប្រាំងខួបវស្សា ធ្លាក់ចូលមកក្នុងទឹកដីខ្មែរ ឆ្ពោះទៅក្នុងក្រុងប៉ៃលិនតែម្តង។

    ចំណែកបុរសម្នាក់ ឈ្មោះ ហាន់ ក៏បានរៀបរាប់ឱ្យដឹងដែរថា ក្រៅពីដាំ ដំណាំ នៅលើដីរបស់ខ្លួន គាត់ក៏មានធ្វើខ្យុស សម្រាប់ទទួលភ្ញៀវទេសចរណ៍ ខណ:ពេលដែលធ្វើដំណើរទៅលេងជាលក្ខណ:គ្រួសារ ខណ:អ្នកខ្លះ ចុះងូតទឹកអូរដ៏ថ្លាឆ្វង់ បង្កើននូវកម្លាំងថាមពល និងបំបាត់នូវក្តីទុក្ខកង្វល់ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ និងឱកាសបុណ្យទានជាដើម។

    នៅថ្ងៃខាងមុខ ពេលមានការអភិវឌ្ឍផ្លូវក្រវ៉ាត់ព្រំដែន ខាងលោកសង្ឃឹមថា នឹងមានភ្ញៀវទេសចរណ៍ ចូលទៅលេងកម្សាន្តកន្លែង របស់ខ្លួនច្រើន ហើយអាចប្រកបរបរលក់ដូរ ម្ហូបអាហារដាច់កាក់កប ព្រោះមានទេសភាពព្រៃឈើខៀវខ្ចីគួរឱ្យចង់គយគន់ និងចូលទៅលេងទីនោះដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img