More

    ឯកអគ្គរដ្ធទូតទីម័រខាងកើត ជួបពិភាគ្សាការងារមួយចំនួន ជាមួយអភិបាលខេត្តព្រះសីហនុ

    spot_img

    ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ អភិបាលខេត្តព្រះសីហនុ សំម្តែងការគួរសម ជាមួយឯកឧត្តម អគ្គរដ្ធទូត នៃសាធារណះរដ្ធប្រជាធិបតេយ្យទីម័រខាងកើត។

    ឯកឧត្តម អើមុីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo kupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

    នៅក្នុងជំនួបពិភាក្សានាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើន នាពេលបច្ចុប្បន្ននេះ គឺក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា។ ក្នុងនោះសម្រាប់ខេត្តព្រះសីហនុ គឺជាខេត្តប៉ូលសេដ្ឋកិច្ចពហុបំណង ដ៏សំខាន់របស់ប្រទេសកម្ពុជា ព្រោះខេត្តមានសក្តានុពលជាច្រើន រួមមានវិស័យឧស្សាហកម្មពាណិជ្ជកម្ម និងទេស ចរណ៍។ល។ ខេត្តមានផ្លូវគោក ផ្លូវទឹក ផ្លូវ អាកាស ផ្លូវដែក និងមានកំពង់ផែអន្តរជាតិទឹកជ្រៅតែមួយគត់ របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្លាស់ប្ដូរទំនិញឆ្លងកាត់ទៅ កាន់បណ្ដាប្រទេសនៅទូទាំងពិភពលោក។ ទាំងអស់នេះហើយ ដែលធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័ស គួរឲ្យកត់សម្គាល់ និងបានផ្តល់លទ្ធភាព ឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិ មានភាពងាយស្រួលក្នុងការមកបណ្ដាក់ទុនរកស៊ី នៅក្នុងខេត្តព្រះសីហនុ។ ក្រៅពីនោះខេត្តក៏មានឆ្នេរសាច់សល្អស្អាត និងវែងជាងគេ ទាំងដីគោក និងនៅតាមតំបន់ឆ្នេរកោះ ដែលអាចទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិអន្តរជាតិ អ្នកវិនិយោគ មកបណ្ដាក់ទុន និងលំហែកំសាន្ត។

    ដោយមើលឃើញពីការអភិវឌ្ឍន៍ រីកចំរើនយ៉ាងឆាប់រហ័ស របស់ខេត្តព្រះសីហនុនេះហើយទើប ឯកឧត្តម អេមីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិប តេយ្យទីម័រខាងកើត បានមកធ្វើទស្សនកិច្ចស្វែង យល់អំពីសក្តានុពល និងការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ដែលធ្វើឱ្យមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

    ក្នុងនោះឯកឧត្តម ឯកអគ្គរដ្ឋទូត ទីម័រ ខាងកើត ក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សនេះ ទៅថ្ងៃអនាគតក្រុងព្រះសីហនុ នឹងក្លាយទៅជាទីក្រុងហុងកុងថ្មី របស់ប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថាទន្ទឹមនឹងការរីកចំរើន របស់ខេត្តព្រះសីហនុ ក៏មានបរទេសមួយ ចំនួនមិនសប្បាយចិត្ត និងបានធ្វើការចោទ ប្រកាន់ថា រដ្ឋាភិបាលចិនបានយកខេត្តព្រះសីហនុធ្វើជាមូលដ្ឋានយោធារបស់ខ្លួន ដែលការលើកឡើងទាំងនេះ មិនមែនជាការពិតនោះឡើយ ព្រោះឯកឧត្តមបានមកធ្វើទស្សនកិច្ច និងបានចុះទៅពិនិត្យដោយផ្ទាល់។ សូមបញ្ជាក់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងទីម័រខាងកើត គឺមានជាយូរមកហើយ ព្រោះប្រទេសទាំងពីរគឺមានសាវតាស្រដៀងគ្នា។

    ឯកឧត្តមអគ្គរដ្ឋទូត ក៏បានសំដែងការអរគុណចំពោះឥណ្ឌូចិន ដែលមានប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសចិន ដែលបានគាំទ្រឱ្យទីម័រខាងកើតផ្ដាច់ខ្លួន និងទាមទារបានឯករាជ្យដោយខ្លួនឯង ហើយប្រជាជនទីម័រខាងកើតមានមោទន ភាពជាខ្លាំងចំពោះប្រទេសកម្ពុជា ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំជោគ ជ័យមួយរូប ក្នុងការបង្រួបបង្រួមជាតិ ក្រោយពីប្រទេសកម្ពុជាមានវិបត្តិជាង ៣០ ឆ្នាំ ហើយសម្ដេចបានបង្រួបបង្រួមផ្សះផ្សារជាតិ រហូតធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនរហូត ដល់បច្ចុប្បន្ន។ ជាពិសេសសម្ដេចបាន ដឹកនាំប្រទេសឲ្យរួចផុតពី របបប្រល័យពូជសាសន៍ប៉ុលពត ដែលសម្លាប់ប្រជាជនស្លូតត្រង់ជាងបីលាននាក់ និងបានប្រែក្លាយមកជាប្រទេសមានកំណើនសេដ្ឋកិច្ចកើន ឡើង ៧ ភាគរយប្រចាំឆ្នាំគឺជាអច្ឆរិយៈមួយ ដែលប្រទេសទីម័រខាងកើតមានបំណងរៀនសូត្រពីប្រទេសកម្ពុជា ក្នុងការដឹកនាំឱ្យ ប្រទេសមានការ អភិវឌ្ឍន៍រីកចំរើនជាពិសេស ដូចនៅខេត្តព្រះសីហនុនេះផងដែរ៕ រូបភាព និងអត្ថបទ៖ អួន ប្រុស

     

    spot_img

    អត្ថបទទាក់ទង

    spot_img