
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានម៉ូតូសង្កត់ពីលើ ឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម សង្ស័យជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន បណ្តាលឲ្យរេចង្កូចធ្លាក់ ចូលប្រឡាយកាយដាក់លូដីឡូត៍មួយកន្លែង បង្កឲ្យមានកាលភ្ញាក់ផ្អើលពីវេលាម៉ោង១២យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែសីហាឆ្នាំ ២០២០នៅតាមចំណុចប្រឡាយលូដីឡូត៍ មួយកន្លែង តាមបណ្ដោយផ្លូវបេតុង ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពពីបុរសម្នាក់បានប្រាប់ឲ្យដឹងថា មុនកើតហេតុមានកម្មករដែលធ្វើរបងនៅចំណុចដីឡូត៍ កើតហេតុខាងលើ បានឃើញបុរសម្នាក់ជិះម៉ូតូហុងដាវ៉េវមួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1B-4299ធ្វើដំណើរទៅដៅ ពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវងងឹតផងបានរេចង្កូចមកខាងស្តាំដៃ ធ្លាក់មកចិញ្ចើមផ្លូវជាង២០ ម៉ែត្របណ្តាលឲ្យដួលចូលប្រឡាយកាយសំរាប់ដាក់លូ ត្រូវម៉ូតូសង្កត់ពីលើឈ្លក់ទឹកស្លាប់ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ប្រភពដដែលបានបន្តទៀតថា ក្រោយពីឃើញហេតុការណ៍នេះ ពួកគេក៏នាំគ្នាបានរាយការណ៍ប្រាប់ទៅម្ចាស់ដី បន្ទាប់មកម្ចាស់ដីក៏បានរាយការណ៍បន្ត ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
ក្រោយមកសមត្ថកិច្ច បានចុះមកដល់រូចធ្វើការហ៊ុព័ទ្ធ នៅចំណុចទីតាំងកើតហេតុខាងលើ។ចំពោះករណីខាងលើនេះ មិនទាន់ដឹងថាជាករណីអ្វីឲ្យពិតប្រាកដនោះទេ។ រងចាំសមត្ថកិច្ចជំនាញ ចុះមកកោសល្យវិច័យ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវ រកសាច់ញាតិមកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល